អាវ​នៃ​សេចក្តី​សុ​ចរិត

អេសាយ ៦១:៤-១១

ពីព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក‌​បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុ​ចរិត​។ អេសាយ ៦១:១០

អ្នក​ស្រី រ៉ូស ថឺរន័រ(Rose Turner) ជា​អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​សំលៀក​បំពាក់ នៅ​មហាវិទ្យាល័យ​ឆ្នៃ​ម៉ូត​នៅ​ទីក្រុង​ឡុង។ គាត់​បាន​សិក្សា​អំពី​ឥទ្ធិពល​ដែល​ការ​ស្លៀក​ពាក់​មាន មក​លើ​ការ​គិត ​អាកប្ប​កិរិយា ហើយ​ថែម​ទាំង​អារម្មណ៍​របស់​ពួកគេ​ផង​ដែរ​។ សំលៀក​បំពាក់​ជា​វត្ថុ​ដែល​មាន​ភាព​ជិត​ស្និទ្ធ​នឹង​រូបកាយ​យើង​បំផុត ប្រៀប​ដូចជា “ស្បែកទី២” របស់​យើង ហើយ​ជួយ​ឲ្យ​យើង​រៀបចំ​ខ្លួន សម្រាប់​ឱកាស​ផ្សេងៗ នៅ​ថ្ងៃ​នីមួយៗ​។ ឧទាហរណ៍ ការ​ស្លៀក​ពាក់​ដែល​មាន​វិជ្ជា​ជីវៈ អាច “ជួយ​មាន​ទឹក​ចិត្ត និង​ការ​ផ្ដោត​អារម្មណ៍” នៅ​កន្លែង​ធ្វើ​ការ ហើយ​ការ​ស្លៀក​ពាក់​ខោអាវ​ដែល​ចាស់ៗ​ធ្លាប់​ប្រើ​កាល​គាត់​នៅ​ក្មេង ឬ​យើង​ធ្លាប់​ប្រើ​ក្នុង​ឱកាស​ពិសេស​ណាមួយ កាលពី​យូរ​មក​ហើយ ដោយ​ដិត​ជាប់​មនោសញ្ចេតនា អាច​នាំមក​នូវ​ការ​កម្សាន្ត​ចិត្ត ក្នុង​អំឡុង​ស្ថានភាព​ដែល​តានតឹង​ខ្លាំង​។

បាតុភូត​ផ្នែក​ចិត្ត​សាស្រ្ត​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​ទំនាយ​របស់​ហោរា​អេសាយ អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​។ គាត់​បាន​កត់​ត្រា​អំពី​ការ​ប្រោស​លោះ​ជនជាតិ​យូដា ឲ្យ​រួចពី​ភាព​ជា​ឈ្លើយសឹក ក្នុង​ចក្រភព​បាប៊ីឡូន ដែល​នឹង​កើត​ឡើង​នៅពេល​អនាគត ដោយ​ធានា​ពួក​គេ​ថា ថ្ងៃ​មួយ ពួកគេ​នឹង​បាន “ជួសជុល​អស់​ទាំង​ទីក្រុង​ដែល​ខូច​បង់ ហើយ​អស់​ទាំង​ទី​កន្លែង​ដែល​ចោល​ស្ងាត់ តាំងពី​ច្រើន​ដំណ​តមក​ផង”(អេសាយ ៦១:៤)។ នៅ​ថ្ងៃ​នោះ ពួកគេ​នឹង​បាន​ស្លៀក​ពាក់ “អាវ​នៃ​សេចក្តី​សុ​ចរិត”(ខ.១០)។

បទ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សម្រេច​ជា​លើក​ដំបូង នៅពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​វិល​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម​វិញ ហើយ​បន្ទាប់មក​បាន​សម្រេច​ទាំងស្រុង នៅពេល​ដែល “ព្រះ​អង្គ​ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុ​ចរិត​របស់​ព្រះ ដោយនូវ​ព្រះអង្គ​នោះ​ឯង”(២កូរិនថូស ៥:២១)។ សេចក្តី​សុ​ចរិត​គឺ​មានន័យថា ព្រះអង្គ​បាន​រាប់​យើង​ថា​សុ​ចរិត នៅពេល​ដែល​យើង​បាន​ទទួល​ជឿ​លើ​ការ​លះបង់​របស់​ព្រះគ្រីស្ទ ដើម្បី​យើង​រាល់​គ្នា​។ បាន​សេចក្តី​ថា ព្រះ​អង្គ​មិន​​ទត​ឃើញ​យើង ​មិន​សក្ដិសម មាន​ក្តី​អា​ម៉ាស ឬ​ទាបថោក ដោយសារ​បាប​របស់​យើង​ទេ តែ​ផ្ទុយ​ទៅវិញ ព្រះអង្គ​ឃើញ​យើង​មាន​សេចក្តី​សុ​ចរិត​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះយេស៊ូវ ជា​សំលៀក​បំពាក់​របស់​យើង “ជា​ស្បែក​ទីពីរ” ដែល​រៀបចំ​ខ្លួន​យើង ឲ្យ​មាន​ក្តី​អំណរ​នៅ​ថ្ងៃ​នេះ និង​អស់​កល្ប​ជានិច្ច​។—Kirsten Holmberg

តើ​មាន​អាវ​នៃ​សេចក្តី​អា​ម៉ាស​អ្វី​ខ្លះ ដែល​អ្នក​បាន “ស្លៀក​ពាក់” ជា​រៀង​រាល់​ថ្ងៃ? តើ​អ្នក​អាច​នឹក​ចាំ​អំពី​អាវ​នៃ​សេចក្តី​សុ​ចរិត​របស់​អ្នក យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូលបង្គំ​​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ដណ្តប់​កាយ​ទូល​បង្គំ​ ដោយ​សំលៀក​បំពាក់​នៃ​សេចក្តី​សុ​ចរិត​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៦-៨ និង លូកា ១៥:១-១០

More articles