ព្រះ​អម្ចាស់​នៃ​ភាព​សាមញ្ញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«គឺ​យ៉ាង​នោះ​ហើយ ដែល​ន៉ាអូមី​បាន​វិល​ពី​ស្រុក​ម៉ូអាប់​មកវិញ មាន​ទាំង​នាងរស់ ជា​សាសន៍​ម៉ូអាប់ កូន​ប្រសា​ខ្លួន​មក​ជា​មួយ​ផង គេ​មកដល់​ក្រុង​បេថ្លេហិម នៅដើម​រដូវ​ចំរូត​ស្រូវ​ឱក» (នាងរស់ ១:២២)។

នៅ​ក្នុង​ការ​អាន ការ​ទស្សនា ឬ​ស្តាប់​ព័ត៌មាន​នៅពេល​ព្រឹក តើ​អ្នក​ធ្លាប់​គិត​ថា ខ្លួន​របស់​អ្នក​មាន​ភាព​តូចតាច​យ៉ាង​ខ្លាំង​ដែរ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា «តើ​ព្រះ​អម្ចាស់​ពិតជា​ស្គាល់​ខ្ញុំ​ជា​នរណា ឬ​កំពុង​នៅ​កន្លែងណា​ទេ? តើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​គ្រប់​យ៉ាង មាន​ចំណាប់​អារម្មណ៍​អ្វី​មក​លើ​ខ្ញុំ?» យើង​មាន​ភាព​សាមញ្ញ​ណាស់ ហើយ​យើង​ងាយ​នឹង​ជឿ​ថា ភាព​សាមញ្ញ គឺ​ស្មើ​នឹង «ភាព​គ្មាន​ប្រយោជន៍»។ ប៉ុន្តែ រឿង​របស់​នាង រស់ និង​នាង ន៉ាអូមី បាន​បើក​បង្ហាញ​ការ​យល់​ឃើញ​ខុសពី​នេះ។ តាមរយៈ​រឿង​នេះ យើង​ឃើញ​ថា ព្រះ​ហស្ត​ប្រកប​ដោយ​អធិបតេយ្យ​ភាព និង​ការ​ផ្គត់ផ្គង់ តែងតែ​ធ្វើ​ការ​នៅ​ក្នុង និង​តាមរយៈ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង។ ព្រះ​អង្គ​ជ្រាប និង​យក​ព្រះទ័យ​ទុកដាក់ ទ្រទ្រង់ ហើយ​ផ្គត់ផ្គង់​យើង។

រឿង នាង រស់ បាន​ចាប់​ផ្ដើម​នៅពេល​ដែល​លោក អេលីម៉ាលេច បាន​ធ្វើ​នូវ​កំហុស​មួយ។ លោក អេលីម៉ាលេច បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ធ្ងន់ធ្ងរ ដោយ​ចាក​ចេញពី​ភូមិ​បេថ្លេហិម ដែល​កំពុង​មាន​គ្រោះ​អត់​ឃ្លាន ទៅ​ស្រុក​ម៉ូអាប់​ដែល​កំពុង​មាន​ភាព​សម្បូរសប្បាយ​ជា​មួយ​នាង ន៉ាអូមី ជា​ភរិយា និង​កូន​ប្រុស​ទាំង​ពីរ ប៉ុន្តែ​គាត់ និង​កូន​ប្រុស​គាត់ ក៏បាន​ស្លាប់​នៅ​ទីនោះ​ដែរ។

ទោះ​លោក អេលីម៉ាលេច បាន​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​សារ​ភាព​ទាល់​ច្រក ការ​មិន​ស្កប់​ចិត្ត ឬ​ការ​មិន​ទុកចិត្ត​ព្រះ​ក៏​ដោយ តាមរយៈ​ការ​សម្រេច​ចិត្ត​នេះ ក៏​ព្រះ​គម្ពីរ​បង្រៀន​យើង​ថា ភាព​ល្ងង់​ខ្លៅ​របស់​យើង មិន​អាច​រា​រាំង​ការ​ផ្គត់ផ្គង់​របស់​ព្រះ​បាន​ទេ។ ទោះ​នៅពេល​ខ្លះ យើង​ឆ្លើយតប ចំពោះ​កាលៈទេសៈ ដោយ​វិញ្ញាណ​ខុស​ឆ្គង ដោយ​ដក​ខ្លួន​យើង​ចេញពី​ការ​ផ្គត់ផ្គង់​ដែល​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​សម្រេច​គោលបំណង​របស់​ព្រះ​អង្គ​ដែរ។ ពេល​ណា​យើង​ខ្លាច​ព្រះ​អម្ចាស់​មើល​រំលង​ជីវិត​យើង ដោយ​សារ​កំហុស​របស់​យើង យើង​អាច​សម្រាក​ក្នុង​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ​ដែល​អាច​កើត​មាន តាម​រយៈ​កំហុស​ធំ​បំផុត ឬ​តូច​បំផុត​របស់​យើង។

