
បន្ទុករបស់ពួកហោរា
ដោយAlistair Begg
June 1, 2025
«នេះជាសេចក្តីទំនាយទាយយ៉ាងធ្ងន់ ដែលហោរាហា បាគុក បានឃើញ» (ហាបាគុក ១:១)។
គេមិនដែលរកឃើញតម្លៃរបស់ហោរាពិតប្រាកដនៅក្នុងប្រវត្តិរូបរបស់ពួកគេនោះទេ ប៉ុន្តែនៅក្នុងព្រះរាជសារដែលពួកគេបានប្រកាស។ តម្លៃរបស់យើងម្នាក់ៗក៏មានលក្ខណៈដូចនេះផងដែរ។
ចូរយើងមើលគំរូរបស់ហោរា ហាបាគុក។ ព្រះគម្ពីរមិនបានចែងអំពីប្រវត្តិរូបរបស់គាត់នោះទេ។ យើងគ្រាន់តែអាចដឹងអំពីគាត់តាមរយៈកណ្ឌគម្ពីរហោរា ហាបាគុក ដែលមានឈ្មោះគាត់ជាចំណងជើង និងបានប្រាប់យើងតិចណាស់អំពីគាត់ ហើយយើងមិនអាចរកឃើញឈ្មោះគាត់ក្នុងកណ្ឌគម្ពីរផ្សេងទៀតដែរ។ ទោះជាយ៉ាងណាក៏ដោយ ចំណុចខ្វះខាតនេះមានសារៈសំខាន់ ព្រោះគេអាចរកឃើញគុណសម្បត្តិរបស់គាត់នៅក្នុងការត្រាស់ហៅដែលគាត់បានទទួល។
យើងសង្កេតឃើញបញ្ហាដូចនេះ នៅក្នុងកណ្ឌគម្ពីរហោរាផ្សេងទៀតផងដែរ។ យើងបានដឹងអំពីហោរាខ្លះ ច្រើនជាងហោរាផ្សេងទៀត ប៉ុន្តែសូម្បីតែអ្វីដែលយើងបានដឹងនោះមិនមានភាពស៊ីជម្រៅ ឬមិនគួរឲ្យចាប់អារម្មណ៍ខ្លាំងប៉ុន្មានទេ។ ឧទាហរណ៍៖ ហោរា អេម៉ុស គ្រាន់តែជាអ្នកគង្វាលចៀម និងជាអ្នកបេះផ្លែល្វាមុនពេលព្រះអម្ចាស់ត្រាស់ហៅគាត់ (អេម៉ុស ៧:១៤)។ ស្រដៀងគ្នានេះដែរ មុនពេលគេសួរលោក យ៉ូហានបាទីស្ទ ថា គាត់ជានរណា គាត់ក៏បានធ្វើបន្ទាល់ថា «ខ្ញុំជាសម្លេង ដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក»។ ខ្ញុំគ្រាន់តែជាពន្លឺដែលបំភ្លឺបានមួយគ្រា តែព្រះយេស៊ូវជាពន្លឺសម្រាប់លោកីយ៍ទាំងមូល (យ៉ូហាន ១:២៣; ៣:៣០; ៥:៣៥)។
ក្នុងខដំបូងនៃកណ្ឌគម្ពីរហាបាគុក ជួនកាល ពាក្យ «សេចក្តីទំនាយទាយយ៉ាងធ្ងន់» ប្រែមកថា «បន្ទុកធ្ងន់»។ តើមានអ្វីជាបន្ទុកធ្ងន់? តើបន្ទុកដែលហោរាហាបាគុកមានក្នុងចិត្ត ពេលដែលបានឃើញអ្វីដែលព្រះអម្ចាស់បើកសម្ដែងដល់គាត់ ឬមើលទៅកាលៈទេសៈដែលអ្នកដទៃបានជួបប្រទះ តែមិនយល់ ក៏ដូចជាក្នុងការនាំអ្នកស្តាប់ឲ្យទទួលប្រាជ្ញា និងការរៀបចំរបស់ព្រះ។
