នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ពាក្យ​សម្ដី​ដែល​នាំ​មក​នូវ​ជីវិត មិន​មែន​ថ្កោល​ទោស (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ពាក្យ​សម្ដី​ដែល​នាំ​មក​នូវ​ជីវិត មិន​មែន​ថ្កោល​ទោស (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 24, 2025

«កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​ឲ្យ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ» (លូកា ៦:៣៧)។
ជួន​កាល យើង​សន្និដ្ឋាន​ថា យើង​មាន​សិទ្ធិ​កាត់​ទោស​អ្នក​ដទៃ។ មូល​ហេតុ​គឺ​ដោយ​សារ​និស្ស័យ​សាច់​ឈាម​ពី​កំណើត​របស់​យើង។ បើ​យើង​គិត​ដោយ​ស្មោះ​ត្រង់ យើង​នឹង​បាន​ដឹង​ថា នៅ​ពេល​ដែល​យើង​ទទួល​បាន​មុខ​នាទី​ជា​អ្នក​ដឹក​នាំ ឬ​អ្នក​មាន​អំណាច ទោះ​តូច ឬ​ធំ​ក្តី យើង​ពិត​ជា​ងាយ​នឹង​ជួប​ការ​ល្បួង​ឲ្យ​ថ្កោល​ទោស​គេ​ជា​ជាង​បង្ហាញ​ក្តី​មេត្តា។
យើង​ត្រូវ​តែ​ចាំ​ថា យើង​មិន​មាន​លក្ខណសម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ថ្កោល​ទោស​គេ​ទេ។ ហេតុ​អ្វី? គឺ​ដោយ​សារ​យើង​មិន​អាច​មើល​ដឹង​ថា ចិត្ត​របស់​គេ​កំពុង​គិត​អ្វី។ យើង​ក៏​មិន​អាច​ដឹង​ច្បាស់​អំពី​កត្តា​ជំរុញ​ចិត្ត​ដែល​នាំ​ឲ្យ​គេ​និយាយ ឬ​ធ្វើ​អ្វី​មួយ​ខុស។ មាន​តែ​ព្រះ​ទេ​ដែល​អាច​មាន​បន្ទូល​ថា «គឺ​អញ​នេះ​ហើយ ដែល​ស្ទង់​មើល​ចិត្ត​នឹង​ថ្លើម រួច​អញ​នឹង​សង​ការ​ដល់​ឯង​រាល់​គ្នា តាម​ការ​ដែល​គ្រប់​គ្នា​បាន​ប្រព្រឹត្ត» (វិវរណៈ២:២៣)។ ដោយ​សារ​យើង​មិន​មែន​ជា​ព្រះ យើង​មិន​ត្រូវ​ថ្កោល​ទោស​គេ​ទេ។ 
ជា​ញឹក​ញាប់ យើង​ងាយ​នឹង​មើល​រំលង​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​យេស៊ូវ ដោយ​ប្រើ​អណ្តាត​របស់​យើង​ថ្កោល​ទោស​អ្នក​ដទៃ ក្នុង​ការ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​របស់​នរណា​ម្នាក់។ ក្នុង​ចំណោម​គ្រីស្ទ​បរិស័ទ យើង​ប្រហែល​ជា​ប្រើ​វិធី​សាស្ត្រ​ដ៏​ឆ្លាត​វ័យ ដោយ​និយាយ​បង្ខូច​ឈ្មោះ​អ្នក​ដទៃ នៅ​ពេល​យើង​សំណូម​ពរ​អធិស្ឋាន ឬ​បង្ហាញ​ការ​ព្រួយ​បារម្ភ តែ​តាម​ពិត យើង​ចង់​សួរ​គេ​ថា «តើ​អ្នក​បាន​ឮ​គេ​និយាយ​អំពី​គាត់​ទេ? តើ​អ្នក​ដឹង​ថា​គាត់​បាន​ធ្វើ​អី​ខុស​ទេ? តើ​អ្នក​ដឹង​ថា​ហេតុ​អ្វី​ពួក​គេ​ធ្វើ​អញ្ចឹង​ទេ?» វិញ្ញាណ​របស់​ពួក​ផារិស៊ី នៅ​តែ​មាន​ក្នុង​ចំណោម​គ្រីស្ទ​បរិស័ទ ដែល​ចូល​ចិត្ត​ថ្កោល​ទោស​អ្នក​ដទៃ ដើម្បី​បង្ហាញ​ថា ខ្លួន​ឯង​ល្អ​ជាង​អ្នក​នេះ​ឬ​អ្នក​នោះ ដោយ​ការ​ប្រៀបធៀប។ 
