
ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ដោយadamholz
September 18, 2025
យ៉ូប ៤១:១-៥,១០-១៤
តើអ្នកណាដែលឲ្យអ្វីមកអញជាមុន បានជាអញត្រូវសងគេវិញ សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ ។ យ៉ូប ៤១:១១
កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានទទួលសំបុត្រដែលមានរូបរាងប៉ោងៗ ក្នុងប្រអប់សំបុត្រមុខផ្ទះខ្ញុំ។ ខ្ញុំក៏បានកត់សំគាល់ឃើញថា មិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំម្នាក់ បានដាក់អាស័យដ្ឋានរបស់គាត់នៅលើប្រអប់សំបុត្រនោះ ហើយខ្ញុំក៏បានញញឹម។ ជូនកាល ចូ (JOE) ផ្ញើវត្ថុដែលខ្ញុំមិននឹកស្មានដល់។ ក្នុងសំបុត្រនោះខ្ញុំក៏បានឃើញធ្មេញរបស់ត្រីឆ្លាម មានពណ៌ត្នោតក្រមៅ ប្រវែង១២សង់ទីម៉ែត្រ។
ក្នុងសំបុត្រនោះ ចូ បានពន្យល់ថា វាគឺជាផូស៊ីលធ្មេញរបស់សត្វត្រីឆ្លាម ពីសម័យបុរេប្រវត្តិ គឺជាត្រីឆ្លាមយក្ស។ បើគេប្រៀបធៀបទំហំវានឹងត្រីឆ្លាមពណ៌សធំ នោះវាមានមាឌធំជាងជាច្រើនដង។ ខ្ញុំក៏បានព្យាយាមស្រមៃថា ថ្គាមរបស់ត្រីឆ្លាមនោះមានទំហំធំប៉ុណ្ណា បើធ្មេញរបស់វាមានប្រវែងវែងយ៉ាងនេះ។ អ្នកវិទ្យាសាស្ត្រក៏បានធ្វើការប៉ាន់ស្មានថា ថ្គាមរបស់វា ប្រហែលជាមានទំហំ ២ម៉ែត្រ គុណនឹង៣ម៉ែត្រ។ សត្វត្រីឆ្លាមនោះ ប្រាកដជាមានទំហំខ្លួនធំខ្លាំងណាស់។
ព្រះគម្ពីរប៊ីបមិនបានចែងអំពីត្រីឆ្លាមយក្សនោះទេ តែក្នុងកណ្ឌគម្ពីរយ៉ូប ព្រះទ្រង់បានពិពណ៌នា អំពីសត្វចម្លែកម្យ៉ាង។ បទគម្ពីរយ៉ូប ជំពូក៤១ បានពិពណ៌នាជាលម្អិត អំពីរូបរាង្គរបស់វា។ គឺដូចដែលព្រះទ្រង់បានប្រាប់លោកយ៉ូបថា “អញមិនទាន់ឈប់និយាយពីជើង នឹងកំឡាំងវា ឬពីរាងដ៏សមសួនរបស់វានៅឡើយ”(ខ.១២)។ “តើអ្នកណាអាចនឹងបើកមាត់វាបាន ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច?”(ខ.១៤)។
មានតែព្រះដែលបានបង្កើតវាមកទេ ទើបអាចឆ្លើយសំណួរនេះបាន។ ត្រង់ចំណុចនេះ ព្រះទ្រង់បានរំឭកលោកយ៉ូបថា ទោះសត្វចម្លែកនោះមានមាឌធំយ៉ាងណាក៏ដោយ វាមិនអាចប្រៀបផ្ទឹមនឹងព្រះអាទិករបានទេ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ ”(ខ.១១)។
ខ្ញុំបានដាក់តាំងផូស៊ីលធ្មេញរបស់ត្រីឆ្លាមយក្សនោះនៅលើតុរបស់ខ្ញុំ ធ្វើជាការរំឭកអំពីព្រះចេស្តា និងភាពប៉ិនប្រសប់របស់ព្រះក្នុងការបង្កើតពួកវាមក។ ខ្ញុំមិនបាននឹកស្មានថា ខ្ញុំអាចនឹកចាំអំពីការបង្កើតរបស់ព្រះអង្គ តាមរយៈផូស៊ីលនោះឡើយ តែវាបានធ្វើឲ្យខ្ញុំគិតដល់ចារិតលក្ខណៈរបស់ព្រះ ដែលបានកម្សាន្តចិត្តខ្ញុំ នៅពេលដែលពិភពលោកហាក់ដូចជាមានរឿងជាច្រើនមិនចេះចប់មិនចេះហើយ ស្ទើរតែមិនអាចឲ្យខ្ញុំរស់នៅបាន។—ADAM R. HOLZ
តើមានស្នាព្រះហស្តណាខ្លះ ដែលបានរំឭកអ្នក អំពីលក្ខណៈដែលមានអំណាច
និងភាពប៉ិនប្រសប់របស់ព្រះអង្គ? តើការយល់ដឹងអំពីរបៀបដែលព្រះអង្គ
បង្កើតរបស់សព្វសារពើមក បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា ស្នាព្រះហស្តរបស់ព្រះអង្គបានថ្លែងអំពីភាពអស្ចារ្យ និងព្រះចេស្តារបស់ព្រះអង្គ។
សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ ពេលណាជីវិតហាក់ដូចជាមានការពិបាកពេក។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ៣០-៣១ និង ២កូរិនថូស ១១:១-១៥