ព្រះ​យេស៊ូវ​ជា​ក្សត្រ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​អស់​ដែល​មាន​ជីវិត​នៅ​ស្ថាន​សួគ៌​នៅ​ផែនដី​នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា សូម​ថ្វាយ​ព្រះពរ កិត្តិនាម សិរី​ល្អ និង​ព្រះ​ចេស្ដា ដល់​ព្រះ​អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូនចៀម​នៅ​អស់​កល្ប​ជា​និច្ច​រៀងរាប​តទៅ» (វិវរណៈ ៥:១៣)។

ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​ច្បាស់​ថា ប្រវត្តិ​សាស្ត្រ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ចុង​បញ្ចប់ ស្រប​តាម​គោលបំណង​ច្បាស់​លាស់។ នេះ​ជា​ការ​ពិត ស្ថិត​ក្នុង​ចំណុច​គន្លឹះ​នៃ​ការ​បក​ស្រាយ​របស់​ព្រះ​គម្ពីរ​អំពី​លោកីយ៍ ជា​ការ​បក​ស្រាយ​មាន​លក្ខណៈ​ខុស​ប្លែក​គេ។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ជំនឿ​របស់​គ្រីស្ទាន​ខុស​ពី​គេ​នៅ​ត្រង់​ការ​បក​ស្រាយ​អំពី​ចុង​បញ្ចប់​នៃ​អ្វីៗ​ទាំង​អស់។

ជួនកាល ពេល​យើង​មើល​រូបថត​ចាស់ៗ យើង​ប្រហែល​ជា​ចង់​សួរ​ថា «តើមាន​រូប​ខ្ញុំ​នៅ​ក្នុង​រូបថត​នេះ​ទេ?» ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ផែនការ​ព្រះ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ការ​បើក​បង្ហាញ​របស់​កណ្ឌ​គម្ពីរ​វិវរណៈ​នូវ​រូប​ភាព​នៃ​ប្រវត្តិ​សាស្ត្រ។ គ្មាន​នរណា​ម្នាក់ ដែល​មិន​មាន​វត្ត​មាន​ក្នុង​រឿង​នេះ​ទេ។ ហើយ​ពេល​ណា​ប្រវត្តិ​សាស្ត្រ​ឈាន​ដល់ទី​បញ្ចប់ វា​នឹង​បញ្ចប់​ដោយ​ការបែងចែក និង​ការ​ញែក​ចេញពី​គ្នា។

ព្រះ​យេស៊ូវ​មាន​បន្ទូល​អំពី​ការ​ញែក​ចេញពី​គ្នា​នេះ ដោយ​បង្រៀន​ថា សត្វ​ចៀម​ទាំង​អស់​នឹង​ត្រូវ​ញែក​ចេញពី​សត្វ​ពពែ (ម៉ាថាយ ២៥:៣១-៤៦) ពន្លឺ​នឹង​ញែក​ចេញពី​សេចក្តី​ងងឹត ហើយ​អស់​អ្នកជឿ​ព្រះ​យេស៊ូវ នឹង​ត្រូវ​ញែក​ចេញពី​អ្នក​មិន​ជឿ។ គ្មាន​នរណា​ជៀស​ផុត​ឡើយ ហើយ​គួរ​ឲ្យ​សោកសៅ​ណាស់ ដែល​អ្នក​ខ្លះ​សម្រេច​ចិត្ត​មិន​ជឿ​ព្រះ។ ដូច​នេះ ចំណែក​របស់​យើង​នៅ​ក្នុង​រូប​ភាព​ធំ ពិតជា​សំខាន់​ណាស់។ យើង​ត្រូវ​មាន​ការ​យល់​ដឹង​អំពី​ដំណើរ​ឡើង​ចុះ​នៃ​ប្រវត្តិ​សាស្ត្រ​ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា មាន​បល្ល័ង្ក​មួយ​នៅ​ស្ថាន​សួគ៌ ហើយ​បល្ល័ង្ក​នោះ​មិន​នៅ​ទទេ​ឡើយ គឺ​មាន​ព្រះ​គង់ និង​គ្រប់​គ្រង​នៅ​លើ​បល្ល័ង្ក​នោះ។ ព្រះ​យេស៊ូវ​ជា​ក្សត្រ ហើយ​ព្រះ​អង្គ​គង់នៅ​ខាង​ស្តាំ​នៃ​បល្ល័ង្ក​នោះ។ ទោះ​មនុស្ស​ជា​ច្រើន​មិន​ទាន់​ទទួល​ស្គាល់​នគរ​ព្រះ​អង្គ ក៏​បញ្ហា​នេះ​នៅ​តែ​មិន​កែ​ប្រែ​ការ​ពិត​ដែល​ថា ព្រះ​អង្គ​ជា​ក្សត្រ​គ្រង​រាជ។

