«មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមកដោយមានព្រះចេស្ដា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់ មើល ទ្រង់នាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលទ្រង់សងដល់គេក៏នៅចំពោះទ្រង់ ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ» (អេសាយ ៤០:១០-១១)។
សហរដ្ឋអាមេរិកមិនដែលគាំទ្ររបបនយោបាយដែលគ្រប់គ្រងដោយស្ដេច ឬដោយអ្នកដឹកនាំផ្តាច់ការនោះទេ។ ប្រជាជនអាមេរិកចូលចិត្តជ្រើសរើសមនុស្ស ដែលពួកគេអាចបោះឆ្នោតជ្រើសរើសឲ្យឡើងកាន់អំណាច និងឲ្យទទួលខុសត្រូវចំពោះកំហុសដែលខ្លួនបានធ្វើ ហើយពួកគេអាចបោះឆ្នោតទម្លាក់។ សូមយើងគិតដោយចិត្តស្មោះត្រង់ថា ជាញឹកញាប់ យើងក៏ប្រព្រឹត្តចំពោះព្រះយ៉ាងដូចនេះផងដែរ។ យើងសុខចិត្តធ្វើការគ្រប់គ្រង ជាជាងស្ថិតក្រោមការគ្រប់គ្រង។
ទោះជាយ៉ាងណាក៏ដោយ មនុស្សមិនអាចគ្រប់គ្រង់ ឬកែប្រែព្រះអម្ចាស់ឲ្យមានរូបដូចយើងនោះទេ។ ព្រះអង្គជាព្រះអម្ចាស់ដែលមានអំណាចគ្រប់គ្រងអ្វីៗទាំងអស់ លក្ខណៈរបស់ព្រះអង្គមានភាពខុសប្លែកពីលក្ខណៈរបស់យើងដែលផុយស្រួយ និងមានដែនកំណត់។ យើងប្រៀបដូចជាស្មៅ និងផ្កានៅរដូវផ្ការីក ដែលក្រៀមស្វិតទៅវិញ។ ព្រះអង្គមិនដូច្នោះទេ ព្រោះព្រះអង្គគ្រប់គ្រង និងសោយរាជ្យលើអ្វីៗទាំងអស់ អស់កល្បជានិច្ច។ សូម្បីព្រះបន្ទូលព្រះអង្គក៏ស្ថិតស្ថេរអស់កល្ប (អេសាយ ៤០:៦-៨)។
ក្នុងអធិបតេយ្យភាពរបស់ព្រះអង្គ ព្រះអង្គបានសម្រេចជោគជ័យដ៏អស្ចារ្យ គឺជ័យជម្នះមកលើបាប និងសេចក្តីស្លាប់។ ដោយប្រាជ្ញាដ៏លើសលប់ ព្រះអង្គជាអ្នកប្រទានក្រឹត្យវិន័យ បានយាងមកយកកំណើតជាមនុស្ស មានព្រះនាមយេស៊ូវដោយចុះចូល និងសម្រេចក្រឹត្យវិន័យទាំងអស់ ដែលព្រះអង្គបានប្រទាន ហើយបានសុគតជំនួសមនុស្សមានបាប ដើម្បីលោះបំណុលយើង និងប្រទានយើងនូវជីវិតអស់កល្ប។ គឺដូចដែលលោក ពេត្រុស បានបង្រៀនថា «ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ…ពីព្រោះសេចក្តីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ» (កិច្ចការ ២:២៤)។ នេះជាជ័យជម្នះរបស់ព្រះអង្គ។
ព្រះអង្គជាព្រះអម្ចាស់មានអធិបតេយ្យភាព តែព្រះអង្គក៏ជាអ្នកគង្វាលដ៏សុភាពរបស់យើង។ ព្រះអង្គមិនបានយាងមករករាស្ត្រព្រះអង្គ ដូចមេទ័ពដ៏អស្ចារ្យចូលទៅក្នុងសង្គ្រាមនោះទេ តែផ្ទុយទៅវិញ ព្រះអង្គនាំចៀមព្រះអង្គចូលមកជិតព្រះអង្គ និងដឹកនាំពួកគេដោយព្រះទ័យអាណិត។ ព្រះអង្គបានរំដោះឲ្យមានសេរីភាព ចំពោះអ្នកដែលធ្លាប់តែសោកសៅ ឯកោ និងមានកំហុស ហើយរស់នៅក្នុងការភ័យខ្លាច ចំពោះសេចក្តីស្លាប់។ ព្រះអង្គបានប្រកាសដោយជ័យជម្នះថា «ទូលបង្គំបានរក្សាគេ ដោយព្រះនាមទ្រង់ដែរ ទូលបង្គំបានរក្សាទុកនូវអស់អ្នកដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ» (យ៉ូហាន ១៧:១២)។
យើងអាចអរសប្បាយ ក្នុងអធិបតេយ្យភាពរបស់ព្រះអង្គ ដ្បិតព្រះអង្គមានចេស្ដា និងសុភាព ជាអ្នកគង្វាលដែលស្វែងរកចៀមបាត់បង់ ហើយសម្រេចបេសកកម្មរបស់ព្រះអង្គ។ ពេលណាព្រះអង្គធ្វើការ ព្រះអង្គបញ្ចេញព្រះសូរសៀង ធ្វើឲ្យមនុស្សថ្លង់អាចស្តាប់ឮ ហើយព្រះអង្គបញ្ចេញពន្លឺធ្វើឲ្យមនុស្សខ្វាក់អាចមើលឃើញ។ ព្រះអង្គបានប្រមូលយើងឲ្យចូលមកក្បែរព្រះទ័យរបស់អ្នកគង្វាលដ៏សុភាពនេះ ហើយអាចរស់នៅដោយទំនុកចិត្តថា លោកីយ៍នេះជាកម្មសិទ្ធិរបស់ព្រះវរបិតានៃយើងដែលមានអធិបតេយ្យភាព។
ព្រះទ្រង់ជំរុញជីវិតគ្រីស្ទបរិស័ទ ឲ្យមានទស្សនៈអំពីព្រះអង្គ ដែលធំល្មមនឹងអាចស្គាល់ព្រះអង្គ ជា «ព្រះអម្ចាស់» ដែល «យាងមកដោយព្រះចេស្ដា» ហើយយើងចូលមកចំពោះព្រះអង្គដោយការស្ញែងខ្លាច ហើយក៏ស្គាល់ព្រះអង្គ ជា «អ្នកគង្វាលដែលថែរក្សាចៀម» ហើយយើងដើរតាមព្រះអង្គ ដោយមិត្តភាពដ៏ជិតស្និទ្ធ។ ព្រះអម្ចាស់យេស៊ូវជាសត្វតោ ហើយក៏ជាកូនចៀម (វិវរណៈ ៥:៥-៦)។ រវាងលក្ខណៈទាំងពីរនេះ តើលក្ខណៈមួយណា ដែលអ្នកពិបាកនឹកចាំបំផុត និងពិបាកបំផុតក្នុងការរស់នៅសមស្របតាម? ចូរនឹកចាំអំពីលក្ខណៈទាំងពីរនេះ ហើយអ្នកនឹងស្តាប់បង្គាប់ និងអរសប្បាយចំពោះព្រះអង្គ ក្នុងនាមព្រះអង្គជាស្ដេច និងជាអ្នកគង្វាលរបស់អ្នក។
ព្រះគម្ពីរសញ្ជឹងគិត៖ អេសេគាល ៣៤:១១-២៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ៥-៧ និងវិវរណៈ ៧