នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ព្រះពរ​នៃ​ការ​បៀតបៀន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះពរ​នៃ​ការ​បៀតបៀន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 21, 2025

«មាន​ព​រហើយ កាលណា​មនុស្ស​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាត់កាល់ ត្មះ​តិះដៀល ហើយ​ចោល​ឈ្មោះ​អ្នក​រាល់​គ្នា​ចេញ ទុក​ដូចជា​អាក្រក់ ដោយ​ព្រោះ​កូន​មនុស្ស។ ចូរ​អ្នក​រាល់​គ្នា​អរ​សប្បាយ​ឡើង​នៅ​ថ្ងៃ​នោះ ហើយ​លោត​កញ្ឆេង​ចុះ ដ្បិត​មើល អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​យ៉ាង​ធំ នៅ​ឯ​ស្ថាន​សួគ៌ ឯ​ពួក​ឰយុកោ​របស់​គេ ក៏បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ហោរា​ពីដើម​យ៉ាង​ដូច្នោះ​ដែរ» (លូកា ៦:២២-២៣)។
មនុស្ស​ស្ទើរ​គ្រប់​គ្នា​បាន​យល់​ឃើញ​ថា ការ​ដែល​អ្នក​ដទៃ​ចូល​ចិត្ត​យើង​ឬ​អត់ មាន​សារៈ​សំខាន់​ចំពោះ​យើង។ នេះ​ជា​ការ​ពិត​មែន។ ហេតុ​នេះ​ហើយ គេ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន ដោយ​ការ​សង្កត់​ធ្ងន់​អំពី​ព្រះពរ​ដែល​យើង​នឹង​បាន​ទទួល នៅ​ពេល​ដែល​អ្នក​ដទៃ​ស្អប់​យើង មិន​រាប់រក​យើង និង​ជេរប្រទេច​យើង​ដោយ​សារ​កូន​មនុស្ស។ 
ការ​ថ្កោល​ទោស​នេះ​កើត​មាន ដោយ​សារ​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​យេស៊ូវ។ នៅ​ពេល​ណា​យើង​ឈរ​ជា​មួយ​ព្រះ​គ្រីស្ទ លោកីយ៍​នឹង​បដិសេធ​យើង។ ព្រះ​យេស៊ូវ​មាន​បន្ទូល​អំពី​រឿង​ពិត​នេះ ដែល​នឹង​កើត​ឡើង​ចំពោះ​អ្នក​ជឿ​ម្នាក់ៗ។ ព្រះ​យេស៊ូវ​ក៏​បាន​បក​ស្រាយ​អំពី​សេចក្តី​ពិត​នេះ ក្នុង​បទ​គម្ពីរ​ផ្សេង​ទៀត​ផង​ដែរ។ ឧទាហរណ៍៖ នៅ​ពេល​យប់​មុន​ពេល​ព្រះ​អង្គ​សុគត ព្រះ​អង្គ​បាន​រំឭក​អ្នក​ដើរ​តាម​ព្រះ​អង្គ​ថា លោកីយ៍​បាន​ស្អប់​ព្រះអង្គ​មុន​នឹង​ស្អប់​ពួក​គេ ហើយ​អ្នក​បម្រើ​ព្រះ​អង្គ ត្រូវ​តែ​រំពឹង​ថា ពួក​គេ​នឹង​បាន​ជួប​ការ​បៀតបៀន​ដូច​ព្រះ​អង្គ​ផង​ដែរ (យ៉ូហាន ១៥:១៨-២០)។
អ្នក​ប្រហែល​ជួប​ការ​បៀតបៀន​ដូច​នេះ​នៅ​សាលា​រៀន។ អ្នក​ប្រហែល​ជា​ប្រកាន់​គោល​ជំហរ​តាម​ព្រះ​គម្ពីរ ហើយ​ភ្លាមៗ​នោះ អ្នក​ក៏​បាន​ដាច់​ចេញ​ពី​មិត្ត​ភក្តិ​របស់​អ្នក។ អ្នក​ប្រហែល​ជា​បាន​ភ្លក់​រស់​ជាតិ​ការ​ឈឺ​ចាប់ នៅ​ពេល​មិត្ត​ភក្តិ​មិន​រាប់​រក ឬ​គេ​មិន​ឲ្យ​តម្លៃ​នៅ​កន្លែង​ធ្វើ​ការ ដោយ​សារ​អ្នក​បាន​ពន្យល់​គេ​ថា ព្រះ​យេស៊ូវ​ជា​នរណា ហេតុ​អ្វី​ព្រះ​អង្គ​សុគត។ អ្នក​ប្រហែល​ជា​បាន​ជួប​ការ​ឈឺ​ចាប់ នៅ​ពេល​សមាជិក​គ្រួសារ​បដិសេធ​អ្នក