នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ដើម្បី​ក្លាយ​ជា​រាស្ត្រ​របស់​ព្រះ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដើម្បី​ក្លាយ​ជា​រាស្ត្រ​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 7, 2025

«ឯ​ដំណើរ​ដែល​ហៅ​ថា​សាសន៍​យូដា នោះ​មិន​មែន​ចំពោះ​តែ​អ្នកណា​ដែល​មាន​ទី​សំគាល់​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ ហើយ​ការ​កាត់​ស្បែក​សោត ក៏​មិន​មែន​ចំពោះ​តែ​សាច់​ខាង​ក្រៅ​ប៉ុណ្ណោះ​ដែរ រីឯ​សាសន៍​យូដា​ដ៏​ពិត​ប្រាកដ នោះ​គឺ​ខាង​ក្នុង​វិញ ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត ខាង​ព្រលឹង​វិញ្ញាណ​ដែរ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ មនុស្ស​យ៉ាង​នោះ​តែង​មាន​សេចក្តី​សរសើរ មិន​មែន​មក​ពី​មនុស្ស គឺ​ពី​ព្រះ​វិញ» (រ៉ូម ២:២៨-២៩)។
នគរ​នីមួយៗ​សុទ្ធ​តែ​មាន​ពលរដ្ឋ​របស់​ខ្លួន ហើយ​នគរ​ព្រះ​ក៏​មាន​ពលរដ្ឋ​ផង​ដែរ។ ដូច​នេះ តើ​នរណា​ជា​ពលរដ្ឋ​របស់​នគរ​ព្រះ? តើ​នរណា​ជា​រាស្ត្រ​របស់​ព្រះ? រាស្ត្រ​របស់​ព្រះ​គឺ​ជា​មនុស្ស​ទាំង​អស់​ដែល​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ពួក​គេ​ជា​ផ្នែក​មួយ​នៃ​នគរ​ព្រះ មិន​មែន​ដោយ​សារ​ពួកគេ​មាន​បញ្ញា អំណាច ឬ​កត្តា​ខាង​ក្រៅ​ផ្សេង​ទៀត​នោះ​ទេ តែ​ដោយ​សារ​តែ​ព្រះ​បាន​សម្រេច​ព្រះ​ទ័យ​ស្រឡាញ់​ពួក​គេ ហើយ​បាន​ប្រទាន​ពួកគេ​នូវ​អំណោយ​នៃ​សេចក្តី​ជំនឿ ដែល​ជឿ​ព្រះ​រាជបុត្រា​ព្រះ​អង្គ។ ព្រះ​យេស៊ូវ​បាន​ស្តី​បន្ទោស​ពួក​ផារិស៊ី ដោយ​សារ​ពួក​គេ​បាន​សន្និដ្ឋាន​ថា ពួក​គេ​ជា​សមាជិក​គ្រួសារ​របស់​ព្រះ​ដោយ​សារ​ខ្សែ​លោហិត។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា «បើ​អ្នក​រាល់​គ្នា​ជា​ពូជ​លោក អ័ប្រាហាំ​ពិត នោះ​នឹង​ធ្វើ​តាម​លោក​ជា​ប្រាកដ» (យ៉ូហាន ៨:៣៩)។ តើ​លោក អ័ប្រាហាំ បាន​ធ្វើ​អ្វី​ខ្លះ? គឺ​គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ គឺ​ដូច​មាន​សេចក្តី​ចែង​ថា «លោក អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​នោះ បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក» (កាឡាទី ៣:៦)។ 
ដូច​នេះ យើង​រាល់​គ្នា​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​គ្រួសារ​របស់​ព្រះ មិន​មែន​ដោយ​សារ​ការ​អ្វី​ដែល​យើង​បាន​ធ្វើ តែ​ដោយ​សារ​កិច្ចការ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ធ្វើ​ការ​ក្នុង​ចិត្ត​យើង ដោយ​នាំ​ឲ្យ​យើង​ជឿ ហើយ​នាំ​យើង​ទៅ​រក​ការ​ប្រែ​ចិត្ត។ ដើម្បី​រាប់​បញ្ចូល​យើង​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ យើង​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​តាម​ការ​តម្រូវ​របស់​ពិធី​បុណ្យ តាម​ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា ជា​កូនចៅ​ជំនាន់​ក្រោយ​ខាង​សាច់​ឈាម របស់​លោក អ័ប្រាហាំ​នោះ​ឡើយ។ ក្នុង​បទ​គម្ពីរ រ៉ូម ២:២៩ សាវ័ក ប៉ុល បាន​សួរ​ថា នរណា​ជា​កូន​ចៅ​របស់​លោក អ័ប្រាហាំ? ចម្លើយ​នោះ​គឺ កូន​ចៅ​លោក អ័ប្រាហាំ គឺ​ជា​អស់​អ្នក​ដែល «បាន​កាត់​ស្បែក​ក្នុង​ចិត្ត ខាង​ព្រលឹង​វិញ្ញាណ»។
