ស្លាប់​ដោយ​មិន​ស្តាយ​ក្រោយ

លូកា ១២:១៣-២១

ឱ​មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលា​យប់​នេះឯង អញ​នឹង​ដក​យក​​ព្រលឹង​ឯង​ទៅវិញ​។ លូកា ១២:២០

នៅពេល​ដែល​មនុស្ស​ដឹង​ថា ខ្លួន​ជិត​ដល់​ពេល​ស្លាប់ ពួកគេ​មិន​ដែល​និយាយ​អំពី​របស់​ទ្រព្យ ដែល​ពួកគេ​បាន​ចំណាយ​ពេល​ជា​ញឹក​ញាប់​ក្នុង​ជីវិត ដើម្បី​ដេញ​តាម​ពួកវា​នោះ​ឡើយ​។ អ្នក​គ្រូ ប្រូនី វែរ(Bronnie Ware) ជា​ពេទ្យ​ជំនាញ​ថែទាំ​អ្នក​ជំងឺ​ដែល​ជិត​ស្លាប់ បាន​សង្កេត​ឃើញ​អ្នក​ជំងឺ​ជា​ច្រើន​មាន​ការ​ឆ្លើយតប​ដូច​នេះ នៅពេល​ដែល​គាត់​អង្គុយ​នៅ​ក្បែរ​អ្នក​ជំងឺ​ដែល​ជិត​ដល់​ពេល​លាចាក​លោក ។ គាត់​បាន​សួរ​ពួកគេ​ដោយ​ត្រង់ៗថា “តើ​អ្នក​នឹង​ធ្វើ​អ្វីៗ ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​ទេ បើ​អ្នក​មាន​ឱកាស​ធ្វើ​ម្តង​ទៀត?” គាត់​ទទួល​បាន​ចម្លើយ​ដូច​គ្នា​ជា​ច្រើន ហើយក៏​បាន​ប្រមូល​ផ្តុំ​ចម្លើយ​ដាក់​ក្នុង​បញ្ជី​ការ​ស្តាយ​ក្រោយ​ធំ​បំផុត៥យ៉ាង ដែល​មនុស្ស​មាន នៅពេល​ពួកគេ​ជិត​ស្លាប់ ដែល​មាន​ដូចជា (១) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​មាន​ចិត្ត​ក្លាហាន ដើម្បី​រស់នៅ​ឲ្យ​ត្រូវ​នឹង​ចារិក​លក្ខណៈ​ពិត​របស់​ខ្ញុំ​។ (២) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​ខ្លាំង​ពេក​។ (៣) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​មាន​ចិត្ត​ក្លាហាន ដើម្បី​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្ញុំ​។ (៤) ខ្ញុំ​ស្តាយ​ណាស់ ដែល​មិន​បាន​ទំនាក់​ទំនងជា​មួយ​មិត្ត​ភក្តិ​ឲ្យ​បាន​ជាប់​លាប់​។ ហើយ (៥) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​បាន​រស់នៅ ឲ្យ​បាន​សប្បាយ​ចិត្ត​ជាង​នេះ​។

ការ​ស្តាយ​ក្រោយ​របស់​អ្នក​ជំងឺ ដែល​អ្នក​គ្រូ​បាន​លើក​ឡើង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​ប្រៀប​ប្រដូច ដែល​ព្រះ​យេស៊ូវ​បាន​ចែក​ចាយ នៅ​ក្នុង​បទ​គម្ពីរ លូកា ជំពូក១២​។ បុរស​អ្នក​មាន​ម្នាក់​បាន​សម្រេច​ចិត្ត​សង់​ជង្រុក​ឲ្យ​ធំជាង​មុន ដើម្បី​ស្តុក​ទុក​ផល​ដំណាំ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ហើយ​ក្រោយមក គាត់​ក៏បាន​ប្រាប់​ខ្លួន​ឯង​ថា គាត់​នឹង​រស់នៅ លើ​គំនរ​ទ្រព្យ​សម្បត្តិ ឲ្យ​បាន​សប្បាយ​ចិត្ត ដោយ​ការ​សម្រាក​លំហែ រហូត​ដល់​ថ្ងៃ​ស្លាប់(ខ.១៨-១៩)។ តែ​នៅពេល​នោះ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយតប ដោយ​សំណួរ​ធ្ងន់​ៗ​ថា “ឱ​មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលា​យប់​នេះឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅវិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅជា​របស់​អ្នកណា​វិញ?”(ខ.២០)។

តើ​យើង​អាច​ស្លាប់ ដោយ​គ្មាន​ការ​ស្តាយ​ក្រោយ​ទាល់តែសោះ​បានទេ? យើង​ពិបាក​ដឹង ឲ្យ​បាន​ច្បាស់​អំពី​រឿង​នេះ​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​ឲ្យ​យើង​បាន​ដឹង​ច្បាស់​ថា ការ​បង្គរ​ទ្រព្យ​ទុក​សម្រាប់​ខ្លួនឯង នៅ​លើ​ផែនដី គឺជា​ទង្វើ​អសារ​ឥតការ​។ ភាព​មាន​បាន​ពិត​ប្រាកដ កើត​ចេញពី​ជីវិត​ដែល​មាន​ការ​លះបង់​នៅ​ក្នុង​ព្រះ​។—John Blasé

ចុះ​បើសិន​ជា​ព្រះ​ទ្រង់​ដក​ជីវិត​អ្នក​នៅ​ថ្ងៃ​នេះ? តើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ជា​ទង្វើ​ឆ្លាតវៃ ឬ​ល្ងង់​ខ្លៅ? តើ​ហេតុ​អ្វី?

ឱ​ព្រះយេស៊ូវ ពេលណា​សេចក្តី​ស្លាប់​ត្រូវ​មកដល់ ទូល​បង្គំ​ចង់​មាន​ការ​ស្តាយ​ក្រោយ​តិច​បំផុត​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​រស់នៅ ដោយ​ប្រាជ្ញា ដោយ​កសាង​ជីវិត​ដែល​មាន​បាន នៅ​ក្នុង​ព្រះអង្គ​។

For further study, read Die First, Then Comes the End at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៥-១៦ និង យ៉ូហាន ៣:១-១៨

More articles