ព្រឹក

ជួយមនុស្សដែលគេសង្កត់សង្កិន
ដោយAmy Boucher Pye
August 8, 2025
យេរេមា ២២:១-៥
ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ។ យេរេមា ២២:៣
អ្នកស្រី យ៉ូសែហ្វ៊ីន បាត់ល័រ(Josephine Butler) ជាភរិយារបស់គ្រូគង្វាលដ៏ល្បីល្បាញ បានធ្វើយុទ្ធនាការ ទាមទារសិទ្ធិឲ្យស្ត្រី ដែលគេបានចោទប្រកាន់ថាជា “ស្ត្រីរកស៊ីផ្លូវភេទ” (ភាគច្រើនដោយអយុត្តិធម៌) គឺអ្នកដែលគេឲ្យតម្លៃទាបថោកបំផុតក្នុងសង្គម។ ដោយការជំរុញចិត្តពីសេចក្តីជំនឿដ៏រឹងមាំលើព្រះ គាត់បានប្រយុទ្ធប្រឆាំងនឹងច្បាប់ការពារជំងឺឆ្លងរបស់ប្រទេសអង់គ្លេស អស់រយៈពេលជាច្រើនឆ្នាំ ក្នុងទសវត្សរ៍ឆ្នាំ១៨៦០ ដែលបានតម្រូវឲ្យស្ត្រីទៅពិនិត្យសុខភាព តាមរបៀបដ៏សាហាវ និងធ្វើឲ្យបាត់បង់ភាពថ្លៃថ្នូរ។
នៅឆ្នាំ១៨៨៣ ក្នុងអំឡុងពេលការជជែកវែកញែក ក្នុងរដ្ឋសភា អំពីការលុបច្បាប់នេះចោល គាត់បានចូលរួមអធិស្ឋានជាមួយស្ត្រី ក្នុងព្រះវិហារវេសមីនស្ទ័រ។ គាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញ “ស្ត្រីវេទនាមានសំលៀកបំពាក់កណ្តាច មកពីតំបន់អនាធិបតេយ្យ” បានចូលរួមជាមួយ “ស្ត្រីអភិជន” កំពុងអធិស្ឋាន ដោយខ្សឹកខ្សួល ទូលសូមព្រះអម្ចាស់ការពារមនុស្សដែលងាយរងគ្រោះ។ ពួកគេមានអំណរយ៉ាងខ្លាំង នៅពេលដែលគេសម្រេចលុបច្បាប់នោះចោល។
ការអំពាវនាវរបស់អ្នកស្រីយូសេហ្វ៊ីន ឲ្យប្រព្រឹត្តដោយយុត្តិធម៌ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យពេចន៍របស់ហោរាយេរេមា ដែលបាននាំព្រះរាជសាររបស់ព្រះ ទូលថ្វាយពួកស្តេចអាក្រក់។ ហោរាយេរេមាមានប្រសាសន៍ថា “ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំឲ្យរឹបជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រានឹងស្រីមេម៉ាយឡើយ”(យេរេមា ២២:៣)។ ព្រះទ្រង់សព្វព្រះទ័យនឹងការពារមនុស្ស ដែលមិនអាចការពារខ្លួនឯងទាស់ប្រឆាំងនឹងមនុស្សមានអំណាចបាន។
ព្រះអម្ចាស់ក៏អាចជំរុញចិត្តយើងឲ្យជួយអ្នកទន់ខ្សោយផងដែរ ដោយជួយយើងឲ្យមើលឃើញភាពមិនស្មើគ្នា ហើយតស៊ូមតិ និងចាត់វិធានការទាស់ប្រឆាំងអំពើអយុត្តិធម៌។ ព្រះដែលស្អប់ការគាបសង្កត់ ទ្រង់ចម្រើនកម្លាំងយើង ឲ្យស្វែងរកយុត្តិធម៌ និងការពារជនទន់ខ្សោយ។—Amy Boucher Pye
តើការដើរតាមព្រះ មានផលប៉ះពាល់យ៉ាងណា មកលើរបៀបដែលអ្នកប្រព្រឹត្តចំពោះជនទន់ខ្សោយ
និងងាយរងគ្រោះ? តើព្រះទ្រង់អាចប្រើអ្នក ឲ្យការពារអ្នកដែលគេសង្កត់សង្កិនដូចម្តេចខ្លះ?
ឱព្រះប្រកបដោយព្រះគុណ ព្រះអង្គស្រឡាញ់ និងយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយ ក៏ដូចជាមនុស្សមានអំណាច។
សូមព្រះអង្គជួយទូលបង្គំ ឲ្យចែកចាយអំពីសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះអង្គដល់ពួកគេ។
For further study, read Walk with Me: Traveling with Jesus and Others on Life’s Road at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧៤-៧៦ និង រ៉ូម ៩:១៦-៣៣