
មានចិត្តស្មោះត្រង់ចំពោះខ្លួនឯង (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 6, 2025
«មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា ជាអ្នកមានទោស ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ» (ទំនុកតម្កើង ៣២:២)។
ក្នុងសៀវភៅរឿងដែលលោក ដូតូស្គី (Dostoevsky) បាននិពន្ធមានចំណងជើងថា បងប្អូនត្រកូលការ៉ាម៉ាហ្សូវ តួអង្គម្នាក់បានឲ្យយោបល់ដល់តួអង្គម្នាក់ទៀតថា «ដែលសំខាន់បំផុតនោះ កុំកុហកខ្លួនឯង។ មនុស្សដែលកុហកខ្លួនឯង ហើយស្តាប់ការកុហករបស់ខ្លួនឯងនឹងទៅដល់ចំណុចមួយ ដែលគាត់មិនអាចមើលស្គាល់សេចក្តីពិត ទោះក្នុងខ្លួនគាត់ ឬនៅជុំវិញខ្លួនគាត់ក៏ដោយ ហើយក៏ធ្លាក់ចូលទៅក្នុងការមិនគោរពខ្លួនឯង និងអ្នកដទៃ»។1 កាលពីជាង៣ពាន់ឆ្នាំមុន ស្ដេច ដាវីឌ បានពិពណ៌នា អំពីផលវិបាកធ្ងន់ធ្ងរនៃការបោកប្រាស់ខ្លួនឯងអំពីអ្វីៗដែលយើងពិតជាចូលចិត្ត។
ភាពស្មោះត្រង់មានសារៈសំខាន់ ចំពោះការស្វែងរកសុភមង្គល។ មនុស្សដែលមានអំណរ មានការស្កប់ចិត្ត មិនកុហកខ្លួនឯង ឬនរណាម្នាក់ឡើយ។ ពេលណាយើងកុហកខ្លួនឯង យើងមិនអាចអរសប្បាយនឹងសុភមង្គលពិតប្រាកដឡើយ ព្រោះការបោកប្រាស់ និងសុភមង្គល មិនអាចដើរទន្ទឹមគ្នាបានទេ។
ព្រះគម្ពីរបានត្រាស់ហៅយើងឲ្យគិតអំពីខ្លួនឯង ដោយចិត្តស្មោះត្រង់។ ភាពស្មោះត្រង់ប្រៀបដូចជាពិលដែលបញ្ចាំងភ្លើង ដើម្បីពិនិត្យមើលចិត្ត និងគំនិតរបស់យើងដោយបើកបង្ហាញសេចក្តីពិតអំពីសណ្ឋានអាក្រក់របស់មនុស្ស។ ព្រះគម្ពីរបានបង្រៀនយើងថា យើងកំពុងរស់នៅក្នុងភាពលម្អៀង ដែលនាំឲ្យយើងមានចិត្តលម្អៀងទៅរកការប្រព្រឹត្តខុស និងនិស្ស័យសាច់ឈាមដែលពុករលួយដោយសារបាប។ យើងជាមនុស្សដែលបានបំពានក្រឹត្យវិន័យ ដោយទៅរកកន្លែងដែលយើងមិនគួរទៅ។ កុំថាឡើយ ស្តង់ដារដែលព្រះបានកំណត់ សូម្បីតែស្តង់ដាររបស់យើងក៏យើងមិនអាចធ្វើតាមបានដែរ ព្រោះយើងជាមនុស្សមានបាប។
ខគម្ពីរខាងលើនេះគួរឲ្យយើងមានការភ្ញាក់ផ្អើលនៅត្រង់ចំណុចដែលថា ស្ដេច ដាវីឌ បានចាប់ផ្ដើម ដោយពាក្យ «មានពរហើយ» ប៉ុន្តែមិនយូរប៉ុន្មាន ទ្រង់ក៏បានណែនាំយើងឲ្យទទួលស្គាល់ការពិតដ៏ពិបាកនៃភាពលម្អៀង ឬលទ្ធភាពរបស់យើងនៅក្នុងការកុហកខ្លួនឯង និងព្រះដោយសារការលម្អៀងនោះ។ ប៉ុន្តែ មូលហេតុដែលទ្រង់អាចធ្វើដូចនេះបាន គឺដោយសារស្ថានភាពដ៏អាក្រក់ដែលទ្រង់បានជួបប្រទះ មិនអាចប្រៀបផ្ទឹមនឹងការប្រោសឲ្យជាដែលព្រះអង្គប្រទាននោះឡើយ។
