នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ថ្វាយ​ដង្វាយ​ចេញ​ពី​ចិត្ត! (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ថ្វាយ​ដង្វាយ​ចេញ​ពី​ចិត្ត! (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 19, 2025

«ដោយ​សារ​សេចក្តី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញ​បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​ដង្វាយ​របស់​កាអ៊ីន ហើយ​មាន​សេចក្តី​បន្ទាល់​ពី​គាត់ ដោយ​ព្រោះ​យញ្ញ​បូជា​នោះ​ថា គាត់​សុចរិត​ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ពី​ដង្វាយ​គាត់​ផង» (ហេព្រើរ ១១:៤)។
តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​បន្ទាល់​ពី​ការ​ប្រព្រឹត្ត​របស់​យើង? 
បទ​គម្ពីរ​លោកុប្បត្ដិ​ជំពូក៤ បាន​ចែង​អំពី​រឿង​របស់​មនុស្ស​ពីរ​នាក់​ដែល​បាន​ចាប់​កំណើត​ដំបូង​គេ​ក្នុង​លោកីយ៍​ពី​លោក អ័ដាម និង​នាង អេវ៉ា គឺ​កាអ៊ីន និង​អេបិល។ «កន្លង​ក្រោយ​មក កាអ៊ីន​បាន​យក​ផល​ដែល​កើត​ពី​ដី មក​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ​យេហូវ៉ា ហើយ​អេបិល​ក៏​ធ្វើ​ដូច​គ្នា គឺ​គាត់​យកកូន​ជា​ដំបូង១ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់​វា​ផង រួច​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​អេបិល និង​ដង្វាយ​របស់​គាត់ តែ​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ដង្វាយ​កាអ៊ីន​ទេ» (លោកុប្បត្ដិ ៤:៣-៥)។ នេះ​ជា​ដង្វាយ​ដែល​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​លើក​មក​និយាយ ដើម្បី​បង្រៀន​យើង​អំពី​អេបិល និង​ជំនឿ​របស់​គាត់។ 
ជា​ដំបូង កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ប្រាប់​យើង​ថា ដោយ​សារ​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​ដង្វាយ​ល្អ​ជាង​បង​ប្រុស​របស់​គាត់។ ដោយ​សារ​ដង្វាយ​នេះ នោះ​ព្រះ​អង្គ «បាន​ធ្វើ​បន្ទាល់​ថា គាត់​សុចរិត»។ យើង​ងាយ​នឹង​វង្វេង នៅ​ក្នុង​ទ្រឹស្ដី​ដែល​ទាយ​ស្មាន​អំពី​មូល​ហេតុ​ដែល​ព្រះ​អង្គ​ទទួល​យក​ការ​ប្រព្រឹត្ត​របស់​អេបិល តែ​មិន​ទទួល​យក​ទង្វើ​របស់​កាអ៊ីន។ ប៉ុន្តែ យើង​ត្រូវ​តែ​ផ្ដោត​ទៅ​លើ​ការ​ពិត ដែល​ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យ៉ាង​ច្បាស់​ថា ការ​ប្រព្រឹត្ត​ដែល​ព្រះ​ទ្រង់​ទទួល​យក មិនមែន​ដោយ​សារ​ដង្វាយ​ដែល​ពួក​គេ​យក​មក​ថ្វាយ តែ​ដោយ​សារ​ការ​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ប្តូរផ្តាច់ និង​ស្តាប់​បង្គាប់​តាម​រយៈ​ការ​ប្រព្រឹត្ត។ មូល​ហេតុ​ដែល​ព្រះ​អង្គ​ទទួល​យក​ដង្វាយ​របស់​អេបិល មិន​មែន​ដោយ​សារ​គាត់​បាន​ថ្វាយ​សត្វ​ជា​ជាង​ថ្វាយ​បន្លែ​នោះ​ទេ។ ដង្វាយ​ទាំង​ពីរ​ប្រភេទ​មិន​ល្អ​ជាង​គ្នា​ទេ តែ​អ្នក​ថ្វាយ​ដង្វាយ​មាន​ចិត្ត​ខុស​គ្នា។ លោក ចន កាល់វីន (John Calvin) បាន​បក​ស្រាយ​អំពី​រឿង​នេះ​ថា ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ដង្វាយ​របស់​អេបិល​ជាង ដោយ​សារ​ដង្វាយ​នោះ​បរិសុទ្ធ​ដោយ​សារ​ជំនឿ គឺ​មិន​មែន​ដោយ​សារ​មូល​ហេតុ​អ្វី​ផ្សេង​ទៀត​ទេ។1 
