១ពេត្រុស ៣:១៥-១៦
ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ។ កូល៉ុស ៤:៦
មានពេលមួយ លោកបឺត(Bert) បានដាក់កាតធនាគាររបស់គាត់ នៅលើវិក័យប័ត្រនៅភោជនីយដ្ឋាន ដើម្បីគិតលុយថ្លៃអាហារ។ អ្នករត់តុក៏បានចាប់កាន់វាឡើង ហើយក៏បានសួរគាត់ថា “តើអ្នកដែលបាននិយាយថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ជានរណា? ការអះអាងដូចនេះ គឺពិតជាមានអំនួតណាស់!”។ លោកបឺតក៏បានដឹងថា អ្នករត់តុកំពុងមានប្រតិកម្មចំពោះខគម្ពីរ យ៉ូហាន ១៤:៦ ដែលបានបោះពុម្ពនៅលើកាត ដែលក្រុមហ៊ុនហិរញ្ញវត្ថុគ្រីស្ទបរិស័ទរបស់គាត់ បានផ្តល់ឲ្យគាត់។ លោកបឺតក៏បានពន្យល់អំពីអត្តសញ្ញាណរបស់ព្រះយេស៊ូវ ដែលបានមានបន្ទូលក្នុងខគម្ពីរនោះ និងអំពីការលះបង់របស់ព្រះអង្គ ដើម្បីនាំយើងចូលទៅរកព្រះ។
ពេលណាយើងជួបមនុស្សដែលមិនមានការយល់ដឹងអំពីជំនឿរបស់យើង យើងប្រហែលជាចង់ឆ្លើយតប ដោយការចំអក ឬការវិនិច្ឆ័យ។ តែសាវ័កពេត្រុសបានបង្រៀនយើង “ឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា”(១ពេត្រុស ៣:១៥)។ បន្ទាប់មក គាត់ក៏បានដាស់តឿនយើង ឲ្យឆ្លើយតបចំពោះគេ យ៉ាងសុភាព និងដោយការគោរព(ខ.១៥)។ ក្នុងបទគម្ពីរ កូល៉ុស ៤:៦ សាវ័កប៉ុលបានពន្យល់ អំពីអំណាចនៃការឆ្លើយតបដោយសុភាព យ៉ាងដូចនេះថា “ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនីមួយៗ”។ ដែលអំបិលក្នុងអាហាររបស់យើង ជួយឲ្យមានរស់ជាតិឆ្ងាញ់ជាយ៉ាងណា នោះការឆ្លើយតប ដោយពាក្យស្តីដែលបង់អំបិល អាចបណ្តាលចិត្តអ្នកដទៃឲ្យចាប់អារម្មណ៍ចំពោះជំនឿយើង កាន់តែខ្លាំង។
យើងប្រហែលជាមានការភ្ញាក់ផ្អើល ចំពោះសំណួររបស់អ្នកដែលមិនបានស្គាល់ព្រះយេស៊ូវទាល់តែសោះ។ ពេលណាយើងឆ្លើយតប ដោយចិត្តសុភាព ប្រកបដោយប្រាជ្ញា គឺមានន័យថា យើងកំពុងបង់អំបិលក្នុងចម្លើយរបស់យើង ដែលនាំឲ្យអ្នកចោទសួរយើង មានចិត្តចង់ស្វែងយល់បន្ថែមទៀត។—Elisa Morgan
តើអ្នកមានការភ្ញាក់ផ្អើលយ៉ាងណា នៅពេលគេសួរអ្នកអំពីព្រះ? តើអ្នកអាចត្រៀមខ្លួន
ដើម្បីឆ្លើយតប ដោយបង់អំបិលដូចម្តេចខ្លះ ចំពោះសំណួររបស់ពួកគេ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យត្រៀមខ្លួនឆ្លើយតប ចំពោះសំណួរដែលព្រះអង្គអនុញ្ញាតឲ្យគេសួរទូលបង្គំ
ដើម្បីឲ្យទូលបង្គំអាចឆ្លើយតប ដោយចិត្តសុភាព និងដោយសេចក្តីស្រឡាញ់។
Visit ODBU.org/CA212 to help prepare you for the next time you need to give an answer for your faith in Jesus.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១២-១៣ និង លូកា ២២:១-២០