ប្រែ​ពី​ទំនួញ​ទៅជា​ការ​សរសើរ​ដំកើង

លូកា ២៣:៣២-៣៤,៣៩-៤៣

រួច​អ្នក​នោះ​ទូល​ព្រះយេស៊ូវ​ថា ព្រះអម្ចាស់​អើយ កាលណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង​។ លូកា ២៣:៤២

មាន​រឿង​និទាន​ជា​ច្រើន ដែល​បាន​និយាយ​អំពី​ដើម​កំណើត​នៃ​ឈ្មោះ​របស់​ផ្កា​ដ៏​ស្រស់​ស្អាត ដែល​មាន​ត្របក៥​។ ក្នុង​ចំណោម​រឿង​ទាំង​នោះ មាន​រឿង​មួយ​ដែល​ជនជាតិ​អាឡឺម៉ង់​បាន​និយាយ​ត​គ្នា តាំងពី​យូរ​មក​ហើយ​។ រឿង​នោះ​បាន​ដំណាល​ថា នៅពេល​ដែល​ព្រះ​ដាក់​ឈ្មោះ​ឲ្យ​ផ្កា​នីមួយៗ​ដែល​ព្រះអង្គ​បាន​បង្កើត មាន​ផ្កា​តូច​មួយ មាន​ការ​បារម្ភ​ថា ព្រះអង្គ​នឹង​ភ្លេច​វា​។ ដូច​នេះ ផ្កា​នោះ​ក៏បាន​ស្រែក​ឡើង​ថា “ព្រះ​អម្ចាស់​អើយ សូម​កុំ​ភ្លេច​ទូល​បង្គំ”។ ហើយ​គេ​ក៏បាន​ដាក់​ឈ្មោះ​ឲ្យ​វា​ថា “កុំ​ភ្លេច​ទូល​បង្គំ” តាំងពី​ពេល​នោះ​មក​។

​នេះ​គ្រាន់តែ​ជា​រឿង​និទាន ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ផ្កា​​មួយ​នេះ​បាន​ក្លាយ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់ និង​ការ​នឹក​ចាំ​។ យើង​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​មាន​អារម្មណ៍​ថា គេ​ភ្លេច​យើង​។ បំណង​ចិត្ត​ពិត​ប្រាកដ​ក្នុង​ចិត្ត​របស់​យើង គឺ​ចង់​ឲ្យ​គេ​នឹក​ចាំ​អំពី​យើង ជា​ពិសេស​ចង់​ឲ្យ​ព្រះ​នឹក​ចាំ​យើង​។ យើង​អាច​រក​ឃើញ​រឿង​នេះ នៅ​ក្នុង​បទ​គម្ពីរ​ដែល​បាន​ចែង​អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ នៅ​លើ​ឈើ​ឆ្កាង​។ កណ្ឌ​គម្ពីរ​លូកា​បាន​ប្រាប់​យើង​ថា “គេ​ក៏​នាំ​ចោរ​កំណាច២នាក់ ទៅ​សំឡាប់​ជាមួយនឹង​ទ្រង់​ដែរ”(២៣:៣២)។ ខណៈ​ពេល​ដែល​ចោរ​ទាំង​ពីរ​កំពុង​ជាប់​ឆ្កាង​នៅ​សងខាង​ព្រះយេស៊ូវ ចោរ​ម្នាក់​ក៏​បាន​ដឹង​​ភ្លាម​ៗថា​ ព្រះអង្គ​ជា​នរណា​។ គាត់​ទូល​ព្រះ​អង្គ​ថា “ព្រះ‌​អម្ចាស់​អើយ កាលណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង”(ខ.៤២)។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប តាម​របៀប​ដែលគេ​មិន​អាច​ភ្លេច​បាន​ថា “ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន​​​បរម​សុខ​ជាមួយនឹង​ខ្ញុំ​ដែរ”(ខ.៤៣)។

ពេល​នោះ​ជា​ពេល​ដ៏​អស្ចារ្យ​ណាស់! ក្នុង​ពេល​ដែល​ខ្មៅ​ងងឹត​បំផុត ចោរ​នោះ​ក៏​បាន​ដឹង​ថា ការ​ដែល​ព្រះរាជបុត្រា​នៃ​ព្រះ​នឹក​ចាំ​អំពី​គាត់ មានន័យ​យ៉ាងណា​ចំពោះ​គាត់​។

ព្រះអង្គ​ក៏​នឹក​ចាំ​ពី​យើង ក្នុង​ពេល​ដែល​យើង​ពិបាក​បំផុត​ផង​ដែរ​។ ព្រះ​ដែល​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង បានជា​ព្រះអង្គ​សុគត​ជំនួស​យើង ព្រះអង្គ​មិន​ដែល​ភ្លេច​យើង​ឡើយ​។—Bill Crowder

តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះអង្គ​បាន​ភ្លេច​អ្នក នៅ​ពេលណា? តើ​អ្នក​នឹង​ងាក​​ទៅ​រក​ព្រះយេស៊ូវ​នៅ​ថ្ងៃ​នេះ
ហើយ​អនុញ្ញាត​​ឲ្យ​ព្រះ​អង្គ​កែ​ប្រែ​ទំនួញ​របស់​អ្នក​ក្លាយ​ជា​ការ​សរសើរ​ដំកើង ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ក្នុង​ពេល​ដែល​ទូល​បង្គំ​មាន​អារម្មណ៍​ថា ព្រះ​អង្គ​ភ្លេច​ទូល​បង្គំ សូម​ព្រះ​អង្គ​ជួយ​ទូលបង្គំ​ឲ្យ​​ចាំ​ថា
ព្រះអង្គ​តែងតែ​គង់នៅ​ក្បែរ​ទូល​បង្គំ​ដោយ​សេចក្តី​ស្រឡាញ់ ជានិច្ច ហើយ​សូម​ព្រះអង្គ​លើក​ទឹក​ចិត្ត​ទូល​បង្គំ ដោយ​ព្រះគុណ​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៣-៥ និង លូកា ១៤:២៥-៣៥

More articles