នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

សំណួរ​របស់​លោក គេឌាន (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

សំណួរ​របស់​លោក គេឌាន (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 8, 2025

«ទេវតា​នៃ​ព្រះ​យេហូវ៉ា ក៏​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា នែ​អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង តែ​គេឌាន​ឆ្លើយ​ឡើង​ថា ឱ​ព្រះ​អម្ចាស់​នៃ​ទូល​បង្គំ​អើយ បើ​សិន​ជា​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ពួក​ទូល​បង្គំ​ពិត នោះ​ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​ពួក​ទូល​បង្គំ​ដូច្នេះ» (ពួក​ចៅហ្វាយ ៦:១២-១៣)។
ក្នុង​កណ្ឌ​គម្ពីរ​ពួក​ចៅហ្វាយ ពេល​ដែល​លោក គេឌាន ជួប​ទេវតា គឺ​ជា​ពេល​ដែល​គាត់​មាន​ចិត្ត​រំភើប និង​អារម្មណ៍​ចម្លែក។ ទេវតា​បាន​ហៅ​គាត់​ថា «អ្នក​ពូកែ​ក្លាហាន​អើយ» ខណៈ​ពេល​ដែល​គាត់​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​កន្លែង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ ដើម្បី​បោក​ស្រូវ​សាឡី​ឲ្យ​ឆ្ងាយ​ពី​ភ្នែក​របស់​ពួក​សាសន៍​ម៉ាឌាន ដែល​កំពុង​កៀប​សង្កត់​សាសន៍​គាត់ (ពួកចៅហ្វាយ ៦:១១)។ ការ​ធ្វើ​ដូច​នេះ​មិន​បង្ហាញ​ថា គាត់​ជា​មនុស្ស​ខ្លាំង​ពូកែ ឬ​ក្លាហាន​នោះ​ទេ។ 
ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​ហាក់​ដូច​ជា​បាន​ប្រើ​ស្ថានភាព​របស់​គាត់ ធ្វើ​ជា​គំរូ​នៃ​ស្ថានភាព​របស់​រាស្ត្រ​ព្រះ​អង្គ។ ពេល​នោះ​លោក គេឌាន ប្រហែល​ជា​ងាក​មើល​ឆ្វេង​ស្តាំ ដោយ​ឆ្ងល់​ថា តើ​ពិត​ជា​មាន​គេ​កំពុង​និយាយ​មក​កាន់​គាត់​ឬ។ សរុប​មក ព្រះ​អម្ចាស់​បាន​អនុញ្ញាត​ឲ្យ​រាស្ត្រ​ព្រះ​អង្គ​ធ្លាក់​ខ្លួន​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច។ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​សួរ​ទេវតា​ថា «សិន​ជា​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ពួក​ទូល​បង្គំ​ពិត នោះ​ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​ពួក​ទូល​បង្គំ​ដូច្នេះ?»
នេះ​ជា​ការ​សួរ​រក​ហេតុ​ផល៖ បើ​ព្រះ​អង្គ​ជា​ព្រះ ដូច​ការ​ដែល​ព្រះ​អង្គ​បាន​អះអាង​មែន ហេតុ​អ្វី​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​យើង​មាន​ទុក្ខ​លំបាក​ក្នុង​ជីវិត​យើង? យើង​ប្រាកដ​ជា​ធ្លាប់​មាន​ចម្ងល់​ដូច​នេះ​ផង​ដែរ។ ពេញ​មួយ​ជីវិត​យើង គឺ​មាន​សុទ្ធតែ​ការ​ចោទ​សួរ​ដោយ​ប្រើ​ពាក្យ បើ​សិន​ជា ប៉ុន្តែ និង​ហេតុ​អ្វី។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​គួរ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា បើ​ព្រះ​អម្ចាស់​អាច​ឆ្លើយ​សំណួរ​របស់​លោក គេឌាន ឬ​ឆ្លើយ​តប​ចំពោះ​រឿង​វិបត្តិ​របស់​ប្រជាជន​អ៊‌ីស្រាអែល​បាន នោះ​ព្រះ​អង្គ​ក៏​ពិត​ជា​អាច​ឆ្លើយ​សំណួរ​ពិបាកៗ​របស់​យើង​ផង​ដែរ។ ទោះ​ចម្លើយ​របស់​ព្រះ​អង្គ មិន​តែង​តែ​ដូច​ការ​រំពឹង​ចង់​បាន​របស់​យើង​ក៏​ដោយ។ 
