ទំនុកដំកើង ១៦
ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ។ ទំនុកដំកើង ១៦:១១ឮ
កាលពីឆ្នាំ២០១៤ ប្រជាជននៅភូមិមួយ ក្នុងប្រទេសន័វេយ បានដាំបង្គោលផ្លាកសញ្ញាចរាចរណ៍មួយ ដើម្បីលើកទឹកចិត្តអ្នកដំណើរទាំងឡាយឲ្យឆ្លងថ្នល់តាមរបៀបកំប្លែងៗ។ គោលបំណងរបស់គេ គឺដើម្បីបង្កើតពេលវេលាដែលគួរឲ្យអស់សំណើចពីរបីនាទី សម្រាប់ “អ្នកឆ្លងថ្នល់តាមរបៀបកំប្លែង” និងអ្នកដទៃទៀត ដែលកំពុងមើលពួកគេ និយាយរួម គឺដើម្បីឲ្យពួកគេបង្កើតភាពរីករាយសម្រាប់គ្នាទៅវិញទៅមក នៅថ្ងៃនីមួយៗ។ ការមើលឃើញកាយវិការកំប្លែងតែបន្តិចដូចនេះ ក៏អាចនាំមកនូវការលើកទឹកចិត្តដល់វិញ្ញាណដែលកំពុងបាក់ទឹកចិត្ត បានមួយរយៈផងដែរ។
ព្រះគម្ពីរប៊ីបបានទទួលស្គាល់ថា យើងនឹងមានរដូវកាលដែលពិបាក និងជួបទុក្ខព្រួយ ដែលបណ្តាលឲ្យយើងមានអារម្មណ៍បាក់ទឹកចិត្ត។ កណ្ឌគម្ពីរបរិទេវ និងបទគម្ពីរទំនុកដំកើងជាច្រើន បានពិពណ៌នាអំពីការឈឺចាប់ប្រភេទនេះ។ តែបទគម្ពីរទាំងនោះក៏បានចង្អុលបង្ហាញ ឲ្យយើងងាកទៅរកការអ្វី ដែលអាចនាំមកនូវក្តីអំណរដ៏ស្ថិតស្ថេរ ក្នុងកាលៈទេសៈទាំងអស់ គឺក្តីអំណរក្នុងព្រះវត្តមានព្រះ។ ស្តេចដាវីឌបាននិពន្ធបទគម្ពីរទំនុកដំកើងជំពូក១៦ ដោយគិតដល់ពេលអនាគតអស់កល្បជានិច្ច ដែលទ្រង់នឹងមានជាមួយព្រះ។ អ្នកដែលនៅមានជីវិត នៅក្រោយពេលដែលព្រះយេស៊ូវបានសុគត និងមានព្រះជន្មរស់ឡើងវិញ អាចស្គាល់ព្រះវត្តមានព្រះ ក្នុងពេលសព្វថ្ងៃ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។
ភាពកំប្លុកកំប្លែងប្រហែលជាមានរយៈពេលខ្លី តែអាចលើកទឹកចិត្តយើង ក្នុងពេលដ៏ពិបាក។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីដកពិសោធនឹងក្តីអំណរដ៏ស្ថិតស្ថេរ ដែលជួយទ្រទ្រង់យើង ក្នុងការឆ្លងកាត់រដូវកាលដែលឈឺចាប់បំផុតនៃជីវិត យើងត្រូវ “ជ្រកកោន” នៅក្នុងព្រះអង្គ(ខ.១) ដែលជួយគំនិត និងបានបង្គាប់យើង(ខ.៧)។ ព្រះអង្គនឹងមិនដែលបោះបង់យើងចោលឡើយ ផ្ទុយទៅវិញ ព្រះអង្គ “នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់មានសេចក្ដីអរសប្បាយជាដរាបតទៅ”(ខ.១១)។—Kirsten Holmberg
តើមានអ្វីនាំឲ្យអ្នកមានអំណរ ក្នុងរដូវកាលនៃទុក្ខលំបាក? តើព្រះវត្តមានរបស់ព្រះ បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះវិញ្ញាណបរិសុទ្ធ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានគង់នៅជាមួយទូលបង្គំ
ក្នុងថ្ងៃដែលរីករាយ ក៏ដូចជាថ្ងៃក្រៀមក្រំ។ ព្រះអង្គជាប្រភពនៃក្តីអំណររបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១៦-១៨ និង លូកា ២២:៤៧-៧១