តើ​អ្នក​មើល​ឃើញ​ព្រះ​អង្គ​ធ្វើ​ការ នៅ​ក្នុង​ពេល​ដ៏​សាមញ្ញ​នៃ​ជីវិត​ដែរ​ឬ​ទេ? តើ​អ្នក​ឃើញ​ព្រះ​អង្គ​ធ្វើ​ការ តាមរយៈ​កំហុស​របស់​អ្នក​ដែរ​ឬ​ទេ? ឬ​មួយ​អ្នក​កំពុង​ផុង​ខ្លួន​នៅ​ក្នុង​ការ​កុហក​ថា ព្រះ​អង្គ​ធ្វើ​ការ តាម​របៀប​ដ៏​អស្ចារ្យ ឬ​តាមរយៈ​ពេល​ដែល​យើង​មាន​ការ​ស្តាប់​បង្គាប់​ធំ​បំផុត​តែ​ប៉ុណ្ណោះ?

ពេល​ណា​យើង​រក​មើល​តែ​រឿង​ដែល​អស្ចារ្យ យើង​នឹង​មើល​រំលង​សិរី​ល្អ​របស់​ព្រះ​នៅ​ក្នុង​ភាព​សាមញ្ញ ដូចជា នៅ​ក្នុង​ចាន​ដាក់​ផ្លែឈើ​នៅ​លើ​តុ ក្នុង​អាហារ​ដែល​បាន​រៀបចំ​បាន​ល្អ ក្នុង​សម្លេង​សត្វ​ចាប​យំ​ល្វើយៗ​ក្នុង​ការ​សន្ទនា​ជា​មួយ​មិត្ត​ភក្តិ និង​ក្នុង​ការ​មើល​ដួង​ច័ន្ទ​បញ្ចេញ​ពន្លឺ​កាត់​តាម​ពពក នៅ​ពេលយប់។ ពេល​ណា​យើង​សន្និដ្ឋាន​ថា ព្រះ​អម្ចាស់​ធ្វើ​ការ តែ​នៅ​ពេល​ណា​យើង​មាន​ភាព​ល្អ​ត្រឹម​ត្រូវ យើង​នឹង​មើល​រំលង​ព្រះ​គុណ​ព្រះ ដែល​ធ្វើ​ការ​តាមរយៈ​មនុស្ស​មាន​បាប តាមរយៈ​ការ​សន្ទនា​អំពី​ព្រះ​គ្រីស្ទ​ជា​មួយ​អ្នក​ជិត​ខាង ឪពុក​ម្តាយ​សុំ​ទោស​កូន បន្ទាប់​ពី​បាន​និយាយ​ដោយ​គ្មាន​ចិត្ត​អត់​ធ្មត់ ចំពោះ​ពួក​គេ និង​ការ​អធិស្ឋាន​ឲ្យ​នរណា​ម្នាក់​ជាដើម ព្រោះ​ការ​ថប់​បារម្ភ​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់។ សម្រាប់​នាង រស់ និង​នាង ន៉ាអូមី ការ​មើល​ឃើញ​វាល​ស្រែ​មាន​ស្រូវ​ឱក​ទុំ ល្មម​នឹង​ឲ្យ​គេ​ច្រូត​កាត់ គឺ​គ្រាន់តែ​ជា​ផ្ទាំង​ទស្សនីយភាព​ធម្មតាៗ​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ពិត​ការ​មើល​ឃើញ​នេះ បាន​ប្រកាស​អំពី​ការ​ផ្គត់ផ្គង់​របស់​ព្រះ ដល់​ពួក​គេ។ មនុស្ស​ធ្វើ​ខុស ហើយ​ការ​សោក​សង្រេង​បាន​កើត​មាន ប៉ុន្តែ​ការ​ប្រមូល​ផល​ស្រូវ​ឱក គឺ​បាន​បង្ហាញ​ថា ព្រះ​អម្ចាស់​ទ្រង់​ជ្រាប យក​ព្រះទ័យ​ទុកដាក់ ទ្រទ្រង់ និង​ផ្គត់ផ្គង់​រាស្ត្រ​ព្រះ​អង្គ។

ព្រះ​អង្គ​មិន​ដែល​ប្រែ​ប្រួល។ ទោះ​ព្រះ​អង្គ​មាន​ចក្រវាល​ទាំង​មូល​សម្រាប់​មើលថែ​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​ងាក​មក​មើល​អ្នក និង​ខ្ញុំ ហើយ​មាន​បន្ទូល​ថា មើល អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាតដៃ​របស់​អញ​ហើយ អស់​ទាំង​កំផែង​ឯង​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច (អេសាយ ៤៩:‌១៦)។ ចូរ​យើង​ទទួល​ការ​កម្សាន្ត​ចិត្ត និង​សន្តិភាព​ក្នុង​ចិត្ត ដោយ​ដឹង​ចាំ​ថា ព្រះ​អង្គ​កំពុង​ទ្រទ្រង់ និង​ដឹកនាំ​កូន​ព្រះ​អង្គ

ទោះ​ថ្ងៃ​នេះ ជីវិត​យើង​មាន​ភាព​សាមញ្ញ​យ៉ាងណា​ក៏​ដោយ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ១៣៩

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ៣-៥ និង​ម៉ាថាយ ៦:១៩-៣៤

More articles