ចូរកត់សម្គាល់ថា ស្ដេច ដាវីឌ មិនបានមានបន្ទូលថា មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនបានរាប់ តែទ្រង់មានបន្ទូលថា «មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា ជាអ្នកមានទោស»។ ព្រះអម្ចាស់បរិសុទ្ធ ដូចនេះព្រះអង្គត្រូវតែរាប់បាបរបស់យើង តែព្រះអង្គរាប់វាទាស់នឹងបុគ្គលផ្សេងទៀត គឺព្រះរាជបុត្រាព្រះអង្គជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ក្នុងសំណេររបស់ស្ដេច ដាវីឌ យើងអាចរកឃើញគោលលទ្ធិដ៏អស្ចារ្យនៃការរាប់ជាសុចរិតដោយសារជំនឿ ដែលយើងបានឃើញមានដំបូងបំផុតក្នុងទំនាក់ទំនងដែលព្រះអម្ចាស់មានជាមួយលោក អ័ប្រាហាំ «គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្តីជំនឿនោះ ទុកជាសេចក្តីសុចរិតដល់គាត់» (លោកុប្បត្ដិ ១៥:៦)។ ពេលណាយើងពិតជាជឿថា ព្រះអង្គសង្គ្រោះរបស់យើងបានទទួលយកបាបរបស់យើង យើងនឹងមានពរ ពោលគឺមានសុភមង្គលលើសពេលណាទាំងអស់។
ដូចនេះ ផ្លូវឆ្ពោះទៅរកព្រះពរត្រូវចាប់ផ្ដើមដោយភាពស្មោះត្រង់។ យើងមិនមែនជាមនុស្សល្អ ដែលបានធ្វើខុសយូរៗម្តងទេ។ យើងមិនមែនជាមនុស្សអស្ចារ្យដែលមានកំហុសបន្តិចបន្តួច ដែលអាចបណ្ដាលមកលើការចិញ្ចឹមក្នុងគ្រួសារ បរិស្ថានជុំវិញ ឬការគេងមិនគ្រប់គ្រាន់កាលពីយប់មិញនោះទេ។ យើងជាមនុស្សមានបាបដែលមានចិត្តពេញដោយល្បិច ដែលខ្វះមិនដល់សិរីល្អនៃព្រះ ហើយសមនឹងទទួលសេចក្តីក្រោធរបស់ព្រះតែប៉ុណ្ណោះ (យេរេមា ១៧:៩, រ៉ូម ៣:២៣ និងអេភេសូរ ២:១-៣)។ ចូរមានចិត្តស្មោះត្រង់ក្នុងការគិតអំពីខ្លួនឯងជានរណា។ ចូរគិតឲ្យបានជាក់លាក់ថា អ្នកបានធ្វើបានចំពោះព្រះអម្ចាស់ដូចម្ដេចខ្លះ។ បន្ទាប់មក អ្នកត្រូវត្រៀមខ្លួនឱបក្រសោបយកដំណឹងដែលនាំឲ្យមានអំណរបំផុតក្នុងលោកីយ៍ ដែលជារៀងរាល់ថ្ងៃទោះយើងមានបាបច្រើនប៉ុណ្ណា សេចក្តីមេត្តារបស់ព្រះអង្គ នៅតែមានច្រើនជាងបាបរបស់យើង។2
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៣៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៣-៥ និងម៉ាថាយ ២១:១-២២