ព្រះ​អង្គ​សង្គ្រោះ​ផ្ទំ​លក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​អី។ កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ» (ម៉ាកុស ៤:៣៨-៣៩)។

សូម​យើង​ស្រមៃ​ថា បើ​យើង​ជា​ពួក​សាវ័ក​ដែល​កំពុង​ជិះ​ទូក​ក្នុង​សមុទ្រ​ដែល​មាន​ខ្យល់​ព្យុះ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក តើ​យើង​មាន​អារម្មណ៍​យ៉ាងណា? ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​ជា​អ្នក​នេសាទ​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ ដូច​នេះ​ពួក​គេ​យល់​អំពី​ស្ថានភាព ដែល​ការ​លង់​ទឹក​ពិតជា​អាច​កើត​មាន ប៉ុន្តែ​គ្រូ​របស់​ពួក​គេ​ហាក់​ដូចជា​មិន​អើពើ​ចំពោះ​ពួក​គេ​សោះ ដោយ​ព្រះ​អង្គ​ផ្ទំ​លក់​យ៉ាង​ស្កប់​ស្កល់។

ការ​ពិត​ដែល​ថា ព្រះ​យេស៊ូវ​ត្រូវ​ការ​ដំណេក គឺ​បាន​បង្ហាញ​អំពី​រូបកាយ​ពិត​របស់​ព្រះ​អង្គ​ជា​មនុស្ស​ដែល​ស្គាល់​អារម្មណ៍​ហត់​នឿយ ស្រេក​ទឹក និង​ឃ្លាន​អាហារ។ ព្រះ​អង្គ​បាន​ឆ្លង​កាត់​ភាព​កម្សោយ​នៃ​រូបកាយ​ជា​មនុស្ស​ដោយ​ផ្ទាល់។ ព្រះ​អង្គ​ថែម​ទាំង​មាន​ការ​ពិបាក​ក្នុង​ការ​រក​កន្លែង​ផ្ទំ ការ​នេះ​បាន​បង្ហាញ​ថា ព្រះ​អង្គ​ក៏​ស្គាល់​ភាព​មិន​ស្រួល​ខាង​រូប​កាយ។ ព្រះ​ដែល​បាន​បង្កើត​ចក្រ​វាល​មក​អាច​កែ​ប្រែ​ឈើ ដែល​នៅ​ពី​ក្រោម​ព្រះ​អង្គ​ឲ្យ​ក្លាយ​ជា​គ្រែ​សម្រាប់​ផ្ទំ​យ៉ាង​មាន​ផាសុកភាព ដើម្បី​សម្រាក​ព្រះ​កាយ​ឲ្យ​បាន​ស្រួល តែ​ផ្ទុយ​ទៅវិញ ព្រះ​អម្ចាស់​នៃ​សិរី​ល្អ​បាន​ផ្តេក​ព្រះ​កេស​នៅ​លើ​ខ្នើយ​ដូច​យើង​ដែរ។

បើ​ព្រះ​យេស៊ូវ​មិន​បាន​ស្គាល់​ភាព​កម្សោយ និង​ការ​ល្បួង​របស់​មនុស្ស​ជាតិ​ទេ នោះ​ព្រះ​អង្គ​ក៏​មិន​ស័ក្ដិ​សម​នឹង​តួនាទី​ជា​សម្ដេច​សង្ឃ​ដែល​មាន​សេចក្តី​អាណិត ដែល​ប្រទាន​ឲ្យ​យើង​នូវ​សេចក្តី​មេត្តា និង​ព្រះ​គុណ​ពី​បល្ល័ង្ក​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌ (ហេព្រើរ ៤:១៤-១៦)។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​ពិតជា​បាន​ស្គាល់​មែន។ ជាក់​ស្ដែង ព្រះ​អង្គ​ពិតជា​ស្គាល់​ការ​ឈឺ​ចាប់​របស់​មនុស្ស​ដែល​គេ​មិន​រាប់រក «ទ្រង់​បាន​យាង​មក​គង់នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ» (យ៉ូហាន ១:១១)។ ព្រះ​អង្គ​ក៏​ស្គាល់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​ពួក​ឈ្នានីស ដែល​និយាយ​បង្ខូច​ភាព​អស្ចារ្យ និង​ចរិត​លក្ខណៈ​របស់​ព្រះ​អង្គ (សូម​មើល លូកា ៧:៣៤)។ ព្រះ​អង្គ​បាន​តយុទ្ធ​នឹង​ការ​កុហក និង​ការ​ល្បួង​របស់​អារក្ស​អស់៤០យប់ និង៤០ថ្ងៃ (ម៉ាថាយ ៤:១-១១)។ ព្រះ​អង្គ​បាន​ប្រឈម​មុខ​ដាក់​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​តានតឹង​បំផុត​នៅ​លើ​ឈើ​ឆ្កាង ខណៈ​ពេល​ដែល​ទ្រង់​ស្រែក​ថា «ឱ​ព្រះ​អង្គៗ​នៃ​ទូល​បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូល​បង្គំ?» (២៧:៤៦)។ គ្មាន​ការ​ឈឺ​ចាប់ ឬ​ការ​ប្រមាថ​ណា ដែល​ព្រះ​គ្រីស្ទ​មិន​បាន​ស្គាល់​នោះ​ទេ ហើយ​ដោយ​សារ​ព្រះ​អង្គ​បាន​ស្គាល់​ទុក្ខ​លំបាក​ទាំង​នោះ ព្រះ​អង្គ​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​មក​រក​ព្រះ​អង្គ ខណៈ​ពេល​ដែល​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​នោះ​ដោយ​ផ្ទាល់។

