ទៅជា​មួយ​ព្រះអង្គ

នាងរស់ ១:៦-៧

ដ្បិត​កន្លែងណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅតាម​។ នាងរស់ ១:១៦

ក្នុង​ខ្សែ​ភាពយន្ត​មាន​ចំណង​ជើង​ថា អ្នក​ដឹក​ជញ្ជូន ជា​ខ្សែ​ភាពយន្ត​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​រឿង​ពិត លោក​ក្រេវីល(Greville) ជា​តួឯក​កំពុង​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ​។ គាត់​ដឹង​ថា មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​ម្នាក់​នឹង​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​ទំនងជា​ប្រឈម​មុខ​ដាក់​ការ​ជាប់គុក​ដ៏​វេទនា​។ លោក​គ្រេវីល​​អាច​ជួយ​ខ្លួនឯង មិន​ឲ្យ​ជួប​ជោគវាសនា​ដូច​នេះ​ បើសិន​ជា​គាត់​រត់ចោល​ស្រុក​ភ្លាមៗ ហើយ​បដិសេធន៍​ថា គាត់​មិន​មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​មិត្ត​ភក្តិ​របស់​គាត់​។ ដោយ​ក្តី​អាណិត និង​ចិត្ត​ស្មោះ​ត្រង់ លោក​ក្រេវីល​ក៏​បាន​បដិសេធ​មិន​ព្រម​រត់ចោល​ស្រុក ហើយក៏​បាន​ជាប់គុក ដោយ​ទទួលរង​ទុក្ខ​វេទនា​ដូច​មិត្ត​ភក្តិ​របស់​គាត់​ដែរ​។ ពួកគេ​មិន​បាន​ក្បត់​គ្នា​ឡើយ​។ នៅ​ចុង​បញ្ចប់ គេ​ក៏​បាន​ដោះ​លែង​លោក​ក្រេវីល ដោយ​រូបកាយ​ដ៏​គ្រាំគ្រា តែ​ក្នុង​នាម​ជា​មិត្តសំឡាញ់​ពិត​ប្រាកដ និង​ស្មោះ​ត្រង់​។

នាង​ណាអូមី ក៏​ត្រូវ​ការ​មិត្តសំឡាញ់​ដូច​នេះ​ផង​ដែរ​។ កាល​ស្វាមី និង​កូន​ប្រុស​គាត់​បាន​ស្លាប់​ចោល​គាត់​អស់ គាត់​បាន​ជួប​ភាព​ទុរគត ហើយ​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​ស្រុក​កំណើត​របស់​គាត់​។ នាង​ណាអូមី​ក៏បាន​ប្រាប់​នាងរស់ ជា​កូន​ប្រសារ​ស្រី​របស់​គាត់ ឲ្យ​បន្ត​រស់នៅ​ក្នុង​ស្រុក​ម៉ូ​អាប់ ហើយ​កសាង​ជីវិត​ថ្មី សម្រាប់​ខ្លួនឯង(នាងរស់ ១:៨-៩)។ នាងរស់​ក៏​បាន​ឆ្លើយ​តប​ថា “សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ នឹង​វិល​ទៅវិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែងណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅតាម”(ខ.១៦)។ នាងរស់​ក៏បាន​រួម​ដំណើរ​ជា​មួយ​នាង​ណាអូមី ទៅ​ទឹកដី​បរទេស ហើយ​ក៏​បាន​ជួយ​ផ្គត់ផ្គង់​គាត់​។ ភាព​ស្មោះ​ត្រង់​របស់​នាងរស់ បាន​កែ​ប្រែ​គ្រួសារ​ដ៏​ត្រដាបត្រដួស​របស់​ពួកគេ ឲ្យ​ក្លាយ​ជា​កេរ​ដំណែល​ដ៏​អស្ចារ្យ​។ ជា​ច្រើន​ឆ្នាំ​ក្រោយមក ស្តេច​ដាវីឌ ដែល​ជា​ចៅលួត​របស់​នាងរស់ ក៏បាន​ក្លាយ​ជា​ស្តេច​របស់​សាសន៍​អ៊ីស្រាអែល ហើយ​គេ​បាន​ហៅ​គាត់​ថា មនុស្ស​ដែល​ត្រូវ​នឹង​ព្រះទ័យ​របស់​ព្រះ​។

ការ​ប្រឈម​មុខ​ដាក់​ទុក្ខ​វេទនា​ជាមួយ​អ្នក​ដទៃ គឺជា​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​។ ប៉ុន្តែ បើ​យើង​បាន​លះបង់​បំណង​ចិត្ត​របស់​យើង ហើយ​ស្វែងរក​កម្លាំង​មកពី​ព្រះ ព្រះ​អង្គ​នឹង​ជួយ​យើង​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ តាម​របៀប​ដ៏​អស្ចារ្យ​។ ដោយ​អំណាច​របស់​ព្រះអង្គ យើង​អាច​សម្រេច​ចិត្ត​និយាយ​ថា “ព្រះ​អង្គ​ឲ្យ​ទូល​បង្គំ​ទៅ​កន្លែងណា ទូល​បង្គំ​នឹង​ទៅជា​មួយ​ព្រះអង្គ”។—Karen Pimpo

នៅ​ក្បែរ​អ្នក មាន​នរណា​ខ្លះ​ដែល​កំពុង​ដើរ​តាម​ផ្លូវ​ដ៏​ពិបាក? តើ​អ្នក​អាច​សម្រេច​ចិត្ត​ដើរ​ទន្ទឹម​នឹង​ពួកគេ ដោយ​របៀបណា?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះអង្គ​មិន​ដែល​បោះបង់​ចោល​ទូល​បង្គំ​ឡើយ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សំាំយ៉ូអែល ២៧-២៩ និង លូកា ១៣:‌១-២២

More articles