
ការត្រាស់ហៅឲ្យមានការប្ដេជ្ញាចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 16, 2025
«ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណានៃព្រះ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង» (រ៉ូម ១២:១)។
នៅពេលដែលគេសួរលោក វីលៀម ប៊ូត (William Booth) ជាស្ថាបនិកនៃអង្គការកងទ័ពសង្គ្រោះអំពីឥទ្ធិពលដែលជីវិតរបស់គាត់មានមកលើអ្នកដទៃ គាត់ក៏បានឆ្លើយតប ដោយពាក្យមួយឃ្លាដែលគួរឲ្យចាប់អារម្មណ៍ថា «ខ្ញុំបានថ្វាយជីវិតដាច់ដល់ព្រះយេស៊ូវគ្រីស្ទហើយ»។
ការឆ្លើយតបដូចនេះមិនមានភាពលើសលោះ ឬមានអំនួតទេ។ នេះគ្រាន់តែជាវិធីតែម្យ៉ាង ដែលលោក ប៊ូត អាចពន្យល់អំពីមូលហេតុដែលគាត់ ជាមនុស្សសាមញ្ញម្នាក់ត្រូវបានព្រះអម្ចាស់ប្រើតាមរបៀបដែលគួរឲ្យកត់សម្គាល់ ហើយបានជះឥទ្ធិពលដែលគួរឲ្យកត់សម្គាល់ក្នុងចំណុចដ៏ជាក់លាក់មួយនៃប្រវត្តិសាស្ត្រ។
តើការថ្វាយជីវិតដាច់ដល់ព្រះយេស៊ូវគ្រីស្ទមានន័យដូចម្ដេច?
បន្ទាប់ពីជំពូក១១នៃកណ្ឌគម្ពីររ៉ូម បានធ្វើការអបអរសេចក្តីសង្គ្រោះឲ្យរួចពីបាប ដែលព្រះបានប្រទាននៅលើឈើឆ្កាង និងអបអរសេចក្តីមេត្តាក្នុងការជ្រើសរើសមនុស្សសម្រាប់អង្គទ្រង់ នៅដើមដំបូងនៃបទគម្ពីររ៉ូមជំពូក១២ សាវ័ក ប៉ុល ក៏បានទូន្មានដល់អ្នកជឿព្រះគ្រីស្ទឲ្យថ្វាយខ្លួន១០០ភាគរយ ទាំងកាយ ទាំងចិត្ត និងវិញ្ញាណ ដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ពាក្យ «ទូន្មាន» ក្នុងខនេះ គឺបកប្រែពីពាក្យ ឡូជីកូស ជាភាសាក្រិក ដែលជាប្រភពដើមនៃពាក្យ «ឡូហ្សិក» (ប្រែថា មានហេតុផល)។ អាចនិយាយម្យ៉ាងទៀតថា ការលើកទឹកចិត្តរបស់គាត់មិនមែនផ្អែកទៅលើអារម្មណ៍ ឬការបញ្ចុះបញ្ចូលនោះទេ។ ផ្ទុយទៅវិញ សាវ័ក ប៉ុល កំពុងទូន្មានយ៉ាងសមហេតុផល និងបន្ទាន់ដល់អ្នកអានរបស់គាត់ ដោយផ្អែកទៅលើកម្លាំងនៃសេចក្តីមេត្តារបស់ព្រះ។
គ្មានផ្នែកណាមួយនៃមនុស្សជាតិ ដែលមិនបានទទួលផលប៉ះពាល់ពីការបះបោររបស់មនុស្សទាស់នឹងព្រះដោយស្ម័គ្រពីចិត្តនោះទេ។ ប៉ុន្តែ ដោយសារសេចក្តីមេត្តារបស់ព្រះអង្គ ព្រះអង្គមិនបានរាប់បាបរបស់រាស្ត្រព្រះអង្គទាស់នឹងពួកគេទេ ហើយព្រះអង្គក៏មិនដាក់ទោសយើងឲ្យសមនឹងបាបរបស់យើងដែរ។ ផ្ទុយទៅវិញ ព្រះអង្គបានទទួលយកបាបយើង ហើយរាប់បាបទាំងនោះទាស់នឹងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គវិញ។
