«បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត្ន ក្រែងលោដួល» (១កូរិនថូស ១០:១២)។
នៅក្នុងសៀវភៅជីវប្រវត្តិ ទាំងអ្នកនិពន្ធ និងអ្នកអានសៀវភៅសុទ្ធតែប្រឈមមុខដាក់ការល្បួង ឲ្យនិយាយ ឬមើលរំលងកំហុសរបស់បុគ្គលដែលជាម្ចាស់ជីវប្រវត្តិក្នុងសៀវភៅនោះ។ ប៉ុន្តែ នៅក្នុងព្រះគម្ពីរ គ្មានការប៉ុនប៉ងលាក់បាំងកំហុស ឬយកលេសសម្រាប់ការធ្វើខុស បរាជ័យ ឬបាបរបស់បុគ្គលណាមួយទេ។ ជាញឹកញាប់ នៅក្នុងពេលបន្ទាប់ពីជោគជ័យខាងវិញ្ញាណ បរាជ័យគឺពិតជាងាយនឹងកើតមានឡើងខ្លាំងណាស់។
ក្នុងជ័យជម្នះខាងជំនឿ លោក ណូអេ បានបន្តសាងសង់ទូកធំដោយការស្តាប់បង្គាប់ព្រះ ទោះជាគ្មានភ្លៀងធ្លាក់សូម្បីមួយដំណក់អស់ជាច្រើនឆ្នាំ។ ប៉ុន្តែ ព្រះគម្ពីរក៏បានចែងផងដែរថា បន្ទាប់ពីមានទឹកជំនន់ផែនដីហើយ លោក ណូអេ បានជួបរឿងដ៏សោកសៅដោយសារការស្រវឹងស្រា (លោកុប្បត្ដិ ៩:២០-២៧)។ ទោះជាយ៉ាងណាក៏ដោយ លោក អាប់រ៉ាម បានធ្វើដំណើរក្នុងសេចក្តីជំនឿ ហើយក្រោយមក គាត់ក៏បាននាំមកនូវការអាប់ឱនដល់ខ្លួនគាត់ និងក្រុមគ្រួសារដោយសារគាត់និយាយកុហក នៅក្នុងទឹកដីអេស៊ីព្ទ (១២:១០-២០)។ ស្ដេច ដាវីឌ បានប្រយុទ្ធឈ្នះយក្ស កូលីយ៉ាត តែក្រោយមក គាត់ក៏បានប្រព្រឹត្តអំពើផិតក្បត់ (អាចជាការរំលោភផង) ការសម្លាប់មនុស្ស និងបង្កភាពវឹកវរ (រាប់ចាប់តាំងពី ២សាំយ៉ូអែល ១១)។
អ្នកទាំងអស់នេះសុទ្ធតែបានសម្រេចនូវកិច្ចការធំឧត្តមថ្វាយព្រះ ហើយក៏បានបរាជ័យនៅពេលក្រោយមកទៀត។ ពួកគេបានឈរយ៉ាងរឹងមាំ ហើយក៏បានដួលចុះមួយទំហឹង។ ព្រះគម្ពីរបានបង្ហាញឧទាហរណ៍ទាំងនេះ មិនមែនដើម្បីឲ្យយើងមានលេស ដើម្បីលាក់បាំងបាបរបស់យើង នៅពីក្រោយពួកគេនោះទេ តែជាការដាស់តឿន ដើម្បីរំដោះយើង ឲ្យរួចផុតពីការធ្វេសប្រហែស នៅពេលដែលអ្វីៗមានភាពល្អប្រសើរ និងរួចផុតពីការរំពឹងមកលើអ្នកដទៃ និងជាពិសេសមកលើខ្លួនយើងខ្លាំងពេក។
