
ផ្លាស់ប្ដូរពីទឹកដោះ ទៅអាហាររឹង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 21, 2025
«គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បឋមសិក្សានៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ» (ហេព្រើរ ៥:១២)។
បើអ្នកមានឧបករណ៍ហាត់ប្រាណជាច្រើនក្នុងបន្ទប់ក្រោមដី តែមិនដែលបានប្រើពួកវា ដើម្បីពង្រឹងសាច់ដុំ ឬដើម្បីពង្រឹងសុខភាពបេះដូង នោះឧបករណ៍ទាំងនោះគ្មានប្រយោជន៍ទេ។ សាច់ដុំមានការលូតលាស់តាមរយៈការប្រើប្រាស់វាឲ្យទៀងទាត់។ គ្រូបង្វឹកផ្ទាល់ខ្លួនអាចមានប្រយោជន៍ ប៉ុន្តែយើងក៏ត្រូវមានការប្ដេជ្ញាចិត្តក្នុងការហ្វឹកហាត់ខ្លួនឯងផងដែរ។ កាលសាវ័ក ប៉ុល សរសេរប្រាប់លោក ធីម៉ូថេ ថា «ចូរបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះវិញ» (១ធីម៉ូថេ ៤:៧) គឺគាត់កំពុងនិយាយសង្កត់ធ្ងន់ថា គ្មានមនុស្សជាគំរូ អ្នកដឹកនាំ ឬមិត្តភក្តិណា ដែលអាចហ្វឹកហាត់ជំនួសគាត់បានទេ។
ខណៈពេលដែលយើងចម្រើនឡើងក្នុងការដើរក្នុងជំនឿ គឺយើងកំពុងរៀនសេចក្តីពិតកំរិតបឋម ដោយអនុវត្តតាម និងចម្រើនឡើងបន្តិចម្តងៗក្នុងការយល់ដឹងខាងវិញ្ញាណ។ ដំណើរការនេះជួយយើងឲ្យផ្លាស់ប្ដូរពីទឹកដោះ ទៅអាហាររឹង (ហេព្រើរ ៥:១២-១៤) ពីភាពជាកូនង៉ែតខាងវិញ្ញាណ ទៅភាពពេញវ័យខាងវិញ្ញាណ ដើម្បីឲ្យយើងអាចចាប់ផ្ដើមបង្រៀនអ្នកដទៃ។ នេះជាវដ្ដនៃជីវិតដែលព្រះបានរៀបចំ ដើម្បីពង្រីកនគរព្រះអង្គ។
តាមន័យធៀបនេះ សេចក្តីពិតជាមូលដ្ឋាននៃជំនឿគ្រីស្ទានពិតជាសំខាន់ណាស់ ព្រោះអ្វីៗផ្សេងទៀត ដែលយើងរៀនបានអំពីព្រះគ្រីស្ទ គឺសុទ្ធតែបានសង់ឡើងនៅលើសេចក្តីពិតនោះឯង។ ប៉ុន្តែ ការបន្តរស់នៅលើសេចក្តីពិតជាមូលដ្ឋាននោះជារៀងរហូត មិនជួយឲ្យយើងរីកចម្រើនទេ។ យើងត្រូវតែមានភាពឧស្សាហ៍ក្នុងការចម្រើនឡើងក្នុងជីវិតជាគ្រីស្ទាន ដោយព្យាយាមជានិច្ច ឲ្យលូតលាស់ក្នុងសេចក្តីបរិសុទ្ធ ដោយសូមព្រះវិញ្ញាណបរិសុទ្ធស្អាងយើងឡើង ខណៈពេលដែលយើងចូលកាន់តែជ្រៅក្នុងព្រះបន្ទូលដែលព្រះអង្គបានបណ្ដាលឲ្យគេតែង។
ព្រះអម្ចាស់កំពុងកែប្រែកូនព្រះអង្គឲ្យត្រូវនឹងរូបអង្គរបស់ព្រះបុត្រាព្រះអង្គ ដោយឲ្យពួកគេបានដកពិសោធន៍នឹងជីវិតពិត ឬធ្វើតាមការបង្រៀនក្នុងព្រះបន្ទូលព្រះអង្គ។ ពេលណាអ្នកហ្វឹកហាត់តាមព្រះបន្ទូល ហើយប្រកាន់ខ្ជាប់តាមអ្នកនឹងមានការចម្រើនឡើង។ តើអ្នកបានប្រើព្រះគម្ពីររបស់អ្នកជារៀងរាល់ថ្ងៃ ដើម្បីធ្វើការលត់ដុំខ្លួនដែរឬទេ? តើអ្នកបានព្យាយាមរៀនសូត្រពីអ្នកដែលមានបទពិសោធន៍ក្នុងការដើរជាមួយព្រះបានយូរជាងអ្នកឬទេ ហើយតើអ្នកបានព្យាយាមស្វែងយល់គោលលទ្ធិពិបាកៗ ជាជាងគិតថា មានតែ «អ្នកជំនាញ» ទេ ដែលអាចរៀនគោលលទ្ធិទាំងនោះបាន? ហើយតើអ្នកបានអាន និងតយុទ្ធ ហើយជញ្ជឹងគិតព្រះបន្ទូល ដើម្បីឲ្យអ្នកកាន់តែមានសេចក្តីស្រឡាញ់ចំពោះព្រះគ្រីស្ទ និងមានសមត្ថភាពកាន់តែច្រើន ដើម្បីបម្រើអ្នកដទៃក្នុងពួកជំនុំ និងសហគមន៍របស់អ្នកជាជាងរៀនគ្រាន់តែដើម្បីឲ្យបានដឹងបន្ថែមឬ? ចូរកុំចាំដល់គេនិយាយថា អ្នកគួរតែបានចម្រើនឡើងបន្ថែមទៀត និងធ្វើឲ្យបានច្រើនថែមទៀត ដើម្បីជួយរាស្ត្ររបស់ព្រះ។ ចូរព្យាយាមលូតលាស់។ ដើម្បីលូតលាស់ អ្នកត្រូវការជំនួយរបស់ព្រះអង្គ ប៉ុន្តែពេលណាយើងស្វែងរកជំនួយពីព្រះអង្គ ព្រះអង្គនឹងប្រទានពរដល់ការប្រឹងប្រែងរបស់យើង!
ព្រះគម្ពីរសញ្ជឹងគិត៖ ហេព្រើរ ៥:៧-៦:៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ២៩-៣០ និង កិច្ចការ ១៥:២២-៤១