ភាព​ខុស​គ្នា​នេះ​សម​ស្រប​នឹង​ការ​អ្វី​ដែល​ព្រះ​បាន​មាន​បន្ទូល​តាម​រយៈ​ពួក​ហោរា។ ឧទាហរណ៍៖ ក្នុង​បទ​គម្ពីរ​អេសាយ ព្រះ​អង្គ​មាន​បន្ទូល​ថា «កុំ​ឲ្យ​យក​ដង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះអញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុតមាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ» (អេសាយ ១:‌១៣)។ ត្រង់​ចំណុច​នេះ គឺ​ដូច​ព្រះ​អង្គ​មាន​បន្ទូល​ថា «អញ​មិន​ចាប់​អារម្មណ៍​នឹង​សាច់​របស់​សត្វ​គោ ពពែ និង​សត្វ​ចៀម​នោះ​ទេ។ អញ​សព្វ​ព្រះ​ទ័យ​នឹង​ការ​ស្តាប់​បង្គាប់ ជា​ជាង​ដង្វាយ (១សាំយ៉ូអែល ១៥:២២)។ ឯង​មិន​អាច​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​ទាំង​អស់​នេះ ដើម្បី​ឲ្យ​អញ​សព្វ​ព្រះ​ទ័យ​បាន​ទេ»។ 
«តែបើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ» (ហេព្រើរ ១១:៦)។ ការ​ប្រព្រឹត្ត​ល្អ​របស់​យើង គឺជា​លទ្ធផល​នៃ​ការ​ដែល​ព្រះអង្គ​ទទួល​យក​យើង មិន​មែន​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​ព្រះ​ទទួលយក​យើង​នោះ​ទេ។ ការ​ប្រព្រឹត្ត​ល្អ​គឺជា​ការ​ឆ្លើយតប​របស់​យើង ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ មិន​មែន​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​ព្រះ​អង្គ​ស្រឡាញ់​យើង​នោះ​ទេ។  បើ​ការ​ប្រព្រឹត្ត​របស់​អ្នក​បាន​ថ្វាយ​សិរី​ល្អ និង​ធ្វើ​ឲ្យ​ព្រះអង្គ​សព្វ​ព្រះ​ទ័យ ដូច​ដង្វាយ​របស់​អេបិល នោះ​គឺ​ដោយ​សារ​ការ​ប្រព្រឹត្ត​នោះ គឺ​ជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ការ​ស្មោះ​ស្ម័គ្រ និង​ជំនឿ​ចំពោះ​ព្រះ​អង្គ។ ដូច​នេះ នៅ​ថ្ងៃ​នេះ ចូរ​ស្តាប់​បង្គាប់​ព្រះអង្គ​មិន​មែន​ដើម្បី​ឲ្យ​ព្រះ​អង្គ​ទទួល​យក​យើង ឬ​នៅ​បន្ត​ទទួលយក​យើង​នោះ​ទេ។ មានតែ​ជំនឿ​ទេ ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ទទួលយក​យើង។ ដូច​នេះ យើង​មិន​ត្រូវ​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​ស្តាប់​បង្គាប់​ព្រះ​អង្គ ដោយ​សារ​យើង​ដឹង​ថា ព្រះ​អង្គ​បាន​ទទួល​យក​យើង ដោយ​សារ​ជំនឿ​របស់​យើង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​អរ​សប្បាយ​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ហើយ​អនុញ្ញាត​ឲ្យ​ការ​សព្វ​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​បាន​ធ្វើ​ជា​ការ​បណ្តាល​ចិត្ត​ឲ្យ​យើង​ស្តាប់​បង្គាប់។ 


ខគម្ពីរ​សញ្ជឹង​គិត៖ អេសាយ ១:១០-២០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេម៉ុស ៧-៩ និង យ៉ូហាន ៨:១-២៩

ប្រភេទ