«ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំមិនមែនឆ្មើងឆ្មៃ ហើយភ្នែកទូលបង្គំក៏មិនប្រកាន់យស ទូលបង្គំមិនយកចិត្តទុកដាក់ក្នុងការដ៏ធំ ឬក្នុងដំណើរដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ ទូលបង្គំបានរំងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេចដូចជាក្មេងដែលម្តាយបានផ្តាច់ដោះឲ្យ គឺដូចជាក្មេងដែលលែងដោះនៅជាមួយនឹងម្តាយ អើ ព្រលឹងនៅក្នុងខ្លួនទូលបង្គំប្រៀបដូចជាកូនដែលលែងដោះហើយ» (ទំនុកតម្កើង ១៣១:១-២)។
ដំណើរការនៃការផ្តាច់ដោះកូនអាចមានការពិបាក ប៉ុន្តែវាមានភាពចាំបាច់ចំពោះការលូតលាស់ និងភាពពេញវ័យ។ ក្នុងវប្បធម៌លោកខាងលិចសព្វថ្ងៃនេះ ការផ្តាច់ដោះកូនត្រូវបានធ្វើឡើងមុនពេលដែលក្មេងចាប់ផ្ដើមបង្ហាញបុគ្គលិកលក្ខណៈរបស់ពួកគេ។ នៅពេលដែលបទគម្ពីរទំនុកតម្កើងនេះត្រូវបាននិពន្ធឡើង ការផ្តាច់ដោះកូនកើតមានក្នុងពេលដែលក្មេងមានអាយុច្រើនជាងនេះ គឺប្រហែលអាយុ៣ឆ្នាំ។ ការផ្តាច់ដោះអាចនាំឲ្យក្មេងមានការលំបាកដោយការភាន់ភាំង ដោយសារពួកគេត្រូវរៀនបរិភោគអាហារថ្មី។ ប៉ុន្តែ បន្ទាប់ពីផ្តាច់ដោះហើយក្មេងតូចនឹង «មានអារម្មណ៍ស្ងប់» ដោយពួកគេដឹងថា អាហារនឹងនៅតែមានសម្រាប់ពួកគេ ហើយពួកគេអាចអរសប្បាយ និងឲ្យតម្លៃមកលើការចំណាយពេលវេលាជាមួយម្តាយខ្លួន គឺមិនមែនចំណាយពេលជាមួយគ្នា ដើម្បីឲ្យបានអ្វីផ្សេងនោះទេ។ មិនតែប៉ុណ្ណោះ ក្មេងដែលផ្តាច់ដោះហើយនឹងបានដឹងថា ម្តាយរបស់ពួកគេមានការយល់ដឹងល្អបំផុត សូម្បីតែនៅពេលដែលពួកគេមិនមានភាពស្រណុកស្រួល ហើយមិនយល់អំពីការសម្រេចចិត្តរបស់ម្តាយខ្លួន ដោយសារពួកគេទើបតែមានអាយុ៣ឆ្នាំក៏ដោយ។
ក្នុងនាមយើងជាកូនក្មេងខាងវិញ្ញាណដែលមិនខុសពីក្មេងផ្តាច់ដោះ យើងក៏ចាំបាច់ត្រូវទទួលស្គាល់ថា យើងមិនតែងតែដឹងថា មានការអ្វីខ្លះល្អបំផុតសម្រាប់ខ្លួនយើងនោះទេ។ យើងអាចទុកចិត្តថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ជ្រាបថា មានអ្វីខ្លះល្អបំផុតសម្រាប់យើង។ មានពេលញឹកញាប់ពេកហើយ ដែលចិត្តពេញដោយអំនួតកណ្ដាលឲ្យយើងសួរ អំពីរបៀបធ្វើការដ៏អាថ៌កំបាំងរបស់ព្រះអង្គ។ យើងចង់ដឹងថា ហេតុអ្វីយើងកំពុងតែមានការឈឺចាប់ បញ្ហា ឬការបាត់បង់ ប៉ុន្តែយើងមិនបានទទួលស្គាល់ថា សំណួររបស់យើងអាចបង្ហាញចេញនូវភាពក្រអឺតក្រទម។
ការមានសំណួរ គឺជារឿងដែលជៀសមិនរួច ព្រោះវាជាផ្នែកមួយនៃការធ្វើដំណើរខាងវិញ្ញាណ។ ប៉ុន្តែ ការស្កប់ចិត្តពិតប្រាកដ កើតមាននៅក្នុងការរៀនប្រើសំណួរជាប្រយោជន៍។ មនុស្សដែលស្កប់ចិត្តនិយាយថា «ទោះខ្ញុំមិនអាចយល់ ក៏ខ្ញុំនៅតែទុកចិត្តព្រះ»។ យើងត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវធ្វើការទាមទារដោយអំនួតឲ្យព្រះដ៏ជាជាងស្មូនធ្វើការពន្យល់អំពីមូលហេតុដែលព្រះអង្គបានសូនយើងជាក្អមតាមរបៀបណាមួយនោះទេ (អេសាយ ៤៥:៩)។ បំណងព្រះទ័យ និងរបៀបដែលព្រះអង្គធ្វើការយ៉ាងច្បាស់លាស់មានអាថ៌កំបាំង ប៉ុន្តែផ្លូវព្រះអង្គតែងតែល្អ ព្រោះព្រះអង្គជាព្រះវរបិតាយើង។
ដោយជំនួយមកពីព្រះអម្ចាស់ យើងអាចរៀនផ្ដោតចិត្តមកលើការរៀបចំរបស់ព្រះអង្គ ហើយរំឭកខ្លួនឯងថា កាលៈទេសៈរបស់យើងមានភាពបណ្ដោះអាសន្ន ហើយព្រះវរបិតានៃយើងជ្រាបអំពីការអ្វីដែលព្រះអង្គកំពុងធ្វើក្នុងពួកគេ ហើយពួកវាមិនអាចប្លន់យកក្តីអំណរ និងសិរីល្អរបស់យើងនៅក្នុងព្រះគ្រីស្ទឡើយ។
វិញ្ញាណយើងអាចមានការស្ងប់រម្ងាប់បាន ក្នុងការទុកចិត្តព្រះអង្គយ៉ាងដូចនេះឯង។
ក្នុងជីវិតជាគ្រីស្ទាន ការស្កប់ចិត្តច្រើនតែទទួលបានតាមរយៈការដកពិសោធន៍ជាមួយការភាន់ភាំង និងទុក្ខលំបាក ខណៈពេលដែលយើងរៀននិយាយថា «ព្រះវរបិតារបស់ខ្ញុំ កំពុងគ្រប់គ្រងបញ្ហារបស់ខ្ញុំ ហើយកំពុងផ្សំការទាំងអស់ ដើម្បីជាប្រយោជន៍ដល់ខ្ញុំជាកូនព្រះអង្គ។ ទោះខ្ញុំមិនយល់ ខ្ញុំនៅតែអាចទុកចិត្តព្រះអង្គ។ ខ្ញុំមានព្រះអង្គ ហើយព្រះអង្គមានភាពគ្រប់គ្រាន់សម្រាប់ខ្ញុំ។ វិញ្ញាណខ្ញុំបានស្ងប់រម្ងាប់ សូម្បីតែក្នុងខ្យល់ព្យុះនេះ»។ នេះជាការសេចក្តីពិតដ៏អស្ចារ្យ ដែលយើងអាចយកមកនិយាយ នៅថ្ងៃនេះ!
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៣៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ១-២ និងវិវរណៈ ៥