
ការផ្គត់ផ្គង់តាមព្រះបន្ទូលសន្យា
ដោយAlistair Begg
May 30, 2025
«ទ្រង់មានព្រះបន្ទូលទៅគេថា កូនរាល់គ្នាអើយ តើមានអ្វីបរិភោគឬទេ គេទូលឆ្លើយថា គ្មានទេ។ រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ចូរទំលាក់អួនទៅខាងស្តាំទូក នោះទើបបាន ដូច្នេះគេក៏ទំលាក់អួនទៅ តែទាញមកវិញមិនរួច ព្រោះជាប់ត្រីសន្ធឹកណាស់» (យ៉ូហាន ២១:៥-៦)។
តើយើងមានអ្វីនាំមកថ្វាយព្រះយេស៊ូវ? គឺយើងថ្វាយតម្រូវការរបស់យើងដល់ព្រះអង្គ។
វត្តមានរបស់ព្រះយេស៊ូវនៅកន្លែងនេសាទត្រីក្នុងកណ្ឌគម្ពីរ យ៉ូហាន ជំពូក២១ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺបានរម្លឹកយើង អំពីវត្តមានរបស់ព្រះអង្គនៅពេលពួកសាវ័កនេសាទត្រី កាលគ្រាមុននៅសមុទ្រកាលីឡេ ដូចមានចែងក្នុងកណ្ឌគម្ពីរ លូកា ជំពូក៥។ ក្នុងរឿងទាំងពីរនេះ ទោះពួកគេមានបទពិសោធន៍នេសាទត្រីជាច្រើនឆ្នាំ នៅថ្ងៃនោះពួកគេបានព្យាយាមហើយព្យាយាមទៀត នៅតែមិនអាចចាប់បានត្រីសោះ។ ក្នុងពេលទាំងពីរលើកនោះ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ ហើយប្រទានពរពួកគេឲ្យចាប់បានត្រីច្រើនសន្ធឹក។ កាលលើកទីមួយ ព្រះអង្គបង្រៀនពួកគេឲ្យក្លាយជាអ្នកនេសាទមនុស្ស ហើយលើកទីពីរ បានរម្លឹកពួកគេឲ្យបន្តនាំមនុស្សចូលនគរព្រះ។ ការអស្ចារ្យទាំងពីរបានផ្តល់ឲ្យមេរៀនដ៏សំខាន់ត្រង់ចំណុចដែលថា ពួកសាវ័កអាចមានភាពជោគជ័យបានតាមរយៈព្រះចេស្ដារបស់ព្រះប៉ុណ្ណោះ។ ព្រះយេស៊ូវមានអំណាចគ្រប់គ្រងសមុទ្រកាលីឡេ កាលពួកសាវ័កមិនអាចចាប់បានត្រីសោះ ក៏ដូចនៅពេលដែលពួកគេចាប់បានត្រីសន្ធឹក។ ព្រះអង្គមានអំណាចគ្រប់គ្រងមកលើចំណុចខ្វះខាតរបស់ពួកគេ ក៏ដូចជាភាពពេញលេញរបស់ពួកគេផងដែរ។ ព្រះគ្រីស្ទសព្វព្រះទ័យឲ្យយើងមើលឃើញភាពក្រីក្ររបស់យើង ដើម្បីឲ្យយើងឱនក្រាប ចំពោះព្រះអង្គ ដោយការស្ញប់ស្ញែងចំពោះការផ្គត់ផ្គង់របស់ព្រះអង្គ។ នៅពេលណាយើងមើលឃើញចំណុចខ្វះខាតរបស់ខ្លួនឯង យើងក៏អាចទុកចិត្តថា ព្រះអង្គក៏កំពុងគ្រប់គ្រងមកលើភាពខ្វះខាតរបស់យើងផងដែរ។
ព្រះអង្គត្រាស់ហៅយើង ឲ្យព្យាយាមស្វែងរកការបំពេញចំណុចខ្វះខាតនីមួយៗក្នុងជីវិតយើង ដោយសេចក្តីល្អ និងកម្លាំងរបស់ព្រះអង្គ។
