
ការផ្សះផ្សាដែលអាចកើតមាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 28, 2025
«ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន» (រ៉ូម ១២:១៨)។
ព្រះគម្ពីរគឺជាសៀវភៅដ៏អស្ចារ្យ ដែលផ្តល់ឲ្យយើងនូវដំណោះស្រាយជាក់ស្ដែង។ ប្រាជ្ញាក្នុងព្រះគម្ពីរមានភាពសម្បូរបែបណាស់ ហើយអាចប្រើក្នុងជីវិតពិត ហើយកាលណាយើងមានវ័យកាន់តែចាស់ នោះយើងនឹងបានឮប្រាជ្ញានោះនិយាយអំពីស្ថានភាពនីមួយៗរបស់យើងកាន់តែមានន័យ។ មនុស្សជាច្រើនដឹងថា ឪពុកម្តាយរបស់ពួកគេច្រើនតែកែតម្រង់ពួកគេដោយការដាស់តឿន និងពាក្យប្រកបដោយប្រាជ្ញា ហើយពេលណាយើងដើរក្នុងពន្លឺនៃព្រះបន្ទូលព្រះ យើងនឹងបានឃើញថា ព្រះបន្ទូលបាននិយាយត្រូវគ្រប់ពេលគ្រប់វេលា។
ក្នុងបទគម្ពីរខាងលើនេះ សាវ័ក ប៉ុល បានបង្ហាញប្រាជ្ញា ដែលយើងអាចប្រើគ្រប់សម័យកាលក្នុងជីវិតពិត។ គាត់បានបង្រៀនយើង «ឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ»។ នេះជាពាក្យដ៏សាមញ្ញ មិនពិបាកយល់ទេ។ ប៉ុន្តែ គាត់មិនបាននិយាយតែប៉ុណ្ណេះទេ។ ប៉ុន្តែ ក្នុងការបង្រៀននេះមានលក្ខខណ្ឌពីរយ៉ាងគឺ នៅក្នុងឃ្លា «ខាងឯអ្នករាល់គ្នា» និងឃ្លា «បើសិនជាបាន»។ បានសេចក្តីថា យើងមិនតែងតែអាចនៅជាមេត្រីនឹងគេជានិច្ចឡើយ។
ត្រង់ចំណុចនេះ ការបង្រៀនរបស់គាត់មិនមានចន្លោះប្រហោងទេ។ គាត់មិនមែនកំពុងតែប្រាប់យើង ឲ្យនៅជាមេត្រីជាមួយអ្នកដទៃ ដរាបណាយើងអាចគ្រប់គ្រងកំហឹង និងអារម្មណ៍ខ្លួនឯងនោះទេ ព្រោះបើសិនជាដូច្នោះមែន យើងអាចបន្តមានចិត្តជូរល្វីងដោយសេរី។ ប៉ុន្តែ គាត់បង្រៀនយើងថា ការប៉ះទង្គិចក្នុងជីវិតយើង នៅតែបន្តកើតមាន ទោះយើងខិតខំយ៉ាងណាក៏ដោយ ប៉ុន្តែយើងមិនត្រូវបង្កជម្លោះនោះទេ។ ក្នុងការទទួលខុសត្រូវចំពោះជម្លោះដែលបន្តមាន យើងមិនត្រូវមានការស្ទាក់ស្ទើរ នៅក្នុងការផ្សះផ្សានោះឡើយ។
