
សេចក្តីស្រឡាញ់ជាបងប្អូន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 23, 2025
«ខាងឯសេចក្តីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្តីរាប់អាន នោះឲ្យខំរាប់អានគេជាមុន» (រ៉ូម ១២:១០)។
បងប្អូនបង្កើតដែលនៅក្មេងនៅឡើយ ងាយនឹងរុញគ្នាទៅវិញទៅមក ហើយរអ៊ូរទាំអំពីគ្នាទៅវិញទៅមក។ បើយើងនិយាយឲ្យស្មោះត្រង់ ជួនកាល «ក្តីស្រឡាញ់ជាបងប្អូន» ក្នុងពួកជំនុំមានលក្ខណៈសម្គាល់នៃការគិត និងប្រព្រឹត្តដូចនេះ ច្រើនជាងមានលក្ខណៈសម្គាល់នៃសេចក្តីស្រឡាញ់ និងការដឹងគុណព្រះ។ ពេលណាយើងមើលបំណាំគ្នាទៅវិញទៅមកជាជាងច្រៀងថា យើងអរសប្បាយ ព្រោះយើងបានធ្វើជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះ1 នោះក្នុងជម្រៅចិត្តយើង យើងច្រើនតែគិតអំពីបងប្អូនណាម្នាក់ថា «ខ្ញុំមិននឹកស្មានសោះថា មហាគ្រួសារនៃព្រះមិនមានមនុស្សដូចអ្នក»។
ហេតុនេះហើយ សាវ័ក ប៉ុល បានបង្រៀនយើងឲ្យដើរតាមផ្លូវល្អជាងនេះ។
ក្នុងខនេះ សាវ័ក ប៉ុល បានបកស្រាយអំពីសេចក្តីស្រឡាញ់ ដោយប្រើពាក្យដែលយើងប្រើក្នុងគ្រួសារ។ ក្នុងខនេះ ពាក្យ ភីលូស្តូគ័រ (Philostorgoi) ដែលប្រែមកថា «ស្រឡាញ់» គឺមានប្រភពពីពាក្យ «ស្ទគ» ជាភាសាក្រិក ដែលសំដៅទៅលើសេចក្តីស្រឡាញ់ដែលមានការប្ដូរផ្តាច់របស់ឪពុកម្តាយចំពោះកូន។ ពាក្យ ភីឡាដេលភា (Philadelphia) ដែលប្រែមកថា «ដោយសេចក្តីស្រឡាញ់ជាបងប្អូន» ជាពាក្យដែលត្រូវបានប្រើសំដៅទៅលើសេចក្តីស្រឡាញ់រវាងបងប្អូនបង្កើត (គឺមានអត្ថន័យដូចឈ្មោះទីក្រុងភីឡាដេលភាជាទីក្រុងនៃសេចក្តីស្រឡាញ់ជាបងប្អូន)។
ក្នុងបទគម្ពីររ៉ូមជំពូក៨ សាវ័ក ប៉ុល បានរម្លឹកអ្នកអានសំបុត្រគាត់ថា ពួកគេរួមគ្នាមកក្នុងនាមជាសមាជិកនៃមហាគ្រួសារនៃព្រះគុណព្រះ (រ៉ូម ៨:១២-១៧)។ ដូចនេះ ដោយសារព្រះអម្ចាស់បាននាំពួកគេចូលទៅក្នុងគ្រួសារ ដែលមានមូលដ្ឋានគ្រឹះតែមួយ គឺព្រះយេស៊ូវ នោះពួកគេមានហេតុផល ដែលត្រូវមានចិត្តប្ដូរផ្តាច់ចំពោះខ្លួនឯង។
សេចក្តីស្រឡាញ់ប្រភេទនេះ មិនគ្រាន់តែតម្រូវឲ្យមានសេចក្តីស្រឡាញ់ពិតប្រាកដប៉ុណ្ណោះទេ តែក៏តម្រូវឲ្យមានការបន្ទាបខ្លួនផងដែរ។ ផ្នែកទីពីរនៃបទគម្ពីរខាងលើ ត្រូវបានបកប្រែដោយប្រើពាក្យថា «ត្រូវឲ្យខំរាប់អានគេជាមុន»។ ពាក្យនេះ គឺសមស្របនឹងបទគម្ពីរភីលីពជំពូក២ ដែលក្នុងនោះ សាវ័ក ប៉ុល បានសរសេរថា «ចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ» (ភីលីព ២:៣)។ ព្រះគម្ពីរបានត្រាស់ហៅយើងឲ្យគិតប្រយោជន៍អ្នកដទៃមុនគិតពីខ្លួនឯង។ យើងត្រូវរៀនរស់នៅដោយចាត់ទុកប្រយោជន៍អ្នកដទៃជាសំខាន់ទីមួយ ដោយគ្មានការរអ៊ូរទាំ ឬព្យាយាមស្វែងរកការសរសើរសម្រាប់ខ្លួនឯងក្នុងការអនុវត្តតាមការបង្រៀននេះឡើយ។ ក្នុងគ្រួសារនៃពួកជំនុំ សមាជិកម្នាក់ៗគួរតែខិតខំធ្វើការល្អដល់គ្នាទៅវិញទៅមកឲ្យបានច្រើនជាងគេ។
ពេលយើងគិតអំពីការស្រឡាញ់គ្នាជាបងប្អូនយ៉ាងដូចនេះ យើងអាចនឹកចាំអំពីព្រះយេស៊ូវ ដែលបានសព្វព្រះទ័យនឹងហៅយើងថា បងប្អូនរបស់ព្រះអង្គ (ហេព្រើរ ២:១១-១៥)។ ដ្បិតព្រះយេស៊ូវ «ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបម្រើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង» (ភីលីព ២:៦-៧)។ ព្រះយេស៊ូវគឺជាអ្នកដែលបានបង្ហាញឲ្យយើងដឹងថា សេចក្តីស្រឡាញ់ជាបងប្អូនមានលក្ខណៈដូចម្ដេច។ គឺព្រះយេស៊ូវហើយ ដែលបានស្រឡាញ់ពួកជំនុំជាគ្រួសារព្រះអង្គយ៉ាងឥតខ្ចោះ ដោយធ្វើលើសអ្នកដទៃក្នុងការផ្តល់កិត្តិយសដល់គ្រួសារទ្រង់។ ព្រះបន្ទូលបានត្រាស់ហៅយើងឲ្យមានលក្ខណៈដូចព្រះយេស៊ូវ និងរស់នៅដូចព្រះអង្គ រៀងរាល់ពេលដែលយើងសម្រេចចិត្តស្រឡាញ់ ដោយសេចក្តីស្រឡាញ់ជាបងប្អូនដូចព្រះគ្រីស្ទ។ នៅថ្ងៃនោះ ចូរយើងស្រឡាញ់ដូចព្រះអង្គចុះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ១សាំយ៉ូអែល ២០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៤៨-៤៩ និងភីលីព ១