
ឱបក្រសោបយកសេចក្តីពិត
ដោយKaren Pimpo
September 8, 2025
យ៉ូហាន ១៤:១-៧
ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។ យ៉ូហាន ១៤:៦
ថ្ងៃមួយ មិត្តភក្តិខ្ញុំ ឈ្មោះ ខនន័រ(CONNOR) បានថតរូប ដោយប្រើកាមេរ៉ាវីដេអូចាស់មួយគ្រឿង ដែលគាត់មានជាយូរមកហើយ។ ពេលនោះ គាត់មិនបានខ្វល់ខ្វាយអំពីការបន្ថែមពន្លឺ និងពណ៌ ដើម្បីធ្វើឲ្យទាក់ទាញ ឬយករូបទៅកែ ឬកាត់ចោលកន្លែងដែលមិនស្អាតនោះទេ។ រូបថតរបស់គាត់មិនមានការកែសម្រួលអ្វីសោះ ប៉ុន្តែ មានភាពលេចធ្លោ ក្នុងបណ្ដាញសង្គម ក្នុងចំណោមរូបថតមនុស្ស និងទីកន្លែងស្អាតៗ ដែលមានការកែសម្រួលយ៉ាងខ្លាំង។ ស្នាដៃរបស់គាត់មានលក្ខណៈខុសពីមនុស្សសម័យនេះ ប៉ុន្តែ មានភាពស្រស់ស្អាត ដោយសារវាបានបង្ហាញចេញនូវធាតុពិត នៅក្នុងអ្វីៗដែលយើងអាចមើលឃើញ និងយល់បាន។
យើងរាល់គ្នាសុទ្ធតែចង់បានអ្វីដែលពិត តែជួនកាល យើងមានអារម្មណ៍ថា សេចក្តីពិតមិនមានភាពទាក់ទាញចំពោះយើង។ នៅពេលដែលព្រះយេស៊ូវជិតដល់ពេលសុគត ព្រះអង្គបានប្រកាសថា ព្រះអង្គគឺជាសេចក្តីពិត(យ៉ូហាន ១៤:៦)។ ពួកសាវ័ករបស់ព្រះអង្គបានឆ្ងល់ថា តើធ្វើដូចម្តេចឲ្យពួកគេអាចចូលផ្ទះរបស់ព្រះវរបិតា ដែលព្រះយេស៊ូវបានមានបន្ទូលសង្កត់ធ្ងន់កន្លែងមក(ខ.២-៣)។ ពេលនោះ ពួកគេក៏បានដឹងខ្លួនថា តាមពិតព្រះយេស៊ូវដែលកំពុងឈរនៅចំពោះមុខពួកគេហ្នឹងហើយ គឺជាចម្លើយ។ ពួកគេមានការពិបាកទទួលស្គាល់ថា ព្រះអង្គនឹងនាំមកនូវជ័យជម្នះមកលើអំពើបាប តាមរយៈការលះបង់របស់ព្រះអង្គ។
ហោរាអេសាយបានថ្លែងទំនាយថា ព្រះមែស៊ីដែលត្រូវយាងមក មិនមានរូបសម្បត្តិដែលគួរឲ្យទាក់ទាញ ឬគួរឲ្យស្ញប់ស្ញែងនោះទេ។ គឺដូចមានសេចក្តីចែងមកថា “ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ”(អេសាយ ៥៣:២)។ ព្រះបន្ទូលជាច្រើនរបស់ព្រះយេស៊ូវ បានធ្វើឲ្យប៉ះពាល់មុខមាត់ និងអំណាចរបស់មនុស្សជាច្រើន ខុសពីអ្វីដែលគេរំពឹងចង់បាន បានជាពួកអ្នកដឹកនាំសាសនានៅសម័យនោះបានទាស់ប្រឆាំងព្រះអង្គ(យ៉ូហាន ១១:៤៥-៤៨)។ តែព្រះអង្គបានប្រទានការអញ្ជើញត្រង់ៗ ឲ្យយើងបានស្គាល់សេចក្តីពិត និងរកឃើញជីវិតពិត។ គឺដូចដែលព្រះអង្គមានបន្ទូលថា “បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ”(យ៉ូហាន ១៤:៧)។ ក្នុងលោកិយដែលមានទៅដោយការក្លែងបន្លំ និងការកែសម្រួលបាត់សណ្ឋានដើម ចូរយើងងាកមកឱបក្រសោបយកសេចក្តីពិតដែលមានន័យ និងមិនមានការកែសម្រួលនៅថ្ងៃនេះ!—KAREN PIMPO
តើអ្នកកំពុងស្វែងរកភាពស្រស់ស្អាតតែសម្បកក្រៅ ជាជាងស្វែងរកសេចក្តីពិតឬ?
តើអ្នកអាចឱបក្រសោបយកព្រះបន្ទូលរបស់ព្រះយេស៊ូវ កាន់តែច្រើនថែមទៀត ជារៀងរាល់ថ្ងៃ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសម្រេចចិត្តដើរតាមព្រះអង្គ ដែលជាប្រភពនៃសេចក្តីពិតគ្រប់យ៉ាង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ៣-៥ និង ២កូរិនថូស ១