
មិនមែនចៃដន្យទេ
ដោយKaren Huang
September 24, 2025
២ពង្សាវតាក្សត្រ ៨:១-៦
“ចូរអ្នក នឹងគ្រួរបស់អ្នកទាំងប៉ុន្មាន រៀបចំឡើង ចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់៧ឆ្នាំ”។ ២ពង្សាវតាក្សត្រ ៨:១
តំបន់ដែល ដនតេ(DANTE) រស់នៅ ក្នុងទីក្រុងម៉ានីល ប្រទេសភីលីពីន ងាយនឹងមានទឹកជំនន់។ នៅថ្ងៃមានភ្លៀងធ្លាក់ខ្លាំង ក្មេងតូចម្នាក់នេះធ្វើដំណើរទៅដល់សាលារៀន ដោយឆ្លងកាត់ស្ពានបណ្ដោះអាសន្ន ដែលអ្នកជិតខាងម្នាក់បានសង់។ ដនតេ បានរៀបរាប់ថា “លោកថូម៉ាសបានជួយមនុស្សក្នុងសហគមន៍គាត់ ឲ្យអាចធ្វើដំណើរពេលមានទឹកជំនន់។ គាត់បាននាំខ្ញុំឆ្លងស្ពាន ហើយជួយបាំងភ្លៀងមិនឲ្យខ្ញុំទទឹក”។
ប៉ុន្មានឆ្នាំក្រោយមក ដនតេបានទៅថ្វាយបង្គំព្រះ ជាមួយពួកជំនុំមួយកន្លែង នៅភាគខាងជើងនៃទីក្រុងម៉ានីល។ លោកឡេអូ(LEO) ដែលជាអ្នកដឹកនាំការសិក្សាព្រះគម្ពីរ បានបង្រៀនព្រះបន្ទូលដល់គាត់។ ក្នុងការសន្ទនាអំពីកុមារភាពរបស់ពួកគេ ដនតេ ក៏បានដឹងថា លោកឡេអូ គឺជាកូនប្រុសរបស់លោកថូម៉ាស! ដនតេ ក៏បាននិយាយថា “គ្មានរឿងអ្វីដែលកើតឡើងដោយចៃដន្យទេ។ ព្រះទ្រង់បានប្រើកូនប្រុសរបស់បុរសម្នាក់ ដែលបានធ្វើជាព្រះពរដល់ខ្ញុំ ដើម្បីជួយខ្ញុំឲ្យលូតលាស់ក្នុងជំនឿ”។
ស្រ្តីម្នាក់នៅក្រុងស៊ូណែមក៏បានដកពិសោធន៍នឹងការផ្គត់ផ្គង់របស់ព្រះផងដែរ។ គាត់បានធ្វើតាមបង្គាប់របស់ហោរាអេលីសេ ដោយជំនឿ ដោយចាកចេញពីស្រុកកំណើត ដើម្បីជៀសវាងគ្រោះអត់ឃ្លាន(២ពង្សាវតាក្សត្រ ៨:១-២)។ ក្នុងការធ្វើដូចនេះ គាត់បានលះបង់កម្មសិទ្ធិផ្ទះ និងដីធ្លីរបស់គាត់។ គាត់ក៏បានព្យាយាមទៅសុំជំនួយពីស្តេច ទាក់ទងនឹងរឿងនេះ គឺចំពេលដែលស្តេចកំពុងនិយាយជាមួយអ្នកបម្រើរបស់លោកអេលីសេ អំពីរឿងគាត់។
ប៉ុន្មានឆ្នាំមុន លោកកាហាស៊ីជាអ្នកបម្រើរបស់លោកអេលីសេ បានឃើញកូនប្រុសរបស់ស្រ្តីនោះបានទទួលការប្រោសឲ្យរស់ឡើងវិញ។ ដូចនេះ លោកកេហាស៊ីក៏បានទូលស្តេចថា នោះគឺជា “ស្ត្រីនេះឯង ហើយនេះគឺជាកូននាង ដែលអេលីសេបានធ្វើឲ្យរស់ឡើងវិញនោះ”(ខ.៥)។ ស្តេចក៏បានចាត់តាំង “ពួករាជការម្នាក់សំរាប់ជួយនាង”(ខ.៦) ហើយក៏បានប្រគល់ដីធ្លីដល់នាងវិញ។
យើងតែងតែបានដកពិសោធន៍នឹងការថែរក្សារបស់ព្រះ ទោះយើងបានដឹងខ្លួនឬអត់ នៅពេលដែលរឿងបានកើតឡើង ខុសពីការរំពឹងគិតរបស់យើង។ ព្រះដ៏មានចេស្តានៃយើង នឹងជួយយើង។—KAREN HUANG
តើរឿងរបស់ស្ត្រីនៅក្រុងស៊ូណែម បានលើកទឹកចិត្តអ្នកយ៉ាងណាខ្លះ?
តើរឿងនេះបានបង្រៀនអ្នកអ្វីខ្លះ អំពីការថែរក្សារបស់ព្រះ?
ឱព្រះវរបិតាដែលមានសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការថែរក្សាទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បទចម្រៀងសាឡូម៉ូន ៤-៥ និង កាឡាទី ៣