ដូច​នេះ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ប្រើ​ពាក្យ​សម្ដី​របស់​យើង។ ជាជាង​ប្រើ​មាត់​យើង ដើម្បី​ថ្កោល​ទោស​គេ ចូរ​យើង​ទូល​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​យើង និយាយ​ពាក្យ​សម្ដី​ដែល​នាំ​មក​នូវ​ជីវិត។ មុន​ពេល​យើង​បើក​មាត់​និយាយ យើង​គួរ​សួរ​ខ្លួន​ឯង តាម​គំរូ​របស់​អ្នក​ស្រី អេមី ខាមៃឃល (Amy Carmichael) ជា​បេសកជន យ៉ាង​ដូច​នេះ​ថា តើ​ពាក្យ​សម្ដី​ដែល​ខ្ញុំ​នឹង​និយាយ​មាន​សេចក្តី​សប្បុរស​ទេ? តើ​ពិត​ទេ? តើ​ចាំ​បាច់​ទេ? ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ចំណុច​នេះ។ ជា​ការ​ពិត​ណាស់ កណ្ឌ​គម្ពីរ​សុភាសិត​បាន​បង្រៀន​យើង​ថា «មាត់​របស់​មនុស្ស​ល្ងីល្ងើ​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ទៅ ហើយ​បបូរ​មាត់​ក៏​ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ» ប៉ុន្តែ «អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ នោះ​តែង​គ្រប​បាំង​រឿងរ៉ាវ​វិញ» (សុភាសិត ១៨:៧ ១១:១៣)។ 
នៅ​ក្នុង​ព្រះ​យេស៊ូវ យើង​មាន​ព្រះ​អង្គ​សង្គ្រោះ​ដែល​លាង​សម្អាត​បាប ដែល​ជា​ការ​និយាយ​ស្តី​ឥត​បើ​គិត និង​ការ​និយាយ​ថ្កោល​ទោស​គេ​ជា​ដើម។ គឺ​ព្រះ​អង្គ​សង្គ្រោះ​ដែល​បាន​អត់​ទោស​ឲ្យ​យើង ដែល​មាន​ចិត្ត​ទោរ​ទន់​ទៅ​រក​ការ​ថ្កោល​ទោស​គេ ហើយ​ភ្លេច​ថា មាន​តែ​ព្រះ​អង្គ​ទេ​ដែល​មាន​តួនាទី​ថ្កោល​ទោស​គេ។ ពេល​យើង​បាន​ដឹង​ដូច​នេះ​ហើយ យើង​ចាំ​បាច់​ត្រូវ​ប្រែ​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ ឈប់​ប្រព្រឹត្ត​បាប​នឹង​បបូរ​មាត់​ទៀត ហើយ​សូម​ព្រះ​វិញ្ញាណ​ជួយ​កែ​ប្រែ​ចិត្ត​យើង​ជា​ថ្មី ឲ្យ​ពាក្យ​សម្ដី និង​ការ​ផ្ដោតចិត្ត​របស់​យើង បាន​ជាទី​សព្វ​ព្រះទ័យ នៅ​ចំពោះ​ព្រះ​វរបិតា (ទំនុកតម្កើង ១៩:១៤)។  


ខគម្ពីរ​សញ្ជឹង​គិត៖ លូកា ៦:៣៧-៤៥
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសេគាល ១១-១៣ និង​យ៉ូហាន ១០:២២-៤២

ប្រភេទ