កាលព្រះយេស៊ូវសួរពួកសាវ័កថា ពួកគេចាប់បានត្រីខ្លះទេ ព្រះអង្គកំពុងជំរុញពួកគេឲ្យប្រឈមមុខដាក់ស្ថានភាពនៃការខ្វះខាតរបស់ពួកគេ ហើយឆ្លើយតបដោយចិត្តស្មោះត្រង់។ ព្រះគ្រីស្ទក៏មានសំណួរសម្រាប់យើងក្នុងថ្ងៃដែលយើងមានភាពខ្វះចន្លោះផងដែរ។ ព្រះអង្គមិនមែនកំពុងស្វែងរកការដោះសារ ការសន្ទនា ឬការជជែកវែកញែកទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងទទួលស្គាល់តម្រូវការយើង ដោយចិត្តស្មោះត្រង់។ ស្ថានភាពរបស់ពួកសាវ័កបានឆ្លុះបញ្ចាំងឲ្យយើងឃើញស្ថានភាពរបស់យើងផងដែរ ក្នុងន័យថា សូម្បីតែកិច្ចការដែលយើងមានជំនាញធ្វើ ក៏យើងមិនអាចធ្វើ ដោយគ្មានជំនួយពីព្រះអម្ចាស់បានឡើយ។ យើងមិនអាចនិយាយ ឬស្តាប់ ច្រៀងឬសរសេរ ធ្វើការឬលេងកីឡាបានឡើយ បើសិនជាព្រះអង្គមិនប្រទានព្រះគុណដែលជួយយើងទេនោះ។ គឺដូចដែលព្រះយេស៊ូវមានបន្ទូល ក្នុងបទគម្ពីរមុន ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហានថា «ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ» (យ៉ូហាន ១៥:៥)។
ព្រះយេស៊ូវមិនបានទុកចោលពួកសាវ័កចោលឲ្យរស់នៅក្នុងភាពក្រីក្រឡើយ ហើយក៏បានផ្គត់ផ្គង់ មិនមែនគ្រាន់តែល្មមឲ្យពួកគេរស់នៅនោះដែរ តែបានផ្គត់ផ្គង់ឲ្យពួកគេមានជាបរិបូរក្នុងពេលទាំងពីរលើកនោះ។ ការផ្គត់ផ្គង់ដូចនេះ គឺបានឆ្លុះបញ្ចាំងអំពីការដែលព្រះយេស៊ូវបន្តផ្គត់ផ្គង់ លើសពីលទ្ធភាពដែលយើងអាចវាស់ស្ទង់ ទូលសូម និងស្រមៃផង គឺស្របតាមការសន្យាប្រទានជីវិតអស់កល្បដល់អ្នកណាដែលជឿ។ ពេលណាព្រះគ្រីស្ទធ្វើការក្នុងជីវិតយើង ដោយព្រះវិញ្ញាណព្រះអង្គ ព្រះអង្គមិនបានបន្តក់ទឹកឲ្យហូរតិចៗក្នុងជីវិតយើង ដើម្បីជន្លយើងនោះទេ តែព្រះអង្គបានសន្យាថា ចិត្តរបស់យើងនឹងមានទន្លេទឹករស់ហូរចេញមក (យ៉ូហាន ៧:៣៨)។ ដែលព្រះយេស៊ូវបានហៅពួកសិស្សឲ្យមកឆ្នេរសមុទ្រ ដើម្បីបរិភោគអាហារពេលព្រឹកជាមួយព្រះអង្គជាយ៉ាងណា (២១:៩-១០) នោះ ព្រះអង្គក៏អញ្ជើញអ្នកឲ្យចូលមកអង្គុយនៅតុព្រះអង្គ ដើម្បីបំពេញការខ្វះខាតរបស់អ្នកយ៉ាងនោះដែរ។ ហើយខណៈពេលដែលព្រះអង្គអញ្ជើញអ្នកឲ្យចូលរួមជាមួយព្រះអង្គ នោះព្រះអង្គក៏យាងទៅជាមួយអ្នក ដោយប្រទានកម្លាំងលើសពីគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរ។
ព្រះយេស៊ូវមានបន្ទូលថា «មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត» (ម៉ាថាយ ៥:៦)។ ចូរថ្វាយការខ្វះខាតរបស់អ្នកដល់ព្រះអង្គ នៅថ្ងៃនេះ។ ចូរមានចិត្តស្មោះត្រង់ ក្នុងការថ្វាយការខ្វះខាតរបស់អ្នក។ ហើយចូរទុកចិត្តថា ព្រះអង្គនឹងប្រទានឲ្យអ្នក លើសពីតម្រូវការរបស់អ្នក ដើម្បីឲ្យអ្នកអាចដើរឆ្ពោះទៅរកផ្ទះនៅស្ថានសួគ៌ ដោយបំពេញគោលបំណងដ៏រុងរឿងរបស់ព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ២១:១-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ២២-២៣ និងម៉ាថាយ ១៦