ព្រះ​អង្គ​ជា​អ្នក​ផ្គត់ផ្គង់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ន៉ាអូមី និង​កូន​ប្រសា​ទាំង២ក៏​ប្រុង​ប្រៀប ដើម្បី​នឹង​ចេញពី​ស្រុក​ម៉ូអាប់​ត្រឡប់​វិល​ទៅវិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះយេហូវ៉ា​ទ្រង់​បាន​យាង​មក​ប្រោស​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​មាន​អាហារ» (នាងរស់ ១:៦)។

ភូមិ​បេថ្លេហិម ជាទី​ប្រជុំជន​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ​ព្រះ​គម្ពីរ។ ក្នុង​ភូមិ​នេះ​ស្ដេច ដាវីឌ ធ្លាប់​បាន​ឃ្វាល​ហ្វូង​ចៀម​ទ្រង់ មុន​ពេល​ទ្រង់​ទទួល​ការ​ចាក់​ប្រេង​តាំង ឲ្យ​ឡើង​សោយរាជ្យ។ មួយ​ពាន់​ឆ្នាំ​ក្រោយ​មក នៅពេល​ដែល​ក្រុម​អ្នក​គង្វាល​ផ្សេង​ទៀត កំពុង​មើលថែ​ហ្វូង​ចៀម​របស់​ខ្លួន ពួក​ទេវតា​បាន​ប្រកាស​អំពី​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ភូមិ​នេះ​ផង​ដែរ។

ទោះជា​យ៉ាងណា​ក៏​ដោយ មុន​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង​នេះ គឺ​មាន​សម័យ​ពួក​ចៅហ្វាយ ដែល​មាន​លក្ខណៈ​ហិង្សា ភាព​វឹកវរ​ខាង​សង្គម នយោបាយ និង​ជំនឿ។ ក្នុង​សម័យ​នោះ ភាព​អត់​ឃ្លាន​បាន​កើត​មាន ធ្វើ​ឲ្យ​ភូមិ​ដែល​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ប្រែ​ម​កថា «ផ្ទះ​ដែល​មាន​នំ​ប៉័ង» ក្លាយ​ជា​ផ្ទះ​ដែល​មាន​ភាព​អត់​ឃ្លាន និង​ទុក្ខ​លំបាក។

ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ទាំង​នេះ បុរស ឈ្មោះ អេលីម៉ាលេច បាន​នាំ​ប្រពន្ធ​ឈ្មោះ​ន៉ាអូមី និង​កូន​ប្រុស​ទាំង​ពីរ​ទៅ​ស្រុក​ម៉ូអាប់ ដើម្បី​ស្វែងរក​អាហារ។ ឈ្មោះ អេលីម៉ាលេច មានន័យថា «ព្រះ​អម្ចាស់​របស់​ខ្ញុំ​គឺជា​ស្ដេច» ដូច​នេះ ការ​ដែល​គាត់​សម្រេច​ចិត្ត​ចាក​ចេញពី​ទឹកដី​សន្យា​ទៅ​រស់នៅ​ក្នុង​ទឹកដី​របស់​សត្រូវ​របស់​ពួក​អ៊ីស្រាអែល អាច​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ថា តើ​គាត់​ពិតជា​បាន​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះ ឬ​ប្ដេជ្ញា​ចិត្ត​ស្តាប់​បង្គាប់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​ឬ​ទេ?

ស្រុក​ម៉ូអាប់​ក៏បាន​ក្លាយ​ជា​កន្លែង​សោកនាដកម្ម​សម្រាប់​ពួក​គេ គឺ​មិនមែន​ជា​កន្លែង​សម្បូរសប្បាយ​ទេ។ លោក អេលីម៉ាលេច និង​កូន​ប្រុស​គាត់​ក៏បាន​ស្លាប់ ដោយ​បន្សល់​ទុក​នាង​ន៉ាអូមី ជា​ស្ត្រី​មេម៉ាយ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​ក៏​បាន​លេច​ឡើង ក្នុង​ភាព​ងងឹត​នៃ​ការ​ឈឺ​ចាប់​របស់​នាង​ន៉ាអូមី ពេល​ដែល​នាង​បាន​ទទួល​ដំណឹង​ថា ភូមិ​បេថ្លេហិម​មាន​អាហារ​បរិភោគ​ដូច​មុន។ ព្រះ​អម្ចាស់​បាន​ផ្គត់ផ្គង់​អាហារ​ដល់​រាស្ត្រ​ព្រះ​អង្គ​ក្នុង​ទឹកដី​របស់​ព្រះ​អង្គ។

