«កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយក៏មានព្រះបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ» (យ៉ូហាន ១៩:៣០)។
ហេតុការណ៍នៅជុំវិញការសុគតរបស់ព្រះយេស៊ូវភាគច្រើនបានប្រព្រឹត្តទៅជាធម្មតា ក្រោមការគ្រប់គ្រងរបស់ចក្រភពរ៉ូម៉ាំង។ ការកាត់ទោស ការធ្វើទារុណកម្ម និងដំណើរការនៃការបន្ទាបបន្ថោក និងការឆ្កាងសម្លាប់ដ៏ឈឺចាប់ សុទ្ធតែជាផ្នែកមួយនៃការងារដែលពួកទាហានធ្វើជាធម្មតា ក្នុងការកាត់ទោសប្រហារជីវិតជនជាប់ចោទ។ ប៉ុន្តែ អ្វីដែលមិនធម្មតានោះគឺ ភាពងងឹតដែលបានគ្របដណ្ដប់មកលើព្រឹត្តិការណ៍នោះទាំងមូលក្នុងពេលកណ្ដាលថ្ងៃត្រង់ (ម៉ាថាយ ២៧:៤៥) គឺហាក់ដូចជាព្រះវរបិតាបានបិទព្រះនេត្រ នៅចំពោះមុខនៃហេតុការណ៍ដ៏សោកសៅនេះ។ នេះជាការកាត់ទោសប្រហារជីវិតដែលគេបានធ្វើជាធម្មតា តែជាចំណុចរបត់ធំបំផុតក្នុងពេលអស់កល្បជានិច្ច។ ព្រឹត្តិការណ៍នេះសំខាន់បំផុត គឺដោយសារអត្តសញ្ញាណនៃបុរសដែលជាប់នៅលើឈើឆ្កាង៖ ដែលគ្មាននរណា ក្រៅពីព្រះដែលបានយកកំណើតជាមនុស្សនោះទេ។ គំនិតយើងមិនគួរឈប់ស្ញប់ស្ញែង ចំពោះសេចក្តីពិតដែលថា៖
ចូរឲ្យព្រះអាទិត្យបាំងបាត់រស្មី
ហើយមិនបញ្ចេញពន្លឺដ៏រុងរឿងរបស់វា
នៅពេលដែលព្រះគ្រីស្ទ ជាព្រះអាទិករដ៏មានចេស្ដា បានសុគត
ដើម្បីលោះមនុស្សជាស្នាព្រះហស្តឲ្យរួចពីបាប1។
ព្រះគម្ពីរប៊ីបមិនបាននិយាយសង្កត់ធ្ងន់ច្រើនអំពីការរងទុក្ខផ្លូវកាយរបស់ព្រះគ្រីស្ទ នៅលើឈើឆ្កាងទេ។ ព្រះអង្គពិតជាមានការឈឺចាប់ផ្លូវកាយយ៉ាងសោកសៅបំផុត ប៉ុន្តែការរងទុក្ខផ្លូវកាយរបស់ព្រះអង្គ មិនអាចប្រៀបផ្ទឹមនឹងការរងទុក្ខនៃវិញ្ញាណរបស់ព្រះអង្គបានទេ2។ ព្រះយេស៊ូវបានឆ្លងកាត់ការឈឺចាប់ និងទុក្ខវេទនា នៃការដាច់ចេញពីទំនាក់ទំនងជាមួយព្រះវរបិតាទាំងខាងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណ។ ទោះអ្នកជួបបញ្ហាអ្វីក៏ដោយក្នុងជីវិតអ្នក ចូរចាំថា ព្រះយេស៊ូវបានឆ្លងកាត់ទុក្ខលំបាកលើសអ្នក ហេតុនេះហើយ ព្រះអង្គយល់អារម្មណ៍របស់អ្នក។ មិនតែប៉ុណ្ណោះ ទុក្ខវេទនាហួសថ្លែង ដែលព្រះអង្គបានរងទុក្ខ គឺដើម្បីអ្នក។ ទាល់តែដល់ពេលកំណត់ ទើបព្រះគ្រីស្ទក៏បានប្រកាសជ័យជម្នះថា «ការស្រេចហើយ» tetelestai ដែលមានន័យថា បំណុលបានសងរួចរាល់ហើយ។
គេច្រើនតែបង្ហាញរូបភាពនៃការជាប់ឆ្កាងរបស់ព្រះគ្រីស្ទក្នុងរូបគំនូរ ដោយឲ្យរូបឈើឆ្កាងឈរនៅក្នុងកម្ពស់ខ្ពស់ត្រដែតផុតក្បាលហ្វូងមនុស្សដែលឈរនៅខាងក្រោម។ តាមពិត នៅពេលដែលគេដាំឈើឆ្កាងជាប់នឹងដី ព្រះបាទព្រះអង្គមិននៅឆ្ងាយពីដីប៉ុន្មានទេ។ ដូចគ្នានេះដែរ ព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ មិនឈរនៅខ្ពស់ហួស តែនៅជិតជីវិតយើង។ ទេ! ការសុគតរបស់ព្រះយេស៊ូវមិនមែនជាការស្លាប់ធម្មតាទេ តែផ្ទុយទៅវិញ ជាការស្លាប់ដែលសន្យាថា នឹងផ្តល់ឲ្យនូវជីវិតពិតដោយសារសេចក្តីជំនឿ។ អ្វីៗមានការផ្លាស់ប្ដូរ ពេលណាយើងពិចារណា អំពីអ្វីៗទាំងអស់ដែលកើតឡើងនៅលើឈើឆ្កាង ហើយប្រាប់ខ្លួនឯងថា៖
ព្រះអង្គបានរងរបួសដើម្បីខ្ញុំ ដើម្បីខ្ញុំ
នៅលើឈើឆ្កាង ព្រះអង្គបានរងរបួស ដើម្បីខ្ញុំ
ទោសរបស់ខ្ញុំបានរលាយបាត់ ហើយពេលនេះ ខ្ញុំមានសេរីភាព
គឺសុទ្ធតែដោយសារព្រះយេស៊ូវបានរងរបួស ដើម្បីខ្ញុំ3។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ២២:៧-២០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ២៥ និង វិវរណៈ ៣
1លោក Isaac Watts, “Alas! and Did My Savior Bleed?” (ឆ្នាំ១៧០៧)។
2លោក George Swinnock, “The Christian Man’s Calling,” in The Works of George Swinnock, M.A. (លោក James Nichol, ឆ្នាំ១៨៦៨), ភាគ១, ទំព័រ១៩៤។
3លោក W.G. Ovens, “Wounded for Me” (ឆ្នាំ១៩៣១)។