នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ទំហំ​នៃ​ការ​អត់​ទោស​របស់​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទំហំ​នៃ​ការ​អត់​ទោស​របស់​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 25, 2025

«ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ» (លូកា ៦:៣៧-៣៨)។
គ្មាន​អ្វី​ធ្វើ​ឲ្យ​ចិត្ត និង​គំនិត​យើង​មាន​ភាព​ពុក​រលួយ បាន​ឆាប់​រហ័ស​ជាង​ចិត្ត​ដែល​មិន​អត់​ទោស​ឲ្យ​គេនោះ​ទេ។ ហើយ​ផ្ទុយ​មក​វិញ គ្មាន​អ្វី​ផ្តល់​ឲ្យ​យើង​នូវ​សេរី​ភាព ក្តី​អំណរ និង​សន្តិភាព​ក្នុង​ចិត្ត និង​គំនិត បាន​ឆាប់​រហ័ស​ជាង​ចិត្ត​ដែល​អត់​ទោស​ឲ្យ​គេ​ពិត​ប្រាកដ​នោះ​ឡើយ។ ជា​ការ​ពិត​ណាស់ ចិត្ត​ដែល​ត្រៀម​ជា​ស្រេច​ដើម្បី​អត់​ទោស​ឲ្យ​គេ គឺ​ជា​សញ្ញា​បង្ហាញ​ថា វិញ្ញាណ​របស់​យើង​មាន​លក្ខណៈ​ដូច​ម្តេច។ បាន​សេចក្តី​ថា ពេល​ណា​យើង​អត់​ទោស​អស់​ពី​ចិត្ត គឺ​យើង​បង្ហាញ​ភស្តុតាង​បញ្ជាក់​ថា យើង​ពិត​ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់ (លូកា ៦:៣៥)។ 
ព្រះ​យេស៊ូវ​ច្រើន​តែ​មាន​បន្ទូល​អំពី​ការ​អត់​ទោស​ឲ្យ​គេ និង​ការ​ទទួល​ការ​អត់​ទោស ក្នុង​ពេល​តែ​មួយ (លូកា ១១:៤)។ ដូច​នេះ ពេល​ណា​យើង​គិត​អំពី​ការ​អត់​ទោស​ឲ្យ​គេ ជា​ដំបូង យើង​ត្រូវ​តែ​សួរ​ថា តើ​យើង​អាច​ស្វែង​រក​ការ​អត់​ទោស​នៅ​កន្លែង​ណា។ ចម្លើយ​នោះ​គឺ ប្រភព​នៃ​ការ​អត់​ទោស​ពិត​ប្រាកដ​ទាំង​អស់ គឺ​អាច​រក​បាន​នៅ​ក្នុង​ព្រះ​តែ​ប៉ុណ្ណោះ។ ជា​ការ​ពិត​ណាស់ ការ​អត់​ទោស​បាប​មាន​ប្រភព​ចេញ​ពី​សេចក្តី​មេត្តា​ករុណា​ដ៏​បរិបូរ​របស់​ព្រះ។ ជីវិត និង​សុខ​ភាព​នៃ​វិញ្ញាណ​របស់​យើង​មិន​អាច​ខ្វះ​ការ​អត់​ទោស​បាន​ទេ គឺ​ដូច​ដែល​អាហារ​មាន​ភាព​ចាំបាច់​មិន​អាច​ខ្វះ​បាន សម្រាប់​រូប​កាយ​ខាង​វិញ្ញាណ​របស់​យើង​ដែរ។ ព្រះ​គម្ពីរ​មាន​ពេញ​ទៅ​ដោយ​ការ​ក្រើន​រំឭក ដែល​ចង្អុល​បង្ហាញ​ថា ព្រះ​អង្គ​ជា​ព្រះ​ដែល​អត់​ទោស​បាប។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុកតម្កើង​បាន​ពោល​ថា «ឱ​ព្រះ​យេហូវ៉ា​អើយ បើ​សិន​ជា​ទ្រង់​កត់​ចំណាំ​អស់ ទាំង​អំពើ​ទុច្ចរិត​នោះ ឱ​ព្រះ​អម្ចាស់​អើយ តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន ប៉ុន្តែ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ទោស​វិញ ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ដល់​ទ្រង់» (ទំនុកតម្កើង ១៣០:៣-៤)។ ហោរា ដានីយ៉ែល