
ដើរក្នុងពន្លឺព្រះគ្រីស្ទ
ដោយPatricia Raybon
August 7, 2025
អេភេសូរ ៥:៨-១៥
ចូរដើរដូចជាមនុស្សភ្លឺចុះ។ អេភេសូរ ៥:៨
បន្ទប់សណ្ឋាគារ ដែលលោកធីម(Tim) ស្នាក់នៅ ហាក់ដូចជាងងឹតខុសពីធម្មតា នៅពេលយប់។ ចុះបើសិនជាគាត់ត្រូវក្រោកនៅពេលយប់ ហើយរអិលដួល ដោយសារគាត់មិនអាចមើលឃើញអ្វីៗនៅជុំវិញគាត់? ប៉ុន្តែ នៅពេលដែលគាត់ក្រោកឡើង គាត់មានការភ្ញាក់ផ្អើល ដែលបានឃើញពន្លឺភ្លើងបាញ់ចេញពីក្រោមគ្រែរបស់គាត់ ដើម្បីបំភ្លឺផ្លូវគាត់។ អំពូលភ្លើងនោះមានឧបករណ៍តាមដានចលនា ដែលធ្វើឲ្យវាភ្លឺដោយស្វ័យប្រវត្តិ។ ទោះជាយ៉ាងណាក៏ដោយ វាភ្លឺតែនៅពេលដែលគាត់ក្រោកឡើង ហើយចាប់ផ្តើមដើរប៉ុណ្ណោះ។
ព្រះគម្ពីរប៊ីបបានចែងថា យើងត្រូវដើរតាមពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះ ដោយស្ម័គ្រពីចិត្ត។ គឺដូចដែលសាវ័កប៉ុលបានប្រាប់អ្នកជឿថ្មី នៅទីក្រុងអេភេសូរថា “ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ហើយដើរក្នុងសេចក្ដីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង”(អេភេសូរ ៥:១-២)។ តើយើងត្រូវដើរក្នុងសេចក្តីស្រឡាញ់ ដូចម្តេចខ្លះ?
ខណៈពេលដែលយើងបោះជំហាន ចូលទៅក្នុងពន្លឺសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ យើងងាកចេញពីបាបរបស់យើង ដែលអាចរាប់បញ្ចូលអំពើអសីលធម៌ ស្មោកគ្រោក ការថ្វាយបង្គំរូបព្រះ និងការលោភចង់បានរបស់ទ្រព្យអ្នកដទៃ។ “កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្ដីងងឹតឡើយ ស៊ូបន្ទោសវិញ”(ខ.១១)។ ការថ្វាយបង្គំរូបព្រះមានការពេញនិយមយ៉ាងខ្លាំង នៅទីក្រុងអេភេសូរ ប៉ុន្តែ ការបង្រៀនរបស់សាវ័កប៉ុលបាននាំអ្នកជឿថ្មី ឲ្យដើរក្នុងផ្លូវនៃពន្លឺវិញ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ”(ខ.៨)។ គាត់មានប្រសាសន៍ទៀតថា “ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិតនឹងសេចក្ដីពិត ចូរលមើលឲ្យដឹងសេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ”(ខ.៩-១០)។
តើយើងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? ពន្លឺរបស់ព្រះយេស៊ូវនឹងភ្លឺមកលើយើង(ខ.១៤) ក៏ដូចជាបំភ្លឺផ្លូវរបស់យើង។ សាវ័កប៉ុលមានប្រសាសន៍ជាសន្និដ្ឋានថា “ត្រូវប្រយ័តដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា”(ខ.១៥)។ ពេលណាយើងដើរក្នុងពន្លឺរបស់ព្រះគ្រីស្ទ ដោយទុកចិត្តព្រះអង្គ យើងនឹងបានធ្វើជាព្រះពរសម្រាប់អ្នកដទៃ ដោយចង្អុលបង្ហាញពួកគេ ឲ្យងាកទៅរកព្រះអង្គ ដែលជាប្រភពនៃពន្លឺពិតប្រាកដ។—Patricia Raybon
តើអ្នកដើរ ក្នុងពន្លឺរបស់ព្រះគ្រីស្ទ យ៉ាងសកម្មដូចម្តេចខ្លះ? តើព្រះអង្គបានបញ្ចាំងពន្លឺ
នៅលើផ្លូវដែលព្រះអង្គដឹកនាំឲ្យអ្នកដើរ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ លោកិយមានពេញដោយភាពងងឹត។ សូមព្រះអង្គចែងចាំងពន្លឺ ក្នុងទូលបង្គំ។
Visit ODBU.org/NT244 to hear Paul’s words of wisdom in this study on Ephesians.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧២-៧៣ និង រ៉ូម ៩:១-១៥