«នោះ ម៉ារា-ម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់» (យ៉ូហាន ២០:១៨)។
តើមានអ្វីកែប្រែការភ័យខ្លាចឲ្យក្លាយជាសេចក្តីជំនឿ?
បន្ទាប់ពីព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ពួកសាវ័កស្ថិតក្នុងភាពជ្រួលច្របល់ បាក់ទឹកចិត្ត ហើយក៏បានប្រមូលផ្តុំគ្នាដោយភ័យខ្លាចមានការបៀតបៀន។ យូដាស ជាសាវ័កដែលបានស្លាប់ដោយសារការសម្លាប់ខ្លួនរួចទៅហើយ។ សាវ័កម្នាក់ទៀត គឺលោក ពេត្រុស បានខិតខំលាក់បាំងអត្តសញ្ញាណ ដោយសារទទួលរងសម្ពាធ ហើយក៏បានបដិសេធន៍ព្រះយេស៊ូវជាអ្នកដឹកនាំ និងគ្រូរបស់គាត់ដែលពួកគេខ្លះទៀតបានឃើញព្រះអង្គត្រូវគេធ្វើគុតយ៉ាងព្រៃផ្សៃ។ ក្តីសង្ឃឹម និងក្តីស្រមៃរបស់ពួកគេ ហាក់ដូចជាបានរលាយបាត់បង់ជាមួយការសុគតរបស់ព្រះអង្គ។ តែមួយសប្ដាហ៍ក្រោយមក ក្រុមដែលបាក់ទឹកចិត្តដដែលនេះក៏បានចេញទៅតាមផ្លូវនៅទីក្រុងយេរូសាឡឹម ប្រកាសអំពីព្រះយេស៊ូវដោយចិត្តក្លាហានថា ព្រះអង្គជាព្រះមេស្ស៊ីដែលមានព្រះជន្មរស់ឡើងវិញហើយ។ តើមានកត្តាអ្វីដែលបានកែប្រែពួកប្រុសៗទាំងនេះពីមនុស្សដែលមានការភ័យខ្លាចទៅជាមានជំនឿដោយចិត្តក្លាហាន? តើធ្វើដូចម្ដេចឲ្យយើងអាចមានការផ្លាស់ប្រែដូចពួកគេបាន? គឺមានតែព្រះយេស៊ូវដែលមានព្រះជន្មរស់ឡើងវិញទេ ដែលអាចជួយបាន។
ដោយសារពួកសាវ័កមានប្រវត្តិជាសាសន៍យូដាបានជាពួកគេជឿថា ព្រះមេស្ស៊ីនឹងលេចឡើង ហើយគង់នៅជារៀងរហូត។ ពីដំបូង ការមានជំនឿដូចនេះបានកណ្ដាលឲ្យពួកគេមានការខកចិត្តយ៉ាងខ្លាំង ដោយសារការសុគតរបស់ព្រះយេស៊ូវ ព្រោះការសុគតរបស់ព្រះអង្គ ហាក់ដូចជាបញ្ជាក់អំពីបរាជ័យ ជាជាងជ័យជម្នះដ៏រុងរឿង។ ការផ្លាស់ប្ដូររបស់ពួកគេពីការប្រកាសដោយទំនុកចិត្តថា ព្រះយេស៊ូវជាព្រះមេស្ស៊ី បន្ទាប់ពីព្រះអង្គបានសុគត គឺអាចកណ្ដាលមកពីមូលហេតុតែមួយប៉ុណ្ណោះគឺ៖ ពួកគេប្រាកដជាបានឃើញព្រះយេស៊ូវដែលមានព្រះជន្មរស់ឡើងវិញ។ បើពួកគេមិនបានឃើញព្រះអង្គទេ នោះពួកគេប្រាកដជាគ្រាន់តែនឹកចាំដោយក្តីស្រឡាញ់ និងចិត្តជូរល្វីងថា ព្រះអង្គជាគ្រូជាទីស្រឡាញ់របស់ពួកគេប៉ុណ្ណោះ។ តើមានការអត់ទោស និងក្តីសង្ឃឹមអ្វីដែលគេអាចទទួលបានពីមនុស្សដែលស្លាប់ហើយ? ប៉ុន្តែ ដោយសារព្រះអង្គជាព្រះមេស្ស៊ីដែលមានព្រះជន្មរស់ឡើងវិញ នោះអ្វីៗក៏បានផ្លាស់ប្ដូរ ក្នុងរយៈពេលដ៏ខ្លី។