ក៏​បាន​ថ្លែង​ស្រដៀង​នេះ​ផង​ដែរ​ថា «ឯ​សេចក្តី​មេត្តា​ករុណា និង​សេចក្តី​អត់​ទោស នោះ​ជា​របស់​ផង​ព្រះ​ដ៏​ជា​ព្រះអម្ចាស់​នៃ​យើង​ខ្ញុំ​វិញ» (ដានីយ៉ែល ៩:៩)។ នៅ​ពេល​ដែលគេ​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដែល​យាង​ចុះពី​ស្ថាន​សួគ៌ ហើយ​គេ​ចំអក​ឲ្យ​ហែក​ព្រះ​ពស្ត្រ វាយ​ដុំ ហើយ​ឆ្កាង​ព្រះ​អង្គ នៅ​ចន្លោះ​ឧក្រិដ្ឋជន​ពីរ​នាក់​នៅ​សង្ខាង ហើយ​ព្រះ​វរបិតា​បាន​បោះបង់​ចោល​ទ្រង់​ទៀត តែ​ព្រះ​អង្គ​បាន​អធិស្ឋាន​ឲ្យ​គេ​ថា «ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង» (លូកា ២៣:៣៤)។ ការ​អត់​ទោស​របស់​ព្រះ គឺ​គ្មាន​នរណា​អាច​ប្រៀប​ផ្ទឹម​បាន​ទេ។ 
ក្នុង​នាម​យើង​ជា​កូន​របស់​ព្រះ ដោយ​សារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ យើង​ត្រូវ​ត្រាប់​តាម​ព្រះ​វរបិតា និង​ព្រះ​អម្ចាស់​នៃ​យើង ដោយ​អនុវត្ត​នូវ​ការ​អត់​ទោស។ ការ​អត់​ទោស​ពិត​ជា​សំខាន់​ចំពោះ​ជីវិត​របស់​គ្រីស្ទ​បរិស័ទ​ណាស់ បាន​ជា​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា បើ​យើង​មិន​ព្រម​អត់​ទោស​ឲ្យ​គេ​ទេ នោះ​យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ថា តើ​យើង​ពិត​ជា​បាន​ទទួល​ការ​អត់​ទោស​ហើយ​ឬ​នៅ និយាយ​ឲ្យ​ចំ តើ​យើង​ពិត​ជា​បាន​ជឿ​ដំណឹង​ល្អ​អស់ពី​ចិត្ត​ហើយ​ឬ​នៅ (ម៉ាថាយ ៦:១៤-១៥)។ បើ​ចិត្ត​របស់​អ្នក​គ្មាន​ការ​អត់​ទោស​ឲ្យ​គេ​ទេ ចូរ​កុំ​ដោះ​សារ ឬ​គិត​ថា​វា​ជា​រឿង​តូចតាច​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ប្រកាន់​ខ្ជាប់​តាម​ដំណឹង​ល្អ​នៅ​ក្នុង​ចិត្ត។ ចូរ​សញ្ជឹង​គិត​អំពី​ទំហំ​នៃ​ការ​អត់​ទោស​បាប ដែល​អ្នក​បាន​ទទួល​ព្រះ​គ្រីស្ទ​ចុះ។ ចូរ​ពិចារណា​អំពី​លក្ខណៈ​នៃ​ការ​អត់​ទោស​របស់​ព្រះ​វរបិតា ដែល​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​យក​គំរូ​តាម​ព្រះ​អង្គ។ ចូរ​ទទួល​ស្គាល់​បន្ទុក​នៃ​ការ​មិន​អត់​ទោស ដែល​ធ្វើ​ឲ្យ​ពុក​រលួយ និង​បំផ្លាញ​ជីវិត។ 
ចូរ​ដឹង​ច្បាស់​ថា អ្នក​ត្រូវ​អត់​ទោស​ឲ្យ​គេ ហើយ​អត់​ទោស​ដើម្បី​នរណា។ នេះ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​អរ​សប្បាយ​នឹង​សន្តិភាព និង​សេរី​ភាព នៃ​ការ​អត់​ទោស ដូច​ដែល​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​អ្នក។ 


ខគម្ពីរ​សញ្ជឹង​គិត៖ លូកា ៧:៣៦-៥០
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសាយ ១៤-១៥ និង​យ៉ូហាន ១១:១-២៧

ប្រភេទ