
កុំភ្លេចអធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 22, 2025
«លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន។ ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ» (ម៉ាកុស ៩:២៨-២៩)។
ក្នុងបទគម្ពីរម៉ាកុសជំពូក៦ ព្រះយេស៊ូវបានចាត់សិស្សព្រះអង្គឲ្យចេញទៅពីរៗនាក់ ឲ្យប្រកាសអំពីភាពចាំបាច់នៃការផ្លាស់ប្រែចិត្ត។ ព្រះអង្គមិនគ្រាន់តែបានប្រទាននូវការណែនាំដ៏ជាក់លាក់ទេ ប៉ុន្តែក៏បានប្រទាន «ឲ្យមានអំណាចលើអស់ទាំងអារក្សអសោចផង» (ម៉ាកុស ៦:៧)។ ហេតុនេះហើយ ការងាររបស់ពួកគេបានបំបែកកំណត់ត្រាយ៉ាងត្រចះត្រចង់ដោយ «បណ្ដេញអារក្សជាច្រើន ហើយលាបប្រេងឲ្យមនុស្សជំងឺជាច្រើនបានជាដែរ» (ខ.១៣)។
ផ្អែកទៅលើជោគជ័យដែលពួកគេមានក្នុងការងារ ដែលព្រះយេស៊ូវបានប្រទានឲ្យពួកគេ យើងមិនពិបាកយល់អំពីមូលហេតុដែលពួកគេមានការភ្ញាក់ផ្អើល និងភាន់ភាំង នៅពេលដែលពួកគេបរាជ័យក្នុងការដេញអារក្សចេញពីក្មេងប្រុសម្នាក់ ទាល់តែព្រះយេស៊ូវយាងមកដល់ ហើយក៏បានចូលទៅស្អាងក្មេងប្រុសនោះឡើងវិញ (ម៉ាកុស ៩:១៤-២៧)។ នៅពេលដែលពួកសាវ័កទូលសួរព្រះអង្គថា «ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន?» ពួកគេប្រហែលជារំពឹងថា ព្រះយេស៊ូវនឹងប្រទានពួកគេនូវចំណេះដឹងអាថ៌កំបាំងមួយ។ ជួនកាល យើងប្រហែលជាជឿដូចពួកគេផងដែរ ដោយមានការយល់ច្រឡំ។ ផ្អែកទៅលើការឆ្លើយតបរបស់ព្រះអង្គ យើងចាំបាច់ត្រូវមានសមត្ថភាព ឬការងារពិសេស។ ប៉ុន្តែ ព្រះយេស៊ូវមិនបានបង្រៀនដូចនេះទេ។ ព្រះអង្គគ្រាន់តែបានរំឭកពួកសាវ័ក ក៏ដូចជាយើងរាល់គ្នាថា អ្នករាល់គ្នាបរាជ័យ ដោយសារអ្នករាល់គ្នាភ្លេចធ្វើនូវរឿងដ៏សំខាន់មួយ គឺអ្នករាល់គ្នាមិនបានអធិស្ឋាន។
នៅក្នុងពេលដែលពួកគេជោគជ័យ ពួកគេក៏បានភ្លេចខ្លួន។ ពួកគេភ្លេចការពិតដែលថា ពួកគេអាចធ្វើអ្វីៗបាន គឺដោយសារតែសេចក្តីមេត្តា និងព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះប៉ុណ្ណោះ។ កាលនោះ ពួកគេរួមដំណើរជាមួយព្រះយេស៊ូវជារៀងរាល់ថ្ងៃ ប៉ុន្តែពួកគេបានភ្លេចរួចទៅហើយ។ ពួកគេត្រូវការការក្រើនរំឭក។ ជួនកាល យើងក៏ត្រូវការការក្រើនរំឭកផងដែរ។ ការយល់ឃើញថា ព្រះចេស្ដាមានសម្រាប់ឲ្យយើងប្រើនៅពេលណាក៏បាន ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង គឺអាក្រក់លើសការមិនជឿទៅទៀត ព្រោះវាជាការទុកចិត្តខ្លួនឯងជាជាងទុកចិត្តព្រះ។ ផ្ទុយទៅវិញ ការអធិស្ឋានកែប្រែបំណងចិត្តយើង ឲ្យស្របនឹងបំណងព្រះទ័យព្រះ។ ការអធិស្ឋានជាការទទួលស្គាល់ថា ព្រះត្រូវធ្វើការអស្ចារ្យ ព្រោះយើងមិនអាចធ្វើការអស្ចារ្យដោយខ្លួនឯងបានទេ។ ហើយបើយើងមិនពឹងផ្អែកលើព្រះគុណព្រះទេ យើងមិនអាចជួយកែប្រែកាលៈទេសៈរបស់នរណាម្នាក់ ហើយនាំមកនូវការផ្លាស់ប្ដូរដ៏អស់កល្បបានទេ។
មានមូលហេតុជាច្រើនដែលយើងមិនអធិស្ឋាន។ យើងគិតថា យើងមិនចាំបាច់ត្រូវអធិស្ឋាន ឬយើងមិនចង់អធិស្ឋានតែម្តង។ យើងទុកចិត្តលើសមត្ថភាពរបស់យើងខ្លាំងពេក។ ទាំងអស់នេះគឺសុទ្ធតែជាការសន្និដ្ឋានរបស់យើងប៉ុណ្ណោះ។ ពេលណាយើងព្យាយាមធ្វើកិច្ចការខាងវិញ្ញាណដោយខ្លួនឯង យើងច្រើនតែទទួលបរាជ័យយ៉ាងវេទនា។ ដូចនេះ នៅពេលក្រោយ បើអ្នកជួបការល្បួងឲ្យចង់ធ្វើអ្វីៗដោយខ្លួនឯង ឬសន្និដ្ឋានថា ព្រះចេស្ដារបស់ព្រះនឹងជួយអ្នក ដូចកាលពីមុន (ហើយពេលក្រោយនោះ ទំនងជាពេលថ្ងៃនេះ!) ចូរពិចារណាអំពីការអ្វីដែលពួកសាវ័កបានភ្លេច និងការអ្វីដែលព្រះយេស៊ូវបានរំឭកពួកគេគឺ ឲ្យអធិស្ឋានដល់ព្រះ ដែលទ្រង់មានគ្រប់ចេស្ដា និងបានបង្ហាញសេចក្តីមេត្តា ហើយសក្ដិសមនឹងទទួលសិរីល្អគ្រប់យ៉ាង។ ពេលណាយើងអធិស្ឋាន ហើយមើលព្រះអង្គធ្វើការ យើងនឹងរកឃើញថា ព្រះអង្គអាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី (អេភេសូរ ៣:២០)។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ៩:១៤-២៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៣១-៣២ និង កិច្ចការ ១៦:១-២១