
រស់ជាតិផ្អែមនៃព្រះបន្ទូល
ដោយBren thackett
September 20, 2025
ទំនុកដំកើង ១៩:៧-១៤
ឯក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ។ ទំនុកដំកើង ១៩:៧
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៩ អត្ថបទសម្រាប់ចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ បានលេចឡើង នៅក្នុងសៀវភៅនំម៉ាណាប្រចាំថ្ងៃ ដែលបាននិពន្ធដោយលោកបណ្ឌិត អ៊ែម អរ ឌីហាន(M. R. DEHAAN)។ កាលនោះ គាត់បានសរសេរ អំពីពេលដែលគាត់ឃ្លានអាហារសម្រន់ ដែលជាពោតផ្ទុះម៉ាក CRACKER JACK មួយប្រអប់។ បំណងរបស់គាត់ គឺដើម្បីប្រៀបធៀបការស្រេកឃ្លាននោះ ទៅនឹងការស្រេកឃ្លានព្រះបន្ទូលព្រះក្នុងព្រះគម្ពីរប៊ីប។ តែពីរបីសប្តាហ៍ក្រោយមក គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពោតផ្ទុះម៉ាក CRACKER JACK មួយប្រអប់ហើយ មួយប្រអប់ទៀត បានចាប់ផ្តើមមកដល់ការិយាល័យគាត់។ បំណងចិត្តរបស់គាត់ដែលចង់បានពោតផ្ទុះ បានសម្រេច តាមរយៈប្រិយមិត្តអ្នកអានសៀវភៅសម្រាប់ប្រកបជាមួយព្រះបន្ទូលប្រចាំថ្ងៃ ដែលគាត់បាននិពន្ធ។
យើងពិតជាងាយនឹងរអិលចេញពីការចំណាយពេលជាមួយព្រះបន្ទូលព្រះជាទៀងទាត់ បើសិនជាយើងមិនប្រយ័ត្នទេនោះ។ ហេតុនេះហើយ យើងចាំបាច់ត្រូវស្រេកឃ្លានព្រះបន្ទូលព្រះអង្គ ដែល “ផ្អែមជាងទឹកឃ្មុំ”(ទំនុកដំកើង ១៩:១០)។ ស្តេចដាវីឌដែលជាអ្នកនិពន្ធទំនុកដំកើង បានលើកទឹកចិត្តយើងឲ្យដឹងថា ព្រះបន្ទូលព្រះ “គ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ” គឺជា “សេចក្តីពិត” ដែលពេញដោយប្រាជ្ញា(ខ.៧)។ ទ្រង់ពន្យល់ថា “សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្ដាលឲ្យចិត្តរីករាយសប្បាយ”(ខ.៨)។
លោកបណ្ឌិត ឌីហាន បានលើកទឹកចិត្តអ្នកអានសៀវភៅរបស់គាត់ ឲ្យមានការប្រកបជាមួយព្រះបន្ទូល ជាទម្លាប់ ជាអ្វីដែលពួកគេស្រេកឃ្លានជារៀងរាល់ថ្ងៃ ដូចការឃ្លានអាហារដ៏ឈ្ងុយឆ្ងាញ់។ យើងក៏ចាំបាច់ត្រូវបង្កើតទម្លាប់ជញ្ជឹងគិតព្រះបន្ទូល និងឆ្លុះបញ្ចាំងខ្លួនយើង ហើយឆ្លើយតបចំពោះសេចក្តីពិតនៃព្រះគម្ពីរ ជាទៀងទាត់។ ដោយមានជំនួយពីព្រះ ចូរយើងយកគំរូតាមស្តេចដាវីឌ ដែលបានមានបន្ទូលថា “សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ នឹងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានគួរគាប់នៅព្រះនេត្រទ្រង់”(ខ.១៤)។—BRENT HACKETT
តើព្រះគម្ពីរប៊ីបមានរស់ជាតិផ្អែមយ៉ាងណា ចំពោះអ្នក? តើអ្នកអាចចែកចាយ
ជាមួយអ្នកដទៃដូចម្តេចខ្លះ ឲ្យគេដឹងថា ព្រះគម្ពីរប៊ីបមានតម្លៃលើសមាសប្រាក់?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានខគម្ពីរមក
ដ្បិតខគម្ពីរទាំងនោះចង្អុលបង្ហាញទូលបង្គំឲ្យងាកទៅរកព្រះយេស៊ូវ។
សូមព្រះអង្គជួយទូលបង្គំ ឲ្យចំណាយពេលជាមួយព្រះបន្ទូលព្រះអង្គ
ជារៀងរាល់ថ្ងៃ ដើម្បីឲ្យទូលបង្គំបាននឹកចាំសេចក្តីពិតរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាស្តា ៤-៦ និង ២កូរិនថូស ១២