ចាប់​តាំងពី​ពេល​ដែល​មនុស្ស​ជាតិ​ធ្លាក់​ចូល​ក្នុង​បាប រហូត​ដល់​ពេល​ចុង​ក្រោយ​មាន​ទីក្រុង​ពីរ និង​សេចក្តី​ស្រឡាញ់​ពីរ​ដែល​ជា​សត្រូវ​នឹង​គ្នា។ តាម​និស្ស័យ​សាច់ឈាម​របស់​យើង យើង​បាន​ចូល​រួម​ក្នុង​ទីក្រុង​មនុស្ស ហើយ​មាន​តែ​ដោយ​សារ​ព្រះ​គុណ​ព្រះ​ទេ ដែល​យើង​អាច​ចូល​ទៅ​ក្នុង​នគរ​ព្រះ​អង្គ ដោយ​ការ​ប្ដេជ្ញា​ចិត្ត។

ទីក្រុង​នៅ​ផែនដី ទីក្រុង​របស់​មនុស្ស នឹង​រលាយ​សាប​សូន។ តែ​ទីក្រុង​នៅ​ស្ថាន​សួគ៌ ដែល​ជា​នគរ​ព្រះ​ស្ថិត​ស្ថេរ​ជា​ដរាប។ តើ​យើង​បាន​ទទួល​ស្គាល់​ព្រះ​យេស៊ូវ​ជា​ក្សត្រ​ទេ? របៀប​ដែល​យើង​ឆ្លើយតប ចំពោះ​សំណួរ​នេះ មាន​សារៈសំខាន់​អស់​កល្ប​ជានិច្ច។ ហើយក៏​នាំមក​នូវ​លទ្ធផល​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ។ បើ​ព្រះ​យេស៊ូវ​ជា​ក្សត្រ​របស់​អ្នក នោះ​អ្នក​ត្រូវ​រស់នៅ​ជា​រាស្ត្រ​ព្រះ​អង្គ ដោយ​ខិតខំ​ស្តាប់​បង្គាប់​ព្រះ​អង្គ ទោះ​ការ​បង្គាប់​របស់​ព្រះ​អង្គ​មិន​ត្រូវ​ចិត្ត​អ្នក​ក៏​ដោយ។ ហើយ​អ្នក​ក៏​ត្រូវ​មាន​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ព្រះ​អង្គ ខ្លាំង​ជាង​អ្វី​ផ្សេង​ទៀត ព្រោះ​លោកីយ៍​នេះ​មិនមែន​ជា​ផ្ទះ​អ្នក ហើយ​អ្នក​គ្រាន់តែ​ជា​អ្នក​ដំណើរ​ឆ្លង​កាត់​លោកីយ៍​នេះ​ប៉ុណ្ណោះ។

សាវ័ក ប៉ុល បាន​សរសេរ​ថា «ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន​សួគ៌​វិញ ក៏​នៅចាំ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អង្គ​សង្គ្រោះ ទ្រង់​យាង​មកពី​ស្ថាន​នោះ​ឯង» (ភីលីព ៣:២០)។ ចូរ​យើង​ប្រាកដ​ថា យើង​កំពុង​រស់នៅ​ជា​ពលរដ្ឋ​របស់​នគរ​ស្ថាន​សួគ៌ ជា​នគរ​ដែល​ប្រសើរ​បំផុត និង​ជា​រាស្ត្រ​របស់​ក្សត្រ​ដែល​ធំ​ប្រសើរ​បំផុត។ យើង​ចូល​រួម​ជា​មួយ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ទាំងមូល ក្នុង​ការ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​អង្គ អស់​កល្ប​ជានិច្ច។ ចូរ​យើង​ចូល​រួម ក្នុង​ពេល​សព្វថ្ងៃ ដោយ​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​យើង​ផង​ដែរ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ២៤

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជនគណនា ១៧-១៩ និង​វិវរណៈ ២១

More articles