ពាក្យ «ដោយសេចក្តីមេត្តាករុណានៃព្រះ» ជាផ្នែកដ៏សំខាន់ក្នុងការទូលសូមនេះ។ បើយើងមើលរំលងផ្នែកនេះ យើងនឹងមានកំហុសភ្លាម។ បទគម្ពីរនេះជាការអំពាវនាវដល់មនុស្សដែលបានទទួលព្រះគុណ ឲ្យលះបង់ជីវិតមិនមែន ដើម្បីឲ្យព្រះអង្គទទួលយកពួកគេ ប៉ុន្តែផ្អែកទៅលើការពិតដែលថា ព្រះអង្គបានទទួលយកពួកគេរួចជាស្រេចហើយ។ ការអំពាវនាវនេះ ក៏សម្រាប់អ្នកដែលព្រះគុណបានរំដោះឲ្យមានសេរីភាព ដើម្បីឲ្យបានផ្លាស់ប្រែតាមបំណងព្រះទ័យព្រះ ដោយមានចិត្តប្ដូរផ្តាច់ចំពោះព្រះអង្គ។
ក្នុងបរិបទនេះ ព្រះអម្ចាស់មិនបានប្រាប់យើងឲ្យថ្វាយតែលុយ ឬទ្រព្យសម្បត្តិនោះទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងថ្វាយលើសពីនេះទៀត គឺថ្វាយខ្លួនយើងដល់ព្រះអង្គ ថ្វាយអ្វីៗគ្រប់យ៉ាងដែលបង្ហាញថា យើងជានរណា ថ្វាយអស់ទាំងគំនិត អារម្មណ៍ និងអ្វីៗដែលយើងធ្វើ ហើយអ្វីដែលយើងស្គាល់ គឺថ្វាយដល់ព្រះ។ ការថ្វាយព្រះរាជបុត្រាព្រះអង្គដល់យើង គឺជាការឆ្លើយតបដែលសមហេតុផលបំផុត ចំពោះសេចក្តីមេត្តារបស់ព្រះអង្គ។ ពេលណាយើងថ្វាយខ្លួនទាំងស្រុងដល់ព្រះអង្គ នោះសមត្ថភាពរបស់យើង ទោះមានកំណត់យ៉ាងណាសុទ្ធតែអាចឲ្យយើងប្រើ ដើម្បីសិរីល្អ និងគោលបំណងរបស់ព្រះអង្គ។ ក្នុងការរស់នៅរបស់យើងជាគ្រីស្ទបរិស័ទ យើងត្រូវមានការប្ដេជ្ញាចិត្តទាំងស្រុង គឺគ្មានជម្រើសសម្រាប់ឲ្យយើងរស់នៅក្តៅមិនក្តៅត្រជាក់មិនត្រជាក់នោះឡើយ។ និយាយរួម យើងត្រូវថ្វាយទាំងស្រុងដល់ព្រះអង្គ។
ការប្ដេជ្ញាចិត្តថ្វាយអ្វីៗទាំងអស់ គឺជាការថ្វាយសិរីល្អដល់ព្រះ។ បើអ្នកថ្វាយទាំងអស់ដល់ព្រះអង្គ នោះព្រះអង្គនឹងធ្វើឲ្យអ្វីៗកើតឡើងនៅក្នុង និងតាមរយៈអ្នក ដោយគ្មានដែនកំណត់។ តើអ្នកនឹងរស់នៅជាប្រភេទមនុស្សដែលអាចនិយាយថា «ខ្ញុំជាកម្មសិទ្ធិផ្តាច់មុខរបស់ព្រះយេស៊ូវគ្រីស្ទ» ដែរឬទេ?
ព្រះគម្ពីរសញ្ជឹងគិត៖ ភីលីព ១:១៩-៣០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៣០-៣១ និងម៉ាថាយ ២៦:១-២៥