ព្រះ​អង្គ​សុគត ដើម្បី​ឲ្យ​យើង​បាន​សុចរិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយបង្គំ​រូប​ព្រះ ពួក​សហាយ​ស្មន់ ពួក​អ្នក​សម្រេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ឡើយ ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយនូវ​ព្រះ​នាម​ព្រះអម្ចាស់យេស៊ូវ និង​ព្រះ​វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា» (១កូរិនថូស ៦:៩-១១)។

អារក្ស​មិន​ខ្វល់​អំពី​ការ​ទាញ​នាំ​យើង​ឲ្យ​ឈប់​ធ្វើស​កម្ម​ភាព​ជា​ច្រើន​របស់​គ្រីស្ទ​បរិស័ទ​ទេ តែ​វា​ខ្វល់​អំពី​ការ​ទាញ​នាំ​យើង​ឲ្យ​ឈប់​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត ដែល​ចែង​អំពី​លក្ខណៈ​សម្បត្តិ និង​ចរិត​លក្ខណៈ​របស់​ព្រះ និង​សេចក្តី​ពិត​ដាច់ខាត​អំពី​ក្រម​សីលធម៌​នៃ​នគរ​ព្រះ​អង្គ។ សាវ័ក ប៉ុល បាន​យល់​អំពី​បញ្ហា​នេះ បាន​ជា​គាត់​ដាស​តឿន​គ្រីស្ទ​បរិស័ទ​នៅ​ទីក្រុង​កូរិនថូស កុំ​ឲ្យ​ដើរ​វង្វេង​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​ទង្វើ​អសីលធម៌។ គាត់​មាន​ប្រសាសន៍​ថា «តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី?»។

សាវ័ក ប៉ុល ក៏​បាន​ពិពណ៌នា​អំពី​ផ្នែក​ខ្លះ​នៃ​អំពើ​ទុច្ចរិត​ដែល​សង្គម​បាន​ចាត់​ទុកជា​អំពើ​ត្រឹម​ត្រូវ ក្នុង​វប្បធម៌​របស់​ទីក្រុង​កូរិនថូស។ ទីក្រុង​នោះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​មមាញឹក ជាទី​ប្រជុំ​របស់​ជាតិ​សាសន៍ សាសនា និង​ភាសា​ចម្រុះ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​វប្បធម៌​របស់​ទីក្រុង​នោះ​មិន​មាន​ឫស​គល់​ច្បាស់​លាស់ ហើយ​ក៏​មិន​មាន​ការ​លាយឡំ​គ្នា​ដែរ។ តាម​ពិត ទឹកដី​នោះ​មាន​ភាព​អសីលធម៌​យ៉ាង​ខ្លាំង​បាន​ជា​ពាក្យ «កូរិនថូស» បាន​ប្រែ​ជា​មានន័យ​ថា «អ​សីលធម៌» (ដូច​នេះ តើ​សាវ័ក ប៉ុល ត្រូវ​ធ្វើ​ដូច​ម្ដេច? គាត់​ក៏បាន​ចូល​ទៅ​ក្នុង​ទីក្រុង​នោះ ដោយ​មាន​យុទ្ធសាស្ត្រ។ គាត់​បាន​ទទួល​ការ​ជំរុញ​ចិត្ត​ឲ្យ «ផ្សាយ​ព្រះ​បន្ទូល ក៏​ធ្វើ​បន្ទាល់​អស់ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​គ្រីស្ទ​ពិត» (កិច្ចការ ១៨:៥)។ គោលបំណង​របស់​គាត់​មិន​មែន ដើម្បី​ដាក់​ច្បាប់​មក​លើ​ពួក​គេ​ទេ ប៉ុន្តែ​ដើម្បី​ចាប់​ផ្ដើម​ប្រកាស​ដំណឹង​ល្អ។ គ្មាន​ការ​អនុវត្ត​ច្បាប់​ណា​មួយ ដែល​អាច​ប្រោស​លោះ​វប្បធម៌​ឲ្យ​រស់​ឡើង​វិញ​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ព្រះ​រាជសារ​មួយ​ដែល​ព្រះអម្ចាស់​បាន​ផ្ញើ​មក ដើម្បី​ប្រោស​លោះ​មនុស្ស​ប្រុស​ស្រី​ប៉ុណ្ណោះ គឺ​ព្រះ​រាជសារ​ដែល​ប្រកាស​អំពី​ព្រះ​គ្រីស្ទ​ដែល​បាន​ជាប់​ឆ្កាង (១កូរិនថូស ២:២)។ ដំណឹង​ល្អ គឺជា​ដំណោះ​ស្រាយ​របស់​ព្រះ​សម្រាប់​លោកីយ៍។ ព្រះ​អង្គ​ប្រើ​ព្រះ​បន្ទូល​ដែល​មាន​ព្រះ​ចេស្ដា និង​ធ្វើ​ការ​ក្នុង​ចិត្ត​មនុស្ស ដោយ​នាំ​មក​នូវ​ការ​ផ្លាស់​ប្រែ​ដល់​ឫស​គល់។

