លោកុប្បត្តិ ២៩:៣១-៣៥
នាងគិតថា ម្តងណេះអញនឹងសរសើរដល់ព្រះយេហូវ៉ា ដោយហេតុនោះបានជានាងឲ្យឈ្មោះថា យូដា។ លោកុប្បត្តិ ២៩:៣៥
ថ្ងៃមួយ អ្នកស្រីដូនណា(Donna) ជាម្តាយដែលមានកូនបីនាក់ បាននិយាយថា “ខ្ញុំមិនចូលចិត្តទិវាអ្នកម្តាយទាល់តែសោះ។ វាបានធ្វើឲ្យខ្ញុំនឹកចាំថា ខ្ញុំមានចំណុចខ្វះខាត និងបរាជ័យដែលខ្ញុំធ្លាប់មាន និងកំពុងមាន ក្នុងនាមខ្ញុំជាម្តាយ”។
អ្នកស្រីដូនណាបានចាប់ផ្តើមជីវិតជាម្តាយ ដោយការរំពឹងខ្ពស់ពេក។ ការពិតដែលគាត់បានឃើញជាក់ស្តែង ក៏បានធ្វើឲ្យគាត់មានការរំពឹងទាបជាងមុន។ គាត់ថា “ការធ្វើជាម្តាយគេ គឺជាភារកិច្ចដែលពិបាកបំផុត ដែលខ្ញុំបានធ្វើ”។ ក្នុងចំណោមកូនៗរបស់គាត់ មានកូនម្នាក់ដែលបានធ្វើឲ្យគាត់អស់ភាពអត់ធ្មត់។
កាលព្រះទ្រង់ជ្រើសរើសនាងឡេអា ឲ្យជាបុព្វបុរសរបស់សាសន៍អ៊ីស្រាអែល យើងអាចដឹងច្បាស់ថា គាត់ប្រាកដជាមានការរំពឹងខ្ពស់ សម្រាប់កូនរបស់គាត់ម្នាក់ៗ។ គាត់បានដាក់ឈ្មោះឲ្យកូនប្រុសដំបូង៤នាក់ ស្របទៅតាមស្ថានភាពដ៏ពិបាករបស់គាត់(លោកុប្បត្តិ ២៩:៣២-៣៥)។ ប៉ុន្តែ នៅពេលដែលព្រះគម្ពីរប៊ីបបាននិយាយអំពីរឿងដ៏ខ្មៅងងឹត យើងឃើញថា ពួកកូនប្រុសទាំងនេះក៏បានដើរតួជាមនុស្សអាក្រក់។ ខ្លះមានកំហុស ដោយសារបានសម្លាប់គេ(៣៤:២៤-៣០) និងលក់គេឲ្យធ្វើជាទាសករ(៣៧:១៧-២៨)។ ក្នុងការពិពណ៌នាកាន់តែធ្ងន់ធ្ងរក្នុងព្រះគម្ពីរប៊ីប យើងឃើញថា កូនប្រុសគាត់ ឈ្មោះយូដា គឺជាជនកំណាច(ជំពូក ៣៨)។
ប៉ុន្តែ ព្រះទ្រង់បានសម្រេចព្រះទ័យបញ្ជូនព្រះមែស៊ី ឲ្យយាងមកចាប់កំណើតជាមនុស្ស នៅក្នុងវង្សត្រកូលរបស់កូនចៅរបស់នាងឡេអា ដែលរាប់បញ្ចូលទាំងលោកយូដាផងដែរ ទោះគាត់បានប្រព្រឹត្តខុសក៏ដោយ។ ព្រះអង្គបានរៀបចំឲ្យមានការប្រោសលោះមនុស្សជាតិឲ្យរួចពីបាប តាមរយៈកាលៈទេសៈដែលពិបាកបំផុត និងតាមរយៈមនុស្សដែលគេមិនរំពឹងថា ព្រះអង្គនឹងប្រើ។
អ្នកស្រីដូនណា ក៏បានយល់អំពីសេចក្តីពិតនេះ។ ខណៈពេលដែលគាត់ប្រឈមមុខដាក់បញ្ហាប្រឈមទាំងអស់ ក្នុងការចិញ្ចឹមកូន គាត់បានបន្តដំណើរទៅមុខទៀត និងបន្តអធិស្ឋាន ទោះគាត់មិនតែងតែរកឃើញចម្លើយ សម្រាប់បញ្ហារបស់គាត់ក៏ដោយ។ ហើយចុះចំណែកកូនដែលធ្វើឲ្យគាត់អត់ភាពអត់ធ្មត់? សព្វថ្ងៃនេះ កូននោះបានចម្រើនវ័យធំឡើង ដោយស្រឡាញ់ និងគោរពម្តាយរបស់គាត់។ អ្នកស្រីដុនណាបានក្រឡេកមកក្រោយ ហើយនិយាយថា “ព្រះអង្គប្រហែលជាបានចាត់គាត់មក ឲ្យធ្វើជាកូនរបស់ខ្ញុំ ដើម្បីបង្រៀនខ្ញុំ ឲ្យស្គាល់ខ្លួនឯង និងស្គាល់ព្រះអង្គកាន់តែច្បាស់”។—Tim Gustafson
តើអ្នកបានជួបការខកចិត្តខ្លាំងបំផុត នៅត្រង់ចំណុចណានៃជីវិតអ្នក? តើអ្នកបានរៀនសូតអ្វីខ្លះ អំពីព្រះតាមរយៈបញ្ហានេះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ ក្នុងគ្រប់ការទាំងអស់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៣-១៤ និង យ៉ូហាន ២