នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ធ្លាក់ទៅក្នុងទីជម្រៅ

ធ្លាក់ទៅក្នុងទីជម្រៅ

ដោយSheridan Voysey

May 30, 2025

 

ទំនុក​ដំកើង ៦៩:៦-១៥

សូម​កុំ​ឲ្យ​ទឹកជន់​មក​​ពន្លិច​ទូល​បង្គំ ឬ​ឲ្យ​ទី​ជំរៅ​លេប​ទូល​បង្គំ​បាត់ ឬ​ឲ្យ​រណ្តៅ​បិទ​មាត់​ពី​លើ​ទូល​បង្គំ​ឡើយ​។ ទំនុក​ដំកើង ៦៩:‌១៥

ព្រះ​វិហារ​សាន ហ្វ្រ៊ូតួសូ មាន​ទីតាំង នៅ​ក្នុង​ឆក​សមុទ្រ​មួយ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ពាយព្យ​នៃ​ប្រទេស​អ៊ីតាលី​។ ដើម្បី​ចូល​ទៅដល់​ព្រះវិហារ​នេះ​បាន គេ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ជិះ​ទូក ឬ​ថ្មើរជើង ហេតុ​នេះ​ហើយ ព្រះវិហារ​នេះ​គឺជា​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ ដែល​បាន​បង្កប់​ខ្លួន​នៅ​ក្នុង​តំបន់​ព្រៃ​ភ្នំ ជាប់​ឆ្នេរ​សមុទ្រ​។ ប៉ុន្តែ នៅ​តាម​បណ្តោយ​ឆក​នៃ​តំបន់​នេះ មាន​វត្ថុ​មាន​តម្លៃលើស​នេះ​ទៀត ដែល​បាន​បង្កប់​ខ្លួន​ផង​ដែរ​។ នៅពេល​ដែល​អ្នក​មុជ​ទឹក​ជម្រៅ​ជ្រៅ ចូល​ទៅ​ក្នុង​ទឹកស​មុទ្រ ចុះទៅ​ដល់​ជម្រៅ១៥ម៉ែត្រ ពួកគេ​បាន​ឃើញ​រូបរាង្គ​របស់​មនុស្ស​ប្រុស​ចាប់​ផ្តើម​លេច​ឡើង នៅ​បាត​សមុទ្រ​។ នោះ​គឺជា​រូប​ចម្លាក់​ព្រះយេស៊ូវ​ដែល​ព្រះវិហារ​នេះ​បាន​សាង​សង់ ជា​រូប​ចម្លាក់​នៅ​បាត​សមុទ្រ​មុន​ដំបូង​បំផុត​របស់​ពិភពលោក ដែលគេ​បាន​ដាក់​នៅ​ទីនោះ នៅ​ឆ្នាំ១៩៥៤​។ គេ​ឃើញ​រូប​ចម្លាក់​នោះ​កំពុង​លើកដៃ​ទាំង​ពីរ​ឡើង​ទៅលើ ក្នុង​ទី​ជម្រៅ តម្រង់​ឆ្ពោះ​ទៅ​រក​ស្ថាន​សួគ៌​។

នៅពេល​ដែលគេ​និយាយ​អំពី​ទី​​ជម្រៅ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​អ្នក​និពន្ធ​នៃ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៦៩ ដែល​បាន​ពោល​ទំនួញ​ថា “ទូល​បង្គំ​បាន​មកដល់​ក្នុង​ទី​ទឹក​ជ្រៅ ហើយ​រលក​ក៏​បោក​​គ្រប​លើ​ទូល​បង្គំ ទូល​បង្គំ​ល្វើយ ដោយ​ការ​អំពាវនាវ​​របស់​ទូល​បង្គំ”(ខ.២-៣)។ គាត់​ត្រូវ​ខ្មាំង​សត្រូវ​របស់​គាត់ សើច​ចំអក​ឲ្យ ហើយ​ក៏​ទទួលរង​ការ​ត្មះ​តិះដៀល(ខ.៤,៧-១២) គ្មាន​នរណា​កម្សាន្ត​ចិត្ត​គាត់(ខ.២០) ហើយ​គាត់​ខ្លាច​សេចក្តី​វេទនា​របស់​គាត់ “លេប” គាត់​បាត់(ខ.១៥)។ ទោះ​យើង​លិចលង់​​ក្នុង​ទី​ជម្រៅ ដោយសារ​អំពើបាប ឬ​ទុក្ខ​ព្រួយ​ក៏ដោយ ក៏​ទី​ជម្រៅ​នោះ​គឺជា​ពេល​ដ៏​ងងឹត​នៃ​ជីវិត ដែល​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម​។

តែ​អរ​ព្រះគុណ​ព្រះអង្គ ដែល​មិន​ឲ្យ​យើង​ជាប់​ក្នុង​ទី​ជម្រៅ​នោះ​ជា​រៀង​រហូត​ទេ​។ នៅពេល​ដែល​យើង​រងា និង​ឯកោ យើង​អាច​នឹក​ចាំ​ថា ព្រះអង្គ​គង់​នៅ​ជាមួយ​យើង ក្នុង​ទី​ជម្រៅ​នោះ(១៣៩:៨)។ ហើយ​ព្រះ​អង្គ​នឹង​សង្គ្រោះ​យើង ឲ្យ​រួចពី​ទឹក​ដ៏​ត្រជាក់​។ “ឱ​ព្រះយេហូវ៉ា​អើយ ទូល​បង្គំ​សរសើរ​ទ្រង់ ដ្បិត​ទ្រង់​បាន​លើក​ទូល​បង្គំ​ឡើង​វិញ”(៣០:១)។

ពេលណា​យើង​កំពុង​លិចលង់​ក្នុង​ទី​ជម្រៅ នៅ​ពី​ក្រោម​ទម្ងន់​នៃ​លោកិយ ចូរ​យើង​ចាំ​ថា យើង​មិន​ឯកោ​ទេ​។ ព្រះ​វិញ្ញាណ​នៃ​ព្រះគ្រីស្ទ គង់នៅ​ជាមួយ​យើង​ក្នុង​ទី​ជម្រៅ​នោះ ហើយ​ព្រះ​ហស្ត​ព្រះអង្គ​បាន​ត្រៀម​ជា​ស្រេច ដើម្បី​នឹង​លើក​យើង​ឡើង តាម​ពេល​ដែល​ព្រះអង្គ​កំណត់​។—Sheridan Voysey

តើ​អ្នក​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ធ្លាក់​ទៅ​ក្នុង “ទី​ជម្រៅ” យ៉ាង​ដូច​ម្តេច​ខ្លះ? 
តើ​បទ​គម្ពីរ​ទំនុក​ដំកើង ៦៩:១៣ បាន​ជួយ​អ្នក​ឲ្យ​ចេញ​ពី​ទី​ជម្រៅ​នោះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​គង់នៅ​ជា​មួយ​ទូល​បង្គំ ក្នុង​ទី​ជម្រៅ​។ 
សូម​ព្រះ​អង្គ​លើក​ទូល​បង្គំ​ឡើង ដោយ​សេចក្តី​ស្រឡាញ់ ព្រះគុណ និង​ព្រះ​ចេស្តា​របស់​ព្រះអង្គ​។

Visit ODBU.org/OT020 to gain more wisdom from the book of Psalms.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១០-១២ និង យ៉ូហាន ១១:៣០-៥៧