ប៉ុន្តែ ទោះយើងបានធ្វើការផ្សះផ្សានៅខាងយើងហើយក៏ដោយ ក៏មានលក្ខខណ្ឌពីរយ៉ាងដែលធ្វើឲ្យមេត្រីភាពមិនអាចកើតមានផងដែរ។ ទីមួយ គឺនៅពេលដែលភាគីម្ខាងទៀត មិនចង់ផ្សះផ្សាជាមួយយើង។ យើងប្រហែលជាកំពុងតែប្រឈមមុខដាក់មនុស្សដែលចង់ធ្វើអាក្រក់មកលើយើង ហើយមិនចង់ដោះស្រាយបញ្ហាជម្លោះនោះទេ។ ក្នុងស្ថានភាពបែបនេះ យើងប្រហែលមិនអាចកែប្រែអ្នកនោះ ឬរារាំងភាពឃោរឃៅរបស់ពួកគេបានទេ ប៉ុន្តែយើងអាចទប់ចិត្តមិនឲ្យវាយបកទៅវិញ។ ពេលណាយើងប្រាកដថា យើងមិនមែនកំពុងតែរួមចំណែកនៅក្នុងការបង្កជម្លោះនោះ គឺមានន័យថា យើងកំពុងដេញតាមសន្តិភាព ទោះវាជាការប្រឹងប្រែងតែម្ខាងក៏ដោយ។
ម្យ៉ាងទៀត យើងជួបឧបសគ្គមួយទៀត នៅពេលដែលរបៀបដែលយើងស្វែងរកការផ្សះផ្សា មិនមានភាពសមស្របនឹងគោលការណ៍នៃសេចក្តីបរិសុទ្ធ សេចក្តីពិត និងសេចក្តីសុចរិត។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានគិតដល់ស្ថានភាពមួយនេះ នៅពេលដែលគាត់បង្រៀនពួកជំនុំថា «ចូរដេញតាមសេចក្តីមេត្រី ចំពោះមនុស្សទាំងអស់ចុះ ហើយឲ្យបានញែកជាបរិសុទ្ធដែរ បើអ្នកណាគ្មានសេចក្តីបរិសុទ្ធ នោះមិនដែលឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ បទគម្ពីរនេះមិនមានការបង្រៀនពីរផ្ទុយគ្នានោះទេ។ បានសេចក្តីថា ការព្យាយាមស្វែងរកការផ្សះផ្សា និងការស្វែងរកសេចក្តីបរិសុទ្ធ មិនត្រូវដើរបញ្ច្រាសគ្នាទេ។
ការដេញតាមសន្តិភាព ក៏មិនត្រូវក្លាយជាការដេញតាមការខាតបង់ដែរ។ អ្នកខ្លះចាំបាច់ត្រូវទប់ចិត្តខ្លួនឯងដែលស្អប់ជម្លោះ និងស្អប់ការប្រឈមមុខដាក់គ្នា ពោលគឺមិនត្រូវបណ្តោយឲ្យវានាំយើងដេញតាមសន្តិភាព ដោយការលះបង់សេចក្តីសុចរិតនោះទេ។
អ្នកមិនអាចកែប្រែចិត្តមនុស្សបានទេ ព្រោះការកែប្រែចិត្ត គឺជាកិច្ចការរបស់ព្រះអម្ចាស់។ អ្នកមិនត្រូវបន្ថែមបន្ថយភាពសុចរិតរបស់អ្នកនោះឡើយ ព្រោះព្រះអម្ចាស់ខ្វល់អំពីរឿងនេះខ្លាំងជាងគេ។ ប៉ុន្តែ ព្រះអង្គកំពុងបង្គាប់អ្នកឲ្យដេញតាមការផ្សះផ្សា ទោះនេះជាការប្រឹងប្រែងតែម្ខាងក្ដី។ តើអ្នកត្រូវការព្រះរាជបញ្ជានេះបណ្ដាលចិត្តអ្នកឲ្យគ្រប់គ្រងពាក្យសម្ដី កែប្រែអាកប្បកិរិយា ឬបោះជំហានទីមួយឆ្ពោះទៅរកការផ្សះផ្សានៅថ្ងៃនេះឬទេ?
ព្រះគម្ពីរសញ្ជឹងគិត៖ ដានីយ៉ែល ៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ៤-៦ និងកិច្ចការ ២:១-២១