នាំ​ទុក្ខ​លំបាក​មក​ទូល​ថ្វាយ

២ពង្សាវតាក្សត្រ ១៩:១៤-២០

ហេសេគា​ក៏​ទទួល​សំបុត្រ​នោះ … រួច​ទ្រង់​យាង​ឡើង​ទៅ​ក្នុង​ព្រះវិហារ​​នៃ​ព្រះយេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះអង្គ​។ ២ពង្សាវតាក្សត្រ ១៩:១៤

មាន​ពេល​មួយ ប្រាយអិន(Brian) បាន​ជួប​គ្រូ​ពេទ្យ​ឯកទេស​បេះដូង ជាង១ម៉ោង​។ មិត្ត​ភក្តិ​របស់​គាត់​បាន​អង្គុយ នៅ​ក្នុង​បន្ទប់​រង់​ចាំ ដោយ​អធិស្ឋាន​សូម​ប្រាជ្ញា និង​ការ​ប្រោស​ឲ្យ​ជា សម្រាប់​មិត្ត​ភក្តិ​ដែល​កំពុង​មាន​ជំងឺ​នេះ​។ នៅពេល​ដែល​ប្រាយអិន បាន​វិល​ត្រឡប់​មក​បន្ទប់​រង់​ចាំ​វិញ គាត់​ក៏បាន​បង្ហាញ​ក្រដាស​ជា​ច្រើន​សន្លឹក ដែល​គាត់​ទទួល​បាន​ពី​គ្រូ​ពេទ្យ​។ នៅពេល​ដែល​គាត់​តម្រៀប​ក្រដាស​ទាំង​នោះ​នៅ​លើ​តុ គាត់​ក៏បាន​ពិភាក្សា​គ្នា អំពី​ជម្រើស​ផ្សេងៗ ដែល​គាត់​កំពុង​ពិចារណា ដើម្បី​ព្យាបាល​ជំងឺ​ដែល​កំពុង​គំរាម​កំហែង​ជីវិត​គាត់​។ អ្នក​ទាំង​ពីរ​ក៏បាន​ពិភាក្សា​គ្នា​ថា ពួក​គេ​ត្រូវ​អធិស្ឋាន សូម​ប្រាជ្ញា​ពី​ព្រះអង្គ សម្រាប់​ជំហាន​បន្ទាប់​។ ហើយ​បន្ទាប់មក ប្រាយអិន​ក៏​បាន​និយាយ​ថា “ទោះ​ខ្ញុំ​ទទួល​លទ្ធផល​យ៉ាងណា​ក៏ដោយ នៅពេល​ខាង​មុខ ជីវិត​ខ្ញុំ​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះអង្គ​ហើយ”។

នៅ​គ្រា​សញ្ញាចាស់ ស្តេច​ហេសេគា​បាន​លា​សំបុត្រ​អាន នៅ​ចំពោះ​ព្រះអម្ចាស់(២ពង្សាវតាក្សត្រ ១៩:១៤)។ ពាក្យ​នៅ​ក្នុង​សំបុត្រ​នោះ មិន​បាន​និយាយ​អំពី​ស្ថានភាព​ជំងឺ​ដែល​កំពុង​គំរាម​កំហែង​ជីវិត​ទេ តែ​បាន​និយាយ​អំពី​កងទ័ព​ដ៏​មាន​អំណាច​របស់​ចក្រភព​អាស​ស៊ើរ ដែល​បាន​វាយ​កាន់​កាប់​ទីក្រុង​ទាំង​អស់​ដែល​មាន​កំផែង​ការពារ ក្នុង​នគរ​យូដា ហើយ​កំពុង​ត្រៀម​វាយ​យក​​ទីក្រុង​យេរ​សាឡិម ជា​រាជធានី​។ ស្តេច​ហេសេគា​ក៏​បាន​អធិស្ឋាន​ថា “គឺ​ទ្រង់តែ១ព្រះ‌អង្គ​ទ្រង់ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី​នេះ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី … ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួចពី​កណ្តាប់​ដៃ​គេ​ផង”(ខ.១៥,១៩)។ មិន​យូរ​ប៉ុន្មាន​ហោរា​អេសាយ ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​ស្តេច​ហេសេគា ដោយ​ទូល​​ទ្រង់​ថា ព្រះអម្ចាស់​បាន​មាន​បន្ទូល​ឆ្លើយ​តប​ថា “សេចក្ដី​ដែល​ឯង​​បាន​អធិស្ឋាន​​ដល់​អញ ពី​ដំណើរ​សានហេរីប ជា​ស្តេច​អាស​ស៊ើរ នោះអញ​បាន​យល់​ព្រម​ហើយ”(ខ.២០)។ ហើយ​នៅ “យប់​នោះ” ព្រះ​ទ្រង់​ក៏បាន​បំផ្លាញ​កងទ័ព​របស់​សាសន៍​អាស​ស៊ើរ(ខ.៣៥)។

ទោះ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏ដោយ​នៅ​ថ្ងៃ​នេះ ចូរ​យក​វា​មក​ទូល​ថ្វាយ​ព្រះអម្ចាស់​។ ពេលណា​អ្នក “ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​”(ភីលីព ៤:៦) ព្រះ​អង្គ​ស្តាប់​ឮ​អ្នក ហើយ​ក៏​គង់​នៅ​ជាមួយ​អ្នក​ស្រាប់​ហើយ​។ អ្នក​អាច​សម្រាក​ក្នុង​ព្រះ​ហស្ត​ព្រះអង្គ ដោយ​ទំនុក​ចិត្ត ខណៈ​ពេល​ដែល​អ្នក​បាន​ដក​ពិសោធន៍​ជាមួយ​ប្រាជ្ញា សេចក្តី​ស្រឡាញ់ និង​​ក្តី​សង្ឃឹម​ដែល​ព្រះ​អង្គ​ប្រទាន​មក​អ្នក​។—Tom Felten

តើ​អ្នក​អាច​រៀបរាប់​ទុក្ខ​លំបាក​របស់​អ្នក នៅ​ចំពោះ​ព្រះអង្គ នៅ​ថ្ងៃ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?
តើ​អ្នក​អាច​សម្រេច​ចិត្ត​សម្រាក ដោយ​ទំនុក​ចិត្ត ក្នុង​ព្រះ​ចេស្តា និង​ព្រះ​វត្ត​មាន​របស់​ព្រះអង្គ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ស្តាប់​ឮ​ទូល​បង្គំ ពេល​ណា​ទូល​បង្គំ​ទូល​​ថ្វាយ​ការ​ព្រួយ​បារម្ភ​ដល់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៩-២១ និង យ៉ូហាន ៤:១-៣០

More articles