កាល​ពួក​អ៊‌ីស្រាអែល​ស្រែក​រក​ជំនួយ​របស់​ព្រះ​ក្នុង​បទ​គម្ពីរ ពួក​ចៅហ្វាយ ៦:៧ ព្រះ​អង្គ​បាន​ឆ្លើយ​តប ដោយ​ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​ចាប់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​ឲ្យ​រំដោះ​ពួក​គេ តែ​ក៏​បាន​ចាត់​ហោរា​ឲ្យ​បង្រៀន​ពួក​គេ​ផង​ដែរ (ខ.៨)។ ព្រះ​អង្គ​ជ្រាប​ថា ពួក​គេ​ចាំ​បាច់​ត្រូវ​ឮ​ព្រះ​បន្ទូល​ព្រះ​អង្គ​ក្នុង​ពេល​ដែល​ពួកគេ​មាន​ទុក្ខ​លំបាក។ និយាយ​ឲ្យ​ខ្លី ពួក​គេ​ចាំ​បាច់​ត្រូវ​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ ហើយ​ទុក​ចិត្ត​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ ពួក​ហោរា​ក៏​បាន​ប្រាប់​ពួក​គេ ដូច​ដែល​ទេវតា​ប្រាប់​លោក គេឌាន ថា «ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​អ្នក»។ ព្រះ​វត្ត​មាន​របស់​ព្រះ​គង់​នៅ​ជា​មួយ​យើង​មិន​មាន​ន័យ​ថា យើង​លែង​មាន​ទុក្ខ​លំបាក​នោះ​ទេ។ 
ព្រះ​អង្គ​ឆ្លើយ​តប​ចំពោះ​សំណួរ​យើង មិន​មែន​ដោយ​ប្រាប់​យើង​នូវ​ដំណោះ​ស្រាយ​ងាយៗ​៥ជំហាន​នោះ​ទេ តែ​ដោយ​បង្ហាញ​អង្គ​ទ្រង់​តាម​រយៈ​ព្រះ​បន្ទូល​ព្រះ​អង្គ។ ក្នុង​ករណី​របស់​លោក គេឌាន ការ​ឆ្លើយ​តប​របស់​ព្រះ​អម្ចាស់ ហាក់​ដូច​មិន​មែន​ជា​ចម្លើយ​ទាល់​តែ​សោះ។ ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ឆ្លើយ​ឆ្លង​អំពី​កាលៈទេសៈ​របស់​ពួក​អ៊‌ីស្រាអែល ឬ​ពន្យល់​អំពី​សត្រូវ​របស់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​អម្ចាស់​ងាក​មក​រក​លោក គេឌាន ហើយ​មាន​បន្ទូល​ថា «ចូរ​ឯង​ទៅ​ដោយ​សារ​កម្លាំង​ឯង​នេះ ហើយ​ជួយ​សង្គ្រោះ​សាសន៍​អ៊‌ីស្រាអែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ចុះ អញ​បាន​ចាត់​ឯង​ឲ្យ​ទៅ​ហើយ» (ពួក​ចៅហ្វាយ ៦:‌១៤)។ 
លោក គេឌាន មាន​អារម្មណ៍​ថា គាត់​ខ្វះ​សមត្ថភាព​បាន​ជា​គាត់​ទូល​ព្រះ​អង្គ​ថា «ឱ​ព្រះ​អម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​ទូល​បង្គំ​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊‌ីស្រាអែល​បាន។ មើល ទូល​បង្គំ​ជា​គ្រួ​ក្រ​ជាង​គេ​ក្នុង​ពួក​ម៉ាន៉ាសេ ហើយ​ទូល​បង្គំ​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូល​បង្គំ​ផង» (ពួក​ចៅហ្វាយ ៦:១៥)។ ជា​ញឹក​ញាប់ ពេល​ណា​យើង​ទទួល​ស្គាល់​ចំណុច​ខ្វះខាត​របស់​យើង ព្រះ​អម្ចាស់​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ក្នុង​យើង។ ទាល់​តែ​យើង​ឈាន​ដល់​ចំណុច​មួយ ដែល​យើង​អាច​មើល​ឃើញ​ភាព​កម្សោយ​របស់​យើង ទើប​យើង​មាន​ចិត្ត​ចង់​អធិស្ឋាន ឬ​ដើរ​ដោយ​ជំនឿ​រឹងមាំ ឆ្លង​កាត់​ទុក្ខ​លំបាក ឬ​ក៏​ឈប់​ទុក​ចិត្ត​ខ្លួន​ឯង។ ទាល់​តែ​យើង​បាន​ដឹង​អំពី​ចំណុច​ខ្វះខាត​របស់​យើង ហើយ​ស្តាប់​តាម​ព្រះ​បន្ទូល ដែល​បាន​សន្យា​នឹង​គង់​នៅ​ជា​មួយ​យើង ហើយ​ធ្វើ​ការ​នៅ​ក្នុង និង​តាម​រយៈ​យើង ទើប​យើង​អាច​ប្ដេជ្ញា​ចិត្ត​បម្រើ​ព្រះ​អង្គ​អស់​ពី​ចិត្ត ទោះ​យើង​មាន​អារម្មណ៍​ទន់​ខ្សោយ​យ៉ាង​ណា​ក៏​ដោយ។ ដ្បិត​តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ភាព​កម្សោយ​របស់​យើង​រួម​ផ្សំ​ជា​មួយ​កម្លាំង​របស់​ព្រះ​អង្គ គឺ​គ្រប់​គ្រាន់​នឹង​ឲ្យ​យើង​ធ្វើ​ការ​អ្វី​ដែល​ព្រះ​អង្គ​ហៅ​ឲ្យ​យើង​ធ្វើ (ភីលីព ៤:១៣)។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ពួក​ចៅហ្វាយ ៦:១១-២៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៩-១១ និង​ម៉ាថាយ ២២:១-២២

ប្រភេទ