ទោះសម័យបច្ចុប្បន្ន មនុស្សមានការងប់ងុលនឹងបុគ្គលិកលក្ខណៈ និងគុណសម្បត្តិរបស់ខ្លួនក៏ដោយ ក៏នៅក្នុងការអធិប្បាយ ការបង្រៀន និងការចែកចាយដំណឹងល្អ យើងត្រូវផ្ដោតទៅលើខ្លឹមសារនៃដំណឹងល្អដែរ។ គ្រប់ទាំងការអធិប្បាយព្រះបន្ទូល មេរៀន និងការសន្ទនាអំពីដំណឹងល្អ នឹងក្រៀមស្វិតដូចស្មៅ។ តម្លៃនៃការបង្រៀនទាំងនោះស្ថិតនៅក្នុងសេចក្តីពិត និងភាពអាចទុកចិត្តបាននៃព្រះបន្ទូលព្រះ ដែលបានបោះយុថ្កាជាប់ក្នុងចិត្តរបស់អ្នកស្តាប់។ ដូចដែលលោកគ្រូ ដាវីឌ វែល (David Wells) បានលើកឡើងក្នុងសៀវភៅរបស់គាត់ថា ការចែកចាយព្រះបន្ទូលក៏ដូចជាការចែកចាយសេចក្តីពិតរបស់ព្រះ។ តាមមធ្យោបាយណាក៏ដោយ ក៏ត្រូវតែផ្អែកទៅលើព្រះបន្ទូលព្រះ មិនមែនជាការសន្ទនា ឬការជជែកអំពីទស្សនៈដែលគួរឲ្យចាប់អារម្មណ៍នោះទេ... ទេ! តែជាការដែលព្រះទ្រង់កំពុងមានបន្ទូលមកកាន់យើង! ព្រះអង្គមានបន្ទូល តាមរយៈបបូរមាត់របស់គ្រូអធិប្បាយ ដែលមានគំនិតជាប់នឹងបទគម្ពីរ ហើយចិត្តនៅជាប់ក្នុងព្រះវត្តមានព្រះអង្គ។1
ទោះព្រះអង្គត្រាស់ហៅយើងឲ្យអធិប្បាយ បង្រៀន ឬចែកចាយព្រះបន្ទូលដល់អ្នកជិតខាងក្តី មេរៀនដ៏សំខាន់ដែលយើងត្រូវរៀននោះ គឺនៅក្នុងស្នូលនៃវិញ្ញាណរបស់យើង។ យើងត្រូវមានការបន្ទាបខ្លួនពិតប្រាកដ ដែលកើតចេញពីការយល់ដឹងអំពីលក្ខណៈនៃការត្រាស់ហៅរបស់ព្រះដែលជំរុញចិត្តយើង។ យើងក៏គួរតែមានចិត្តរំភើប ចំពោះការត្រាស់ហៅនោះ។ តើយើងសុខចិត្តលះបង់ជីវិតយើងដើម្បីអ្វី បើមិនមែនដើម្បីព្រះរាជសារនេះដែលធំប្រសើរជាងជីវិតយើង ហើយឥទ្ធិពលដែលព្រះរាជសារនោះមាន មកលើជីវិតអ្នកដទៃនឹងស្ថិតស្ថេរនៅអស់កល្ប? សព្វថ្ងៃនេះ ចូរយើងកុំខ្វល់អំពីសមត្ថភាព និងកេរ្តិ៍ឈ្មោះរបស់អ្នកនាំសារពេកឡើយ។ តែផ្ទុយទៅវិញ ចូរយើងខ្វល់អំពីការចែកចាយព្រះរាជសារ ដល់អ្នកណាក៏ដោយដែលព្រះអង្គបានត្រាស់ហៅយើងឲ្យផ្សាយទៅដល់វិញ។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ១០:១១-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ហូសេ ១-៤ និងម៉ាថាយ ១៨:១-២០