
ការពឹងផ្អែកលើព្រះ
ដោយJames Banks
September 7, 2025
ម៉ាកុស ១០:១៣-១៦
ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ។ ម៉ាកុស ១០:១៤
មានពេលមួយ ខ្ញុំបាននិយាយប្រាប់លេឡានី(LEILANI) ជាចៅស្រីអាយុទើបតែបាន១០សប្តាហ៍ថា “អូហ៍ ចៅហាក់ដូចជាផ្ចង់ចិត្តសម្បើមណាស់”។ នាងកំពុងតែមើលមកខ្ញុំ ដោយទឹកមុខឆ្ងល់ និងជ្រួញចិញ្ចើម ខណៈពេលដែលខ្ញុំកំពុងនិយាយរកនាង។ ខ្ញុំក៏បាននិយាយប្រាប់នាងទៀតថា “យាយក៏ចង់ផ្ចង់ចិត្តដូចចៅដែរ។ ចៅមើលពិភពលោកនេះចុះ។ ប៉ុន្តែ ចៅដឹងទេ? ម្តាយ និងឪពុករបស់ចៅស្រឡាញ់ចៅ។ យាយនិងតាក៏ស្រឡាញ់ចៅដែរ។ តែដែលសំខាន់បំផុតនោះ ព្រះយេស៊ូវស្រឡាញ់ចៅ! នេះជាសេចក្តីពិត ដែលធ្វើឲ្យជីវិតយើងមានន័យ!”
បន្ទាប់មក នាងក៏បានឈប់ជ្រួញចិញ្ចើម ហើយស្នាមញញឹមក៏បានលេចឡើងនៅលើផ្ទៃមុខរបស់នាង ធ្វើឲ្យចិត្តខ្ញុំរំភើបណាស់។ ខ្ញុំចូលចិត្តគិតថា នាងយល់អ្វីដែលខ្ញុំនិយាយ ទោះនេះមិនមែនជាការពិតក៏ដោយ។ គឺមិនខុសពីយាយតាដទៃទៀតឡើយ។ ប៉ុន្តែ នាងប្រហែលជាយល់ខ្លះៗ អំពីអារម្មណ៍ដ៏រីករាយ នៅពីក្រោយពាក្យសម្តីរបស់ខ្ញុំ។ ក្តីអំណរដ៏សាមញ្ញ និងស្មោះត្រង់ ដែលបានបង្ហាញចេញមកនៅលើមុខរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំព្រះបន្ទូលរបស់ព្រះយេស៊ូវដែលបានប្រាប់យើង ឲ្យ “ទទួលនគរព្រះដូចជាកូនក្មេង”(ម៉ាកុស ១០:១៥)។
ព្រះយេស៊ូវមានបន្ទូលដូចនេះ នៅពេលដែលពួកបណ្តាជនបាននាំក្មេងតូចៗ ចូលមករកព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើពួកគេ ហើយប្រទានពរពួកគេ(ខ.១៣,១៦)។ ប៉ុន្តែ “ពួកសិស្សបានស្តីបន្ទោស” ពួកគេ ដោយគិតឃើញថា ព្រះយេស៊ូវកំពុងជាប់រវល់ខ្លាំង ឬគ្មានពេលសម្រាប់ក្មេងៗទេ។ ទង្វើរបស់ពួកគេបានធ្វើឲ្យព្រះអង្គគ្នាន់ក្នាញ់ក្នុងព្រះទ័យ (ខ.១៤-១៥)។
ក្មេងៗមានចរិតលក្ខណៈពីកំណើតមក ដែលមានការបន្ទាបខ្លួន និងការពឹងផ្អែកលើអ្នកដទៃ។ ដើម្បីទទួលសេចក្តីសប្បុរសដែលព្រះទ្រង់មានចំពោះយើង នៅក្នុងព្រះគ្រីស្ទ យើងក៏ត្រូវតែងាកចេញពីអំនួត ហើយទទួលស្គាល់ថា យើងត្រូវការព្រះអង្គ ក្នុងគ្រប់រឿងទាំងអស់។ នៅពេលណាយើងបានធ្វើដូចនេះហើយ ព្រះអង្គនឹងដកភាពអស់សង្ឃឹមនៃលោកិយនេះចេញពីចិត្តយើង ហើយជំនួសមកវិញ ដោយព្រះបន្ទូលសន្យាអំពីជីវិតដែលនឹងរស់នៅជាមួយព្រះអង្គជារៀងរហូត។ ហើយការនេះគួរតែធ្វើឲ្យស្នាមញញឹមលេចឡើងនៅលើផ្ទៃមុខយើង។—JAMES BANKS
តើអ្នកត្រូវការព្រះ ក្នុងផ្នែកណាខ្លះនៃជីវិតអ្នក? តើអ្នកអាចប្រកាសថា អ្នកពឹងផ្អែកលើព្រះអង្គ នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱអ័ប្បាព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យរស់នៅ ដោយការបន្ទាបខ្លួន
ក្នុងសេចក្តីសប្បុរសរបស់ព្រះអង្គនៅថ្ងៃនេះ និងចែកចាយអំពីសេចក្តីសប្បុរសរបស់ព្រះអង្គ ដល់អ្នកដទៃផងដែរ។
LEARN MORE HERE: ODBM.ORG/PERSONAL-RELATIONSHIP-WITH-GOD.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១-២ និង ១កូរិនថូស ១៦