
ជួយសង្គ្រោះជីវិតជាបន្ទាន់
ដោយMike Wittmer
September 23, 2025
កិច្ចការ ២០:១៧-២៤
គឺដែលខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បួង។ កិច្ចការ ២០:១៩
លោកអាល់ដូលហ្វូ កាមីនស្គី(ADOLFO KAMINSKY) បានរកឃើញវិធីលប់ទឹកខ្មៅ ដែលគេបានសរសេរជាប់នៅលើក្រដាស។ ក្នុងនាមគាត់ជាសមាជិកក្រុមប្រឆាំងពួកណាហ្ស៊ី ក្នុងប្រទេសបារាំង គាត់បានកែកាតអត្តសញ្ញាណប័ណ្ណជាច្រើន ដើម្បីជួយសង្គ្រោះមនុស្សរាប់រយនាក់ ឲ្យរួចផុតពីជំរុំប្រមូលផ្តុំ។ មានពេលមួយនោះ គេបានទុកពេលឲ្យគាត់តែ៣ថ្ងៃប៉ុណ្ណោះ ដើម្បីក្លែងបន្លំសំបុត្រកំណើត និងវិញ្ញាបណ្ណប័ត្របុណ្យជ្រមុជទឹក ឲ្យកុមារជាជនជាតិយូដា៣រយនាក់។ គាត់បានធ្វើកិច្ចការនោះ២ថ្ងៃ ដោយមិនបានគេង ដោយប្រាប់ខ្លួនឯងថា “ក្នុងរយៈពេល១ម៉ោង ខ្ញុំអាចកែឯកសារបាន៣០ច្បាប់។ បើខ្ញុំគេងរយៈពេល១ម៉ោង នោះមានន័យថា មនុស្ស៣០នាក់នឹងស្លាប់មិនខាន”។
សាវ័កប៉ុលក៏ធ្លាប់ឆ្លងកាត់ពេលបន្ទាន់យ៉ាងដូចនេះផងដែរ។ គាត់បានក្រើនរំឭកពួកជំនុំ នៅទីក្រុងអេភេសូរថា គាត់បាន “បំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បួង”(កិច្ចការ ២០:១៩)។ សាវ័កប៉ុលមានប្រសាសន៍ថា “ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វីដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ”(ខ.២០)។ ភាពបន្ទាន់នេះបានជំរុញចិត្តគាត់ ឲ្យផ្សាយដំណឹងល្អដល់មនុស្សគ្រប់គ្នា ឲ្យប្រែចិត្តជឿព្រះយេស៊ូវ(ខ.២១)។ នៅពេលដែលគាត់ជិះសំពៅត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ គាត់មានចិត្តអន្ទះសាចង់ “បង្ហើយការរត់ប្រណាំងរបស់គាត់ ដោយអំណរ" ព្រមទាំងការងារ ដែលគាត់បានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យគាត់បានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ(ខ.២៤)។
សាវ័កប៉ុលមិនអាចសង្គ្រោះមនុស្សឲ្យរួចពីបាបបានទេ។ មានតែព្រះទេដែលអាចសង្គ្រោះពួកគេបាន។ តែគាត់អាចចែកចាយដំណឹងល្អអំពីព្រះយេស៊ូវ ដល់ពួកគេ ព្រោះ “គ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ”(កិច្ចការ ៤:១២)។
តើនៅថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលចិត្តអ្នក ឲ្យនឹកចាំនរណាខ្លះ ដែលមិនទាន់បានឮដំណឹងល្អ? ចូរអធិស្ឋានឲ្យពួកគេ និងស្វែងរកឱកាសផ្សាយដំណឹងល្អដល់ពួកគេ។—MIKE WITTMER
តើអ្នកដឹងថា នរណាខ្លះត្រូវការឮ “ដំណឹងល្អនៃព្រះគុណរបស់ព្រះ”?
តើអ្នកអាចចែកចាយដំណឹងល្អដល់ពួកគេ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គបើកចិត្តទូលបង្គំ ឲ្យនឹកចាំអ្នកដែលកំពុងត្រូវការព្រះអង្គ។
សូមព្រះអង្គប្រទានឱកាសឲ្យទូលបង្គំចែកចាយអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់ពួកគេ។
FOR FURTHER STUDY, READ THE POWER OF PRAYER IN SHARING THE GOSPEL AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បទចម្រៀងសាឡូម៉ូន ១-៣ និង កាឡាទី ២