ពីរបី​ពាន់​ឆ្នាំ​ក្រោយ​មក យើង​បាន​ជួប​ការ​ល្បួង​ឲ្យ​ប្រញាប់​មើល​រំលង​សេចក្តី​ពិត​ដែល​ថា ព្រះ​អម្ចាស់​បំពេញ​តម្រូវការ​របស់​រាស្ត្រ​ព្រះ​អង្គ។ អ្នក​បាន​ដឹង អំពី​សេចក្តី​សង្គ្រោះ​របស់​អ្នក តែ​អ្នក​ប្រហែល​ជា​ងាយ​នឹង​ភ្លេច​ថា ព្រះ​អង្គ​បំពេញ​តម្រូវការ​អ្នក​ជា​រៀង​រាល់​ថ្ងៃ! តើ​យើង​មើល​ឃើញ អ្វីៗ​ដែល​ព្រះ​អង្គ​កំពុង​ប្រទាន​ឲ្យ​យើង និង​ធ្វើ​សម្រាប់​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ឬ​ទេ? រៀង​រាល់​យប់ មុន​ពេល​យើង​ចូល​គេង តើ​យើង​មាន​ចិត្ត​ដែល​ពេញ​ទៅ​ដោយ​ការ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​យើង​ឬ​ទេ?

អាហារ​ដែល​យើង​បាន​ទទួល​ជា​រៀង​រាល់​ថ្ងៃ គឺជា​ឧទាហរណ៍​ជាក់​ស្ដែង​នៃ​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ​ជា​ប្រចាំ។ គ្មាន​នរណា​ម្នាក់ ដែល​ដើរ​ចុះ​ឡើង នៅ​លើ​ផ្លូវ នៅ​ចន្លោះ​ធ្នើរ​ដាក់​ទំនិញ​ក្នុង​ហាង​លក់​គ្រឿង​ទេស ដោយ​ចិត្ត​ដែល​ស្ញប់​ស្ញែង និង​ដឹង​គុណ​ព្រះ​ដូច​គ្រីស្ទបរិស័ទ​ឡើយ! និយាយ​ឲ្យ​ខ្លី ព្រះ​អម្ចាស់​គឺជា​អ្នក​ដាក់​អាហារ​ចូល​ទូចាន ឬ​ទូ​ទឹកកក​ក្នុង​ផ្ទះ​បាយ​របស់​យើង។ ពេល​យើង​យក​ពង​ទា និង​ទឹក​ដោះ​គោ​ចេញពី​ទូ​ទឹកកក​មក យើង​អាច​ពោល​ឡើង​ថា «នេះ​គឺជា​ការ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ធ្វើ ហើយក៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ» (ទំនុក​តម្កើង ១១៨:២៣)។

ទោះ​ហេតុការណ៍​ក្នុង​ជីវិត​យើង​មាន​ភាព​ងងឹត ឬ​មាន​ការ​ឡើង​ចុះ​យ៉ាងណា​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​រាស្ត្រ​ព្រះ​អង្គ និង​ធ្វើ​ការ​ក្នុង​ជីវិត​យើង ដើម្បី​សម្រេច​គោលបំណង​របស់​ព្រះ​អង្គ។ ហើយ​ជា​ញឹក​ញាប់ ព្រះ​អង្គ​សម្រេច​ព្រះទ័យ​ធ្វើ​ដូច​នេះ តាមរយៈ​មនុស្ស​ដែល​យើង​មិន​នឹក​ស្មាន​ដល់ និង​ដោយ​យើង​មិន​ដឹង​ខ្លួន។ ព្រះ​អង្គ​បាន​សម្រេច​គោលបំណង ដោយ​ធ្វើ​កិច្ចការ​ដ៏​ធំ​ប្រសើរ តាមរយៈ​នាង​ន៉ាអូមី និង​គ្រួសារ​របស់​គាត់ ហើយ​រឿង​នេះ​បាន​ចាប់​ផ្ដើម​ដោយ​ការ​ផ្គត់ផ្គង់ នៅ​ភូមិ​បេថ្លេហិម។ យើង​ក៏​ចាំ​បាច់​ត្រូវ​បើក​ភ្នែក​យើង​ឲ្យ​មើល​ឃើញ​ថា ការ​ផ្គត់ផ្គង់​អាហារ​មកពី​ព្រះ​អង្គ គឺជា​ការ​ចង្អុល​បង្ហាញ អំពី​ការ​ផ្គត់ផ្គង់​តម្រូវការ​ធំ​បំផុត​របស់​យើង ដែល​ត្រូវ​ការ​ព្រះ​ប្រោស​លោះ​យើង គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​អំពី​ការ​ផ្គត់ផ្គង់​ដោយ​ការ​ត្រាស់​ហៅ​ធំ​បំផុត​សម្រាប់​យើង «សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម» ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ (អេភេសូរ ២:‌១០)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ១៧:២៤-៣១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូណាស និង​ម៉ាថាយ ៥:២៧-៤៨

More articles