លោក អេ ដាប់ប៊លយូ ភីង (A.W. Pink) បានរំឭកយើងថា «ព្រះអម្ចាស់បានរងទុក្ខ ដើម្បីបង្ហាញឲ្យគេដឹងថា មនុស្សដែលខ្លាំងបំផុតនៅតែមានភាពកម្សោយ។ ទោះពួកគេមានអំណោយទានច្រើនប៉ុណ្ណា ហើយមានជោគជ័យយ៉ាងណាក្នុងការបម្រើព្រះ ហើយមានកិត្តិយស និងព្រះអង្គបានប្រើច្រើនប៉ុណ្ណាក៏ដោយ បើដកព្រះចេស្ដាព្រះអម្ចាស់ដែលជួយទ្រទ្រង់ចេញពីពួកគេតែមួយភ្លែត នោះមិនយូរប៉ុន្មាន គេនឹងបានដឹងថា ពួកគេគ្រាន់តែជាភាជនៈដ៏ផុយស្រួយប៉ុណ្ណោះ។ គ្មានមនុស្សណាដែលអាចឈរ បានរយៈពេលយូរឡើយ បើគ្មានព្រះគុណព្រះជួយទ្រទ្រង់គាត់ទេនោះ។ គេនឹងឃើញពួកបរិសុទ្ធដែលមានបទពិសោធន៍ច្រើនបំផុត មានភាពទន់ដូចទឹក ហើយតូចទាបដូចសត្វកណ្ដុរ បើសិនជាពួកគេពឹងអាងកម្លាំងខ្លួនឯង»1។
ដោយសេចក្តីមេត្តារបស់ព្រះអម្ចាស់ ព្រះអង្គមិនបានទុកឲ្យយើងពឹងផ្អែកលើកម្លាំងខ្លួនឯងទេ តែព្រះអង្គបានប្រទានយើងនូវសេចក្តីសុចរិត សេចក្តីសង្គ្រោះ សេចក្តីពិត និងព្រះបន្ទូលព្រះអង្គ ដើម្បីឲ្យយើងមិនគ្រាន់តែស៊ូទ្រាំ តែនៅតែអាចឈរមាំ ក្នុងទុក្ខលំបាក និងការល្បួងនីមួយៗ។ ពេលណាយើងទទួលស្គាល់ភាពកម្សោយ និងភាពខ្វះចន្លោះដែលយើងមានដូចលោក ណូអេ លោក អ័ប្រាហាំ និងស្ដេចដាវីឌ នោះយើងអាចពឹងផ្អែកលើព្រះគុណ និងព្រះចេស្ដារបស់ព្រះដែលជួយទ្រទ្រង់យើង តាមរយៈព្រះអម្ចាស់យេស៊ូវដែលជាផ្លូវពិតប្រាកដសម្រាប់ឲ្យយើងជៀសចេញ (១កូរិនថូស ១០:១៣)។ ចូរឲ្យការបង្រៀននេះបានរំឭកអ្នកថា អ្នកកំពុងបន្តដំណើរក្នុងសេចក្តីជំនឿលូតលាស់ក្នុងសេចក្តីបរិសុទ្ធ ឬឈោងចាប់លោកីយ៍ថ្វាយនគរព្រះអង្គ មិនមែនដោយពឹងអាងកម្លាំង ឬបញ្ញា ឬចារិកលក្ខណៈរបស់អ្នក តែដោយសារព្រះគុណព្រះ។ មនុស្សដែលពិតជាបានដឹងអំពីបញ្ហានេះ ក៏ដឹងផងដែរថា ការធ្វេសប្រហែស គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយការអធិស្ឋានមានភាពចាំបាច់បំផុត ព្រោះពួកគេដឹងថា មានតែព្រះអម្ចាស់ទេ ដែលអាចជួយពួកគេឈរពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយពេលទៅមួយពេល។ ចុះអ្នកវិញ?
ព្រះគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ១០:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ៣-៤ និងវិវរណៈ ៦
1The Life of Elijah (Banner of Truth, ឆ្នាំ១៩៦៣), ទំព័រ២០១។