នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ

ព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ

ដោយLisa Samra

May 29, 2025

កិច្ចការ ១:១-៩

កាលណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​នឹង​ធ្វើ​ជាទី​បន្ទាល់​ពី​ខ្ញុំ ... រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ។ កិច្ចការ ១:៨

ពេល​មួយ ទីក្រុង​របស់​ខ្ញុំ​ស្ទើរ​តែ​ងងឹត​គ្រប់​ទី​កន្លែង ដោយសារ​ព្យុះ​ទឹកកក​ធំ​មួយ ដែល​បាន​ធ្វើ​ឲ្យ​ដាច់​ខ្សែ​ភ្លើង​ជា​ច្រើន​គីឡូម៉ែត្រ ធ្វើឲ្យ​មិត្ត​ភក្តិ​ខ្ញុំ​ជា​ច្រើន គ្មាន​អគ្គិសនី​ប្រើ​ប្រាស់ ដើម្បី​កម្តៅ​ផ្ទះ​របស់​ពួកគេ ក្នុង​រដូវរងា​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ស្ទើរ​កក​។ ក្រុម​គ្រួសារ​ជា​ច្រើន​រង់​ចាំ​មើល​ឡាន​របស់​ជាង​ជួសជុល​ដែល​ត្រូវ​មក ដើម្បី​តភ្ជាប់​អគ្គិសនី​ឡើង​វិញ​។ ក្រោយមក ខ្ញុំ​ក៏​បាន​ដឹង​ថា គេ​បាន​ប្រើ​កន្លែង​ចត​ឡាន​របស់​ព្រះវិហារ​មួយ ធ្វើ​ជាទី​បញ្ជា​ការ​បណ្ដោះ​អាសន្ន សម្រាប់​រថយន្ត ដែលគេ​បាន​បញ្ជូន​ទៅ​ជួយ​អ្នក​ដែល​មាន​តម្រូវការ​​ផ្សេង​ៗ។

ពេល​ដែល​ខ្ញុំ​បានឮ​គេ​និយាយ អំពី​ឡាន​របស់​ជាង​ជួសជុល​ទាំង​នោះ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ព្រះ​រាជ​បញ្ជា​របស់​ព្រះយេស៊ូវ ទៅ​កាន់​ពួក​សាវ័ក​របស់​ព្រះអង្គ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ​។ រយៈ​ពេល៤០ថ្ងៃ បន្ទាប់​ពី​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​បាន​បង្ហាញ​អង្គ​ទ្រង់ ដល់​ពួក​សាវ័ក ដើម្បី​លើក​ទឹក​ចិត្ត និង​បង្រៀន​ពួកគេ អំពី​នគរ​ព្រះ(កិច្ចការ ១:៣)។ មុន​ពេល​ព្រះ​អង្គ​យាង​ឡើង​ស្ថាន​សួគ៌​វិញ ព្រះអង្គ​ក៏បាន​ប្រទាន​ព្រះបន្ទូល​សន្យា​ចុង​ក្រោយ​ថា “កាលណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្តា”(ខ.៨)។

ព្រះគ្រីស្ទ​បាន​សន្យា​ថា ព្រះ​ចេ​ស្តា​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន នឹង​បាន​ប្រទាន​មក​ពួក​សាវ័ក តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​។ ប៉ុន្តែ គោលបំណង​នៃ​ការ​ប្រទាន​ព្រះ​ចេស្តា​នេះ មិនមែន​ដើម្បី​ឲ្យ​ពួកគេ​ប្រើ​សម្រាប់​តែ​ខ្លួនឯង​នោះ​ទេ​។ ផ្ទុយ​ទៅវិញ ពួក​សាវ័ក​បាន​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ព្រះ​ចេស្តា ក្នុង​ការងារ​បេសកកម្ម ដែល​ជា​ការ​ប្រាប់​អ្នក​ដទៃ ឲ្យ​ពួកគេ​បាន​ដឹង​ថា ពួកគេ​បាន​ដាច់​ចេញពី​ព្រះ ដោយសារ​អំពើបាប ហើយ​ត្រូវ​ផ្សះ​ផ្សារ​ទំនាក់​ទំនងជា​មួយ​ព្រះអង្គ​ឡើង​វិញ ដោយ​ទទួល​សេចក្តី​សង្គ្រោះ ព្រះ​ចេស្តា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។

ខណៈ​ពេល​ដែល​យើង​ចូល​ទៅ​ក្នុង​សហគមន៍​របស់​យើង យើង​មាន​ព្រះ​ចេស្តា និង​ការ​ត្រាស់ហៅ ដូច​នេះ​ផង​ដែរ​។ ដោយ​ព្រះ​ចេស្តា​របស់​ព្រះ​វិញ្ញាណ​ យើង​អាច​ចែកចាយ​ដល់​អ្នក​ដែល​កំពុង​រង​ទុក្ខ និង​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​ក៏​អាច​ទទួល​ព្រះ​ចេស្តា​របស់​ព្រះអង្គ​។—Lisa M. Samra

តើ​អ្នក​បាន​ដក​ពិសោធន៍​ជា​មួយ​ព្រះ​ចេស្តា​នៃ​ព្រះ​វិញ្ញាណ​ព្រះ ដែល​បាន​ជួយ​អ្នក​ដូច​ម្តេច​ខ្លះ? 
តើ​អ្នក​អាច​ចែកចាយ​ទី​បន្ទាល់​នេះ​ដល់​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អង្គ​អើយ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​អំណោយ​នៃ​ព្រះ​ចេស្តា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៧-៩ និង យ៉ូហាន ១១:១-២៩