បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង។ យ៉ូហាន ១២:២៤
នៅពេលដែលលោក ផ្យូដូរ ដូសតូស្គី(Fyodor Dostoevsky) ប្រឈមមុខដាក់ការប្រហារជីវិត ដោយការបាញ់សម្លាប់ គាត់ក៏បានជញ្ជឹងគិតយ៉ាងស្ងាត់ស្ងៀម អំពីពេលចុងក្រោយនៃជីវិតគាត់។ លោកដូសតូស្គី ជាអ្នកជឿព្រះយេស៊ូវ ស្ថិតក្នុងចំណោមអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញបំផុត ក្នុងវិស័យអក្សរសាស្រ្ត។ រឿងប្រលោមលោកដ៏ល្បីល្បាញរបស់គាត់ មានចំណងជើងថា បងប្អូនត្រកូលការ៉ាម៉ាហ្សូវ(Karamazov) មានខ្លឹមសារដែលនិយាយអំពីព្រះ ជីវិត និងសេចក្តីស្លាប់។ គេបានលើកឡើងអំពីលោកដូសតូស្គីថា “គាត់បាននិយាយអំពីព្រះគ្រីស្ទ ដោយចិត្តឆេះឆួលយ៉ាងខ្លាំង”។ ពេលប្រហារជីវិតបានមកដល់ ពួកទាហានក៏បានលើកកាំភ្លើងតម្រង់ទៅរកគាត់ ដើម្បីត្រៀមបាញ់សម្លាប់គាត់ តាមបង្គាប់របស់មេបញ្ជាការ។
មុនពេលព្រះយេស៊ូវជិតដល់ពេលសុគត ព្រះអង្គបានមានបន្ទូលទៅកាន់ពួកសិស្ស ក៏ដូចជាយើងរាល់គ្នា អំពីតម្លៃដ៏អស់កល្បនៃជីវិត និងសេចក្តីស្លាប់ គឺដូចដែលព្រះអង្គមានបន្ទូលថា “កំណត់ដែលកូនមនុស្សត្រូវដំកើងឡើង បានមកដល់ហើយ”(យ៉ូហាន ១២:២៣)។ ព្រះអង្គក៏បានមានបន្ទូលអំពីជីវិតរបស់យើង គឺជាគ្រាប់ពូជ ដែលបង្កើតផលផ្លែជាបរិបូរ តាមរយៈការលះបង់ផ្ទាល់ខ្លួន(ខ.២៤)។ ព្រះយេស៊ូវបានប្រាប់យើង មិនឲ្យស្រឡាញ់ជីវិតនេះខ្លាំងពេកទេ ព្រោះមានតែអ្នកដែលស្ម័គ្រចិត្តលះបង់ជីវិតក្នុងពេលបច្ចុប្បន្នទេ ដែលនឹងរកឃើញ “ជីវិតអស់កល្បជានិច្ច”(ខ.២៥)។
ដើម្បីធ្វើជាសិស្សរបស់ព្រះអង្គ យើងត្រូវមានការលះបង់។ តែយើងអាចរកឃើញក្តីសង្ឃឹមរបស់យើង ក្នុងព្រះបន្ទូលដែលថា “បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ”(ខ.២៦)។
លោកផ្យូដូរបានប្រឈមមុខដាក់សេចក្តីស្លាប់ ដោយចិត្តក្លាហាន។ ប៉ុន្តែ មានគេនាំព្រះរាជសាររបស់ស្តេចមក នៅវិនាទីចុងក្រោយ ដើម្បីបញ្ឈប់ការប្រហារជីវិត។ គាត់ក៏បានរួចពីទោសប្រហារជីវិត។ ប៉ុន្តែ បទពិសោធន៍នៅពេលនោះ បានបណ្តាលចិត្តគាត់ឲ្យនិពន្ធសៀវភៅនៅពេលក្រោយទៀត។ ជាការពិតណាស់ នៅក្នុងទំព័រដំបូងនៃរឿងប្រលោកលោករបស់គាត់ មានចំណងជើងថា បងប្អូនត្រកូលការ៉ាម៉ាហ្សូវ គាត់បានដាក់ខគម្ពីរយ៉ូហាន ១២:២៤ ដែលចែងថា “បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង”។—Kenneth Petersen
តើជំនឿរបស់អ្នក មានឥទ្ធិពលយ៉ាងណាខ្លះ មកលើការគិតរបស់អ្នក អំពីជីវិត និងសេចក្តីស្លាប់? តើអ្នកមានក្តីអំណរយ៉ាងណា ចំពោះពេលអនាគត?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យទទួលយកបញ្ហាប្រឈម ក្នុងការរស់នៅជាសិស្សរបស់ព្រះអង្គ ហើយយល់អត្ថន័យនៃជីវិត តាមរយៈសេចក្តីស្លាប់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១-២ និង លូកា ១៤:១-២៤