សាវ័ក ប៉ុល មិន​បាន​ប្រើ​វោហារ​សព្ទ​ដែល​ពីរោះ​ស្តាប់ ដើម្បី​ឲ្យ​គេ​ជឿ​ព្រះ​នោះ​ទេ។ គាត់​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា គាត់​មាន​ព្រះ​រាជសារ​តែមួយ​ទេ។ គាត់​ដឹង​ថា មាន​តែ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង​សម្រាប់​លោះ​បាប​របស់​យើង​ប៉ុណ្ណោះ ដែល​អាច​ជួយ​មនុស្ស​ប្រុស​ស្រី​ឲ្យ​មាន​សេរី​ភាព​ពី​ចំណង​របស់​បាប ដើម្បី​ឲ្យ​យើង​អាច​រស់នៅ​ក្នុង​ជីវិត​ថ្មី (រ៉ូម ៦:៤)។

ការ​បន្ត​រស់​នៅ​ខុស​សីលធម៌ គឺ​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់ និង​មិន​ចាំបាច់។ ដំណឹង​ល្អ​នៅ​តែ​ប្រកាស​ឮៗ និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ពេល​សព្វថ្ងៃ ដូច​កាល​សាវ័ក ប៉ុល ប្រកាស​នៅ​តាម​ផ្លូវ​នៅ​ទីក្រុង​កូរិនថូស ហើយក៏​បាន​កាត់​ផ្តាច់​ការ​បោក​បញ្ឆោត​នៃ​ការ​បង្រៀន​របស់​លោកីយ៍ និង​ការ​ចូល​ចិត្ត​គិតថា ក្រឹត្យ​វិន័យ​តែ​ម្យ៉ាង​អាច​កែ​ប្រែ​ចិត្ត និង​បង្កើត​ឲ្យ​មាន​ជំនឿ។ ជីវិត​របស់​យើង ទីក្រុង និង​ប្រទេស​ជាតិ​យើង មាន​តម្រូវ​ការ​ដ៏​ធំ​មួយ គឺ​តម្រូវ​ការ​ឲ្យ​មនុស្ស​មាន​បាប​ទទួល​សេចក្តី​សង្គ្រោះ។ ចូរ​កុំ​ចាញ់​ការ​បោក​បញ្ឆោត​ឲ្យ​គិត​ថា បញ្ហា​របស់​បាប​មិន​សំខាន់ ហើយ​សង្គម​អ្នក​ត្រូវ​ការ​អ្វី​ផ្សេង ក្រៅពី​ដំណឹង​ល្អ​អំពី​នគរ​ព្រះ​នោះ​ឡើយ។ យើង​ត្រូវតែ​ប្រ​កា​ស​ព្រះ​រាជសារ​នៃ​ព្រះ​មេស្ស៊ី​ដែល​បាន​ជាប់​ឆ្កាង​ថា៖

ព្រះ​អង្គ​សុគត ដើម្បី​ឲ្យ​យើង​បាន​ទទួល​ការ​អត់​ទោស

ព្រះ​អង្គ​សុគត ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត

ដើម្បី​ឲ្យ​យើង​ចូល​នគរ​ស្ថាន​សួគ៌

និង​បាន​សង្គ្រោះ​ដោយ​សារ​ព្រះ​លោហិត​ដែល​មាន​តម្លៃ​បំផុត។1

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ១៨:១-១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជនគណនា ១២-១៤ និង​វិវរណៈ ១៩

1លោក​ស្រី Cecil Frances Alexander, “There Is a Green Hill Far Away” (ឆ្នាំ១៨៤៨)។

More articles