
ដោយសេចក្តីពិតរបស់ព្រះ
July 19, 2025
យ៉ូហាន ១៧:១-៥,១៣-១៩
សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់។ យ៉ូហាន ១៧:១៧
នៅឆ្នាំ២០២៣ ពាក្យ អូសែនទិក (AUTHENTIC) គឺជាពាក្យដែលគេស្វែងរកមើលច្រើនបំផុត ក្នុងវចនានុក្រម MERRIAM-WEBSTER។ ពាក្យនេះ មានន័យថា “មិនក្លែងក្លាយ ឬមិនចម្លង” និង “ត្រូវនឹងបុគ្គលិកលក្ខណៈ វិញ្ញាណ និងចារឹកលក្ខណៈរបស់មនុស្សម្នាក់ៗ”។ មនុស្សស្វែងរកសេចក្តីពិត ប៉ុន្តែ ការញែកការពិត ចេញពីការប្រឌិតអាចមានការពិបាក។ លោក ភីធ័រ សូកូឡូស្គី (PETER SOKOLOWSKI) ដែលជាអ្នកកែសម្រួលអត្ថបទ បានមានប្រសាសន៍ថា “តើយើងអាចទុកចិត្តថា សិស្សម្នាក់ពិតជាបានសរសេរអត្ថបទនោះដោយខ្លួនឯងឬអត់ ឬ... អ្នកនយោបាយណាម្នាក់ពិតជាបាននិយាយចេញពាក្យសម្តីនោះឬអត់? យើងមិនតែងតែអាចទុកចិត្តថា អ្វីដែលយើងមើលឃើញ គឺជាការពិតឬអត់ទេ។ ពេលខ្លះ យើងមិនជឿភ្នែក ឬត្រចៀកខ្លួនឯង។ យើងកំពុងតែទទួលស្គាល់ថា ការសម្ដែងគឺជាការពិត”។
អ្វីដែលពិតបានប្រែក្លាយជាមានភាពស្រពេចស្រពឹលកាន់តែខ្លាំង ហេតុនេះហើយ មនុស្សភាគច្រើនមានការស្រេកឃ្លានចង់បានអ្វីដែលពិត។ យើងអាចជៀសវាងបញ្ហានេះបាន ដោយទទួលយក និងរស់នៅតាមប្រាជ្ញា ក្នុងព្រះគម្ពីរប៊ីប។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់សិស្សរបស់ព្រះអង្គ មុនពេលគេចាប់ព្រះកាយ កាត់ទោស និងធ្វើគុតព្រះអង្គនៅលើឈើឆ្កាង (យ៉ូហាន ១៧-១៧)។ ដើម្បីឲ្យពួកសិស្សរបស់ព្រះអង្គបានត្រៀមខ្លួន សម្រាប់ការយាងឡើងស្ថានសួគ៌វិញ ព្រះអង្គក៏បាន “ងើបព្រះនេត្រទៅលើមេឃ” ហើយអធិស្ឋានឲ្យពួកគេ (១៧:១)។ ព្រះអង្គបានអធិស្ឋានសូមព្រះវរបិតា “ញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់” (ខ.១៧)។ ការនេះបានបង្ហាញថា អ្វីៗដែលព្រះទ្រង់បានបើកសម្ដែងក្នុងព្រះគម្ពីរប៊ីប មិនបានស្របតាមស្តង់ដាររបស់លោកិយ ដែលកំណត់ថា អ្វីពិតឬមិនពិតនោះទេ តែអ្វីដែលព្រះអង្គបានបើកសម្ដែងនោះគឺជាសេចក្តីពិត និងជាស្តង់ដារសម្រាប់វិនិច្ឆ័យអ្វីផ្សេងទៀត។
ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យរស់នៅស្របតាមព្រះគម្ពីរប៊ីប ដោយប្រព្រឹត្តតាមសេចក្តីពិតក្នុងព្រះគម្ពីរប៊ីប។ ទាល់តែយើងអនុវត្តដូចនេះ ទើបយើងអាចមានភាពពិតត្រង់ ដែលលោកិយកំពុងតែត្រូវការក្នុងពេលសព្វថ្ងៃ។—MARVIN WILLIAMS
តើព្រះគម្ពីរប៊ីបបានបើកបង្ហាញសេចក្តីពិតរបស់ព្រះ ដូចម្តេចខ្លះ? តើសេចក្តីពិតនោះ បានកែប្រែជីវិតអ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គញែកទូលបង្គំជាបរិសុទ្ធ ដោយសេចក្តីពិតក្នុងព្រះគម្ពីរប៊ីប ខណៈពេលដែលទូលបង្គំបម្រើព្រះអង្គ។ គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២៣-២៥ និង កិច្ចការ ២១:១៨-៤០