
គំនិតបានកែថ្មីឡើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 17, 2025
«កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង» (រ៉ូម ១២:២)។
ប៉មគ្រប់គ្រងការហោះហើរនៅអាកាសយានដ្ឋាន ជាទីកន្លែងដែលគួរឲ្យចាប់អារម្មណ៍។ ប៉មនោះមានបន្ទប់តូចមួយដែលមានសមត្ថភាព និងអំណាចជាច្រើនលើសលប់មកលើការហោះហើររបស់យន្តហោះនីមួយៗ។ ការណែនាំដែលប៉មនោះបានផ្តល់ឲ្យបានការពារ និងធានានូវសុវត្ថិភាព។ បើក្រុមការងារក្នុងប៉មនោះមានកំហុសបច្ចេកទេសណាមួយ ផលប៉ះពាលកើតមាននៅក្រៅប៉មនោះ ហើយច្រើនតែនាំឲ្យមកនូវគ្រោះមហន្តរាយធ្ងន់ធ្ងរ។
ស្រដៀងគ្នានេះដែរ យើងអាចនិយាយថា គំនិតរបស់យើង គឺប៉មគ្រប់គ្រងនៃរូបកាយយើង។ ការអ្វីដែលរូបកាយយើងធ្វើ មានការជាប់ទាក់ទងដោយផ្ទាល់មកលើការអ្វីដែលកំពុងកើតឡើងក្នុងគំនិតយើង។ ក្នុងគំនិតយើង យើងមានសមត្ថភាពអាចពិចារណា សម្រេចចិត្ត វិនិច្ឆ័យអារម្មណ៍របស់យើង ហើយធ្វើឲ្យក្តីស្រឡាញ់របស់យើងចេញជារូបរាង្គឡើង។ ហេតុនេះហើយ សាវ័ក ប៉ុល បានប្រាប់យើងឲ្យថ្វាយរូបកាយយើងជាយញ្ញបូជារស់ ជាការឆ្លើយតបចំពោះសេចក្តីមេត្តារបស់ព្រះ ចំពោះយើងក្នុងព្រះគ្រីស្ទ (រ៉ូម ១២:១) ហេតុនេះហើយ ការគិតរបស់យើងពិតជាសំខាន់ណាស់។
ការរស់នៅជាគ្រីស្ទបរិស័ទរាប់បញ្ចូលការកែប្រែផ្នត់គំនិតស៊ីជម្រៅ ដែលនាំឲ្យមានគំនិត និងអាកប្បកិរិយាកាន់តែបរិសុទ្ធ ដែលយើងមិនឃើញមាននៅក្នុងជីវិតដែលគ្មានព្រះគ្រីស្ទឡើយ។ គឺដូចដែលសាវ័ក ប៉ុល បានបង្រៀនក្នុងខគម្ពីរមុនថា «ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលគិតតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ» (រ៉ូម ៨:៥)។ ការផ្លាស់ប្ដូរផ្នត់គំនិតដូចនេះអាចកើតមានទៅបាន ដោយសារអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ខណៈពេលដែលព្រះអង្គបង្រៀនយើងក្នុងសេចក្តីពិតនៃព្រះបន្ទូលព្រះ។
ការផ្លាស់ប្ដូរនេះគឺជាដំណើរការមួយ។ ជារៀងរាល់ថ្ងៃ យើងត្រូវផ្លាស់ប្រែឲ្យកាន់តែមានលក្ខណៈដូចព្រះយេស៊ូវគ្រីស្ទ។ ជាការពិតណាស់ គំនិតរបស់យើង ជីវិតយើងទាំងមូលកំពុងតែមានការផ្លាស់ប្រែឲ្យថ្មីឡើង។ យើងមិនទាន់បានផ្លាស់ប្រែទាំងស្រុងឲ្យក្លាយជាមនុស្សដែលព្រះអង្គសព្វព្រះទ័យ ប៉ុន្តែយើងមិនដូចពីមុនទេ។ ហើយនៅពេលណាគំនិតយើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះវិញ្ញាណ និងព្រះបន្ទូលព្រះ អ្វីៗផ្សេងទៀតនឹងមានការផ្លាស់ប្ដូរជាបន្តបន្ទាប់តាមបំណងព្រះទ័យព្រះអង្គ។ យើងនឹងបានដឹងថា ផ្លូវរបស់ព្រះ គឺជាជម្រើសល្អបំផុត ហើយក៏អរសប្បាយក្នុងការដើរតាមផ្លូវរបស់ព្រះអង្គ។ យើងគិតមុនពេលយើងធ្វើអ្វីមួយ។ យើងបដិសេធមិនព្រមឲ្យលោកីយ៍កែប្រែយើង ដោយរៀនមើលស្គាល់ផ្នត់គំនិតរបស់វា ដែលផ្អែកទៅលើការកុហក ជាជាងផ្អែកទៅលើសេចក្តីពិតនៃព្រះបន្ទូលព្រះ។
ដូចនេះ ចូរទុកចិត្តថា អំណាចនៃព្រះបន្ទូលព្រះនឹងកែប្រែចិត្តគំនិតរបស់អ្នក ហើយចូលទូលសូមព្រះវិញ្ញាណជួយឲ្យការនេះអាចកើតឡើង។ ចូរមើលឲ្យស្គាល់ល្បិចដែលលោកីយ៍ប្រើ ដើម្បីទាញនាំអ្នកឲ្យត្រាប់តាមវា ហើយចូរប្រើពេលនោះជាឱកាស ដើម្បីអនុញ្ញាតឲ្យគំនិតអ្នកមានការផ្លាស់ប្រែ ដោយប្រាជ្ញាមកពីព្រះវិញ។ ហើយចូរអនុវត្តដូចនេះ មិនមែនដោយសារអ្នកគួរតែធ្វើ តែដោយសារអ្នកចូលចិត្តធ្វើ ដ្បិតអ្នកដឹងថា «សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមកក៏ប្រសើរជាងមាសសុទ្ធផង...អស់ទាំងផ្លូវរបស់ប្រាជ្ញាសុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះក៏ជាសេចក្តីសុខដែរ» (សុភាសិត ៣:១៣-១៤, ១៧)។
ព្រះគម្ពីរសញ្ជឹងគិត៖ សុភាសិត ៣:១-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៣២-៣៣ និងម៉ាថាយ ២៦:២៦-៤៦