ដោយ​សារ​អ្នក​ជឿ​ព្រះ​យេស៊ូវ។ បើ​អ្នក​បាន​ប្រកាន់​គោល​ជំហរ ថ្វាយ​ព្រះ​គ្រីស្ទ នោះ​គេ​ក៏​ចាប់​ផ្តើម​ស្អប់​អ្នក ហើយ​អ្នក​ស្ទើរ​តែ​មិន​អាច​អត់​ទ្រាំ​ការ​ប្រមាថ។ ការ​ប្រមាថ ឬ​ការ​មើលងាយ​ដែល​យើង​ទទួល​រង ដោយ​សារ​យើង​ស្តាប់​បង្គាប់​ព្រះ នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ពិបាក ឬ​មិន​សប្បាយ​ចិត្ត។ ជា​ការ​ពិត​ណាស់ ការ​បដិសេធន៍​នាំ​ឲ្យ​យើង​ឈឺ​ក្បាល​យ៉ាង​ខ្លាំង។ ដូច​នេះ តើ​យើង​អាច​ស្វែង​រក​ព្រះពរ និង​ការ​កម្សាន្ត​ចិត្ត​ក្នុង​ពេល​ដ៏​ពិបាក​ដូច​នេះ​ដោយ​របៀប​ណា? 
យើង​ត្រូវ​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ពេល​ណា​លោកីយ៍​ស្អប់​យើង​ដោយ​សារ​យើង​ស្មោះ​ត្រង់​ចំពោះ​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​យើង​ជា​មនុស្ស​មាន​ពរ។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រភេទ​នេះ ជា​ភស្តុតាង​បញ្ជាក់​ថា យើង​មាន​ជំនឿ​ពិត​ប្រាកដ និង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អម្ចាស់។ ជាង​នេះ​ទៅ​ទៀត ព្រះ​យេស៊ូវ​បាន​សន្យា​ថា បើ​យើង​ទទួល​ស្គាល់​ព្រះអង្គ​នៅ​មុខ​មនុស្ស ព្រះអង្គ​ក៏​នឹង​ទទួល​ស្គាល់​យើង​នៅ​ចំពោះ​ព្រះវរបិតា​នៃ​ស្ថាន​សួគ៌​ផង​ដែរ (ម៉ាថាយ ១០:៣២)។ 
បុរស ឬ​ស្ត្រី​ដែល​រស់​នៅ​ក្នុង​ជីវិត​បរិសុទ្ធ​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ចែកចាយ និង​ស្តាប់​បង្គាប់​តាម​ព្រះ​បន្ទូល ដោយ​ចិត្ត​ក្លាហាន និង​បដិសេធ​មិន​ព្រម​ចាក់​ខ្សែ​ក្នុង​ការ​ជ្រើសរើស​រវាង​ជីវិត​ដែល​ស្តាប់​បង្គាប់ និង​ជីវិត​ដែល​មាន​គេ​រាប់​អាន​ច្រើន ពួក​គេ​នឹង​មាន​ការ​ប៉ះ​ទង្គិច​នឹង​មនុស្ស​ដែល​មិន​ជឿ​ព្រះ និង​ការ​ទាស់​ប្រឆាំង​របស់​លោកីយ៍។ តើ​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​ប្រឈម​មុខ​ដាក់​ការ​បដិសេធន៍ ដើម្បី​ចែកចាយ​អំពី​ព្រះ​គ្រីស្ទ ឬ​រស់​នៅ​ថ្វាយ​ព្រះ​អង្គ​ទេ? ចូរ​កុំ​អស់​សង្ឃឹម​ឡើយ! ផ្ទុយ​ទៅ​វិញ ចូរ​យើង​ឆ្លើយ​តប ចំពោះ​ការ​មួល​បង្កាច់ ឬ​សេចក្តី​សម្អប់​ដែល​គេ​មាន​ចំពោះ​យើង ដោយ​សារ​ដំណឹង​ល្អ ហើយ​អរ​សប្បាយ ព្រោះ​យើង​នឹង​បាន​ទទួល​រង្វាន់​ដ៏​ធំ​ឧត្តម​នៅ​ស្ថាន​សួគ៌។ អ្វី​ដែល​លោកីយ៍​អាច​ផ្តល់​ឲ្យ​យើង​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​រង្វាន់​នេះ​បានទេ។ 


ខគម្ពីរ​សញ្ជឹង​គិត៖ ដានីយ៉ែល ៣
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសេគាល ៣-៤ និង​យ៉ូហាន ៩:១-២៣

ប្រភេទ