ព្រះគម្ពីរបានចែងអំពីពេលដែលពួកសាវ័កបានជួបព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ (ឧទាហរណ៍៖ យ៉ូហាន ២០:១១-២១:២៣)។ អ្នកខ្លះបានប្រកែកថា ពួកសាវ័កមានការរវើរវាយដោយសារការមានជំនឿស៊ុបពេកនាំឲ្យពួកគេស្រមើស្រមៃឃើញព្រះអង្គ។ ប៉ុន្តែ សូមចាំថា ពីដំបូងពួកគេមិនជឿថា ព្រះអង្គមានព្រះជន្មរស់ឡើងវិញទេ។ តាមពិត ព្រះគម្ពីរបានចែងថា ពួកគេបាននៅផ្តុំគ្នាក្នុងផ្ទះដែលមានទ្វារចាក់សោជាប់ដោយការភ័យខ្លាច និងការខកចិត្ត (២០:១៩)។ ហើយទោះពួកគេបានស្រមៃថា ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ហើយគ្រងរាជ្យ ក៏ពួកគេមិនទំនងជាស្រមៃឃើញព្រះអង្គដុតត្រីសោយ ជាមួយពួកគេនៅលើឆ្នេរខ្សាច់ដោយព្រះអង្គនៅមានស្នាមសម្លាកនៅសល់ពីការសុគតដ៏សាហាវ ហើយក៏យាងតាមផ្លូវ និងជួបពួកគេតាមរបៀបជាច្រើនដែរ។ ពួកគេក៏មិនបង្ហាញឲ្យគេដឹងថា ពួកគេមានភាពកំសាកយ៉ាងដូចនេះ ឬរាប់បញ្ចូលការរាយការណ៍របស់ពួកស្ត្រី (គេមិនឲ្យតម្លៃមកលើទីបន្ទាល់របស់ស្ត្រី ក្នុងវប្បធម៌នោះឡើយ)។ ផ្ទុយទៅវិញ ពួកគេបានបង្ហាញឲ្យគេដឹងថា ពួកគេជាមនុស្សក្លាហាន និងលេចធ្លោ ដែលបានឃើញផ្នូរព្រះអង្គនៅទទេមុនអ្នកផ្សេង។ ជម្រើសផ្សេងទៀត សម្រាប់ការបកស្រាយអំពីផ្នូរដែលនៅទទេទាមទារឲ្យយើងមាន «ជំនឿ» លើសការទុកចិត្តលើអ្វីដែលបានបង្ហាញដល់យើងក្នុងព្រះបន្ទូលព្រះ។
ការមានព្រះជន្មរស់ឡើងវិញបានផ្លាស់ប្ដូរពួកគេទាំងស្រុង។ យើងត្រូវតែពិចារណាអំពីការពិតជុំវិញការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ ប៉ុន្តែយើងក៏ត្រូវតែពិចារណាអំពីដំណឹងល្អដ៏រុងរឿង ដែលទទួលបានពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ បើព្រះយេស៊ូវមិនមានព្រះជន្មរស់ឡើងវិញពិតប្រាកដទេ នោះជំនឿលើព្រះគ្រីស្ទក៏គ្មានតម្លៃដែរ «នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ» (១កូរិនថូស ១៥:៧)។ ប៉ុន្តែ ដោយសារព្រះយេស៊ូវពិតជាមានព្រះជន្មរស់ឡើងវិញ និងពិតជាកំពុងសោយរាជ្យមែន នោះក្នុងព្រះអង្គ យើងមានការអត់ទោសបាបដែលមិនអាចរកបានពីអ្នកផ្សេង ហើយក្នុងព្រះអង្គ ក៏មានពេលអនាគតពេញដោយក្តីសង្ឃឹម គ្មានអ្វីអាចប្រៀបផ្ទឹមបាន។ តើអ្នកបានមើលឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ និងគ្រងរាជ្យ តាមរយៈភ្នែកនៃជំនឿរបស់អ្នកទេ? បើដូច្នោះមែន នោះអ្នកមិនខុសពីនាងម៉ារា និងពួកសាវ័ក ដោយអ្នកនឹងបានឃើញការភ័យខ្លាចពេញដោយការសង្ស័យ ប្រែក្លាយជាការទុកចិត្ត ខណៈពេលដែលអ្នកប្រកាសអំពីក្តីសង្ឃឹមនេះដល់ចិត្តអ្នក និងលោកីយ៍ដែលកំពុងមានការភ័យខ្លាច។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ២០:១-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ២៦-២៧ និងវិវរណៈ ៤