ហេតុការណ៍​តូច​មួយ​ដែល​បាន​កើត​ឡើង នៅ​ដើម​ដំបូង​នៃ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស គឺ​ជា​ការ​ក្រើន​រម្លឹក​ដែល​នាំមក​នូវ​ការ​ផ្លាស់​ប្រែ​ជីវិត គឺ​ក្រើន​រម្លឹក​យើង​ថា ព្រះ​យេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ជា​ព្រះ​អង្គ​សង្គ្រោះ​ដែល​មាន​ព្រះទ័យ​អាណិត និង​ជា​មិត្ត​សម្លាញ់​ដែល​មិន​បោះបង់​យើង​ចោល។

ក្រៅ​ពី​ព្រះ​ដ៏​ជា​គ្រូ ដែល​ពួក​សាវ័ក​បាន​ឃើញ​ព្រះ​អង្គ​ផ្ទំ​នៅ​លើ​កន្សៃ​ទូក គឺ​គ្មាន​នរណា​ដែល​ស័ក្ដិ​សម​ជាង​ព្រះ​អង្គ​ក្នុង​ការ​ជម្នះ​ទុក្ខ​លំបាក​ដែល​យើង​អាច​ជួប​ប្រទះ​នោះ​ឡើយ។ អ្នក​ក៏​អាច​ស្រែក​រក​ព្រះ​អង្គ ដូច​ពួក​សាវ័ក​ដែរ ហើយ​រក​ឃើញ​ថា ព្រះ​ដែល​ត្រូវ​ការ​ការ​សម្រាក​នៅ​លើ​ទូក​នោះ ក៏​ជា​ព្រះ​ដែល​អាច​បង្គាប់​ខ្យល់​ព្យុះ​ឲ្យ​ស្ងប់​ទៅវិញ គឺ​ព្រះ​ដែល​សោយ​រាជ្យ​នៅ​ស្ថាន​ដ៏​ខ្ពស់​មិន​ដែល​ងោក​ងុយ ឬ​ផ្ទំ និង​ព្រះ​ដែល​ទប់​ជើង​របស់​អ្នក​មិន​ឲ្យ​រអិល​ភ្លាត់​ឡើយ (ទំនុក​តម្កើង ១២១:៣-៤)។

តើ​អ្នក​មាន​បញ្ហា​អ្វី​ក្នុង​ចិត្ត ដែល​បណ្ដាល​ឲ្យ​អ្នក​មាន​ការ​ភ័យ​ខ្លាច? ចូរ​ទុក​ចិត្ត​ថា ព្រះ​អម្ចាស់​យេស៊ូវ​ពិត​ជា​ជ្រាប​ថា ជីវិត​របស់​យើង​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច។ ចូរ​នាំ​យក​ការ​ភ័យ​ខ្លាច​របស់​អ្នក​ថ្វាយ​ដល់​ព្រះ​អង្គ នៅ​ពេល​ឥឡូវ​នេះ «ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅលើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះ​ទ័យ​ទុកដាក់​នឹង​អ្នក​រាល់​គ្នា» (១ពេត្រុស ៥:៧)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ១២១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជន​គណនា ៩-១១ និង​វិវរណៈ ១៨

More articles