ខណៈ​ពេល​ដែល​យើង​ពិចារណា​អំពី​សេចក្តី​ពិត​នេះ យើង​អាច​ឆ្ងល់​ថា តើ​សាវ័ក ប៉ុល បាន​គិត​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​មាន​សាច់​ឈាម​ជា​ជនជាតិ​យូដា​ឬ​ទេ? សាវ័ក ប៉ុល បាន​ពន្យល់​ថា ការ​មាន​កំណើត​ជា​ជនជាតិ​យូដា​មាន​អត្ថ​ប្រយោជន៍​ដ៏​លើស​លប់ ដោយ​សារ​ជនជាតិ​យូដា​ជា​មនុស្ស​ដំបូង​ដែល​បាន​ទទួល​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ដែល​បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​ឱកាស​ពិសេស ដើម្បី​ស្វែង​យល់​អំពី​ទី​សម្គាល់​ដែល​ចង្អុល​បង្ហាញ​ពួក​គេ​ទៅ​រក​ការ​សម្រេច​បទ​ទំនាយ​ក្នុង​ព្រះ​គ្រីស្ទ (រ៉ូម ៣:១-២)។ ប៉ុន្តែ ការ​យល់​ដឹង​តែ​ប៉ុណ្ណេះ មិន​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​ក្លាយ​ជា​ពលរដ្ឋ​របស់​នគរ​ព្រះ​ឡើយ។ ពលរដ្ឋ​នៃ​នគរ​ព្រះ គឺ​ជា​មនុស្ស​ទទួល​ជឿ ដោយ​ស្ម័គ្រ​ស្មោះ​ចំពោះ​មហាក្សត្រ​នៃ​នគរ​ព្រះ។ ព្រះ​ទ្រង់​បាន​ប្រទាន​សេចក្តី​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​ជឿ​ព្រះ​គ្រីស្ទ ទោះ​យើង​ជា​សាសន៍​យូដា ឬ​សាសន៍​ដទៃ មាន​ប្រវត្តិ​ដូច​ម្តេច ទោះ​យើង​បាន​កើត ឬ​បាន​ទទួល​ការ​ចិញ្ចឹម​ដូច​ម្តេច​ក៏​ដោយ។ ភាព​ជា​ពលរដ្ឋ​ក្នុង​នគរ​ព្រះ មិន​អាស្រ័យ​ទៅលើ​ជាតិ​សាសន៍ ឬ​កត្តា​ខាង​ក្រៅ​ផ្សេង​ទៀត តែ​អាស្រ័យ​ទៅ​លើ​ការ​មាន​ជំនឿ​ដូច​កូន​ក្មេង​ចំពោះ​ព្រះ​មេស្ស៊ី។ 
លោកីយ៍​មាន​ពេញ​ដោយ​មនុស្ស ដែល​ពិបាក​រក​កន្លែង​ដែល​ពួកគេ​អាច​ចូល​ក្នុង​ចំណោម​គេ​ចុះ ឬ​ព្យាយាម​ថែរក្សា​តួនាទី​នៅ​ក្នុង​ក្រុម​ហ៊ុន សង្គម រង្វង់​មិត្តភាព ឬ​សូម្បីតែ​នៅ​ក្នុង​គ្រួសារ​របស់​ពួក​គេ។ ព្រះ​ទ្រង់​មិន​បាន​ប្រាប់​អ្នក​ឲ្យ​តស៊ូ ឬ​ព្យាយាម គ្រាន់​តែ​ដើម្បី​ឲ្យ​បាន​សប្បាយ​ចិត្ត​នោះ​ទេ។ បើ​អ្នក​ជា​រាស្ត្រ​របស់​ព្រះ​អង្គ​ដោយ​សារ​ជំនឿ​លើ​ព្រះ​យេស៊ូវ នោះ​អ្នក​បាន​សង្គ្រោះ ដោយ​សារ​ព្រះ​នាម​ព្រះ​អង្គ និង​មាន​សេរីភាព​រួច​ពី​ក្តី​អាម៉ាស់ ហើយ​អ្នក​ជា​ផ្នែក​មួយ​នៃ​រាស្ត្រ​របស់​ព្រះ​អង្គ។ នេះ​ជា​កន្លែង​ដែល​អ្នក​អាច​ចូល​ក្នុង​ចំណោម​គេ​ចុះ និង​ជា​ផ្ទះ​របស់​អ្នក។ 


ខគម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ២:១១-២២
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ពួក​ចៅហ្វាយ ១-៣ និងយ៉ូហាន ២
 

ប្រភេទ