នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ធូលី​ដី និង​ធ្នឹម​ក្នុង​ភ្នែក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ធូលី​ដី និង​ធ្នឹម​ក្នុង​ភ្នែក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 26, 2025

«ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​ប្អូន​បាន​ថា ប្អូន​អើយ ឲ្យ​អញ​យក​កំទេច ពី​ភ្នែក​ឯង​ចេញ​ដូច្នេះ ឱ​អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញពី​ភ្នែក​ប្អូន​អ្នក​បាន​ដែរ» (លូកា ៦:៤២)។
ខ្ញុំ​នៅ​ចាំ​ពេល​ដែល​ខ្ញុំ​អង្គុយ​ប្រឡង។ ខ្ញុំ​យក​ក្រដាស​វិញ្ញាសា​មក​មើល ហើយ​ភ្លាមៗ​នោះ ខ្ញុំ​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន ដើម្បី​ឲ្យ​បាន​ដឹង​ថា អ្នក​ដទៃ​មាន​អារម្មណ៍​ពិបាក នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​ដូច​ខ្ញុំ​ដែរ​ឬ​ទេ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ភ្ញាក់​ខ្លួន​ព្រើត ពេល​ដែល​បាន​ឮ​លោក​គ្រូ​ណែនាំ​ខ្ញុំ កុំ​ឲ្យ​រវល់​មើល​ទៅ​អ្នក​ដទៃ តែ​ឲ្យ​ផ្ដោត​ទៅលើ​ខ្លួន​ឯង​បាន​ហើយ។ 
ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ក្នុង​ន័យ​ស្រដៀង​នេះ​ផង​ដែរ នៅ​ក្នុង​បទ​គម្ពីរ លូកា ៦:៤២ ដោយ​ព្រះ​អង្គ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច ដើម្បី​បង្រៀន​គេ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នៃ​អំពើ​បាប​របស់​ខ្លួន​ឯង​ជា​មុន​សិន មុន​នឹង​ព្យាយាម​បើក​បង្ហាញ​អំពើ​បាប​របស់​អ្នក​ដទៃ។ ព្រះ​អង្គ​បាន​ប្រើ​ពាក្យ «កំទេច» ច្រើនតែ​សំដៅ​ទៅ​លើ​កំទេច​ឈើ ឬ​ធូលី​ដី។ ប៉ុន្តែ ពាក្យ «ធ្នឹម» គឺ​សំដៅ​ទៅ​លើ​ឈើ​ធំ​វែង​សម្រាប់​ទ្រ​ទម្ងន់ ក្នុង​សំណង់​ផ្ទះ ឬ​សំណង់​អ្វីមួយ។ បើ​ខ្ញុំ​មាន​ធ្នឹម​ក្នុង​ភ្នែក​ខ្ញុំ នោះ​ខ្ញុំ​ប្រាកដ​ជា​ត្រូវ​ផ្ដោត​ចិត្ត​មក​លើ​វា ជាជាង​ខ្វល់​អំពី​កំទេច​ឈើ​ក្នុង​ភ្នែក​អ្នក​ដទៃ។ ក្នុង​នាម​យើង​ជា​មនុស្ស​មាន​បាប យើង​ងាយ​នឹង​គិត​ថា យើង​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់ៗ មុន​ពេល​យើង​ដោះ​ស្រាយ​បញ្ហា​នៃ​អំពើ​បាប​របស់​យើង។ តែ​ព្រះ​គ្រីស្ទ​មិន​បាន​ត្រាស់​ហៅ​យើង ឲ្យ​ផ្ដោត​ចិត្ត​ជា​ចម្បង និង​ជា​ដំបូង ទៅ​លើ​កំទេច​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដទៃ​នោះ​ទេ។ ទេ! ព្រះ​អង្គ​មាន​បន្ទូល​ថា យើង​ត្រូវ​តែ​ឧស្សាហ៍​ពិនិត្យ​មើល​ខ្លួន​ឯង ផ្អែក​ទៅ​លើ​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ និង​តាម​ស្តង់ដារ​ដែល​ព្រះ​អង្គ​បាន​កំណត់។ យើង​ពិបាក​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ​នេះ​ណាស់។ ជួន​កាល យើង​ប្រហែល​ជា​បង្ហាញ​កំហុស​របស់​អ្នក​ដទៃ ដោយ​ក្លែង​បន្លំ​ធ្វើ​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួក​គេ។ ប៉ុន្តែ បើ​យើង​ទទួល​ស្គាល់​បាប​របស់​ខ្លួន​ឯង​យ៉ាង​តឹង​រ៉ឹង ដោយ​ចិត្ត​ស្មោះ​ត្រង់​ទេ នោះ​យើង​ជា​មនុស្ស​មាន​ពុត​ហើយ! យើង​ច្រើន​តែ​យល់​ច្រឡំ​ថា បើ​ខ្ញុំ​អាច​រក​ឃើញ​កំហុស​របស់​អ្នក ហើយ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នៃ​អំពើ​បាប​របស់​អ្នក នោះ​ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នៃ​អំពើ​បាប​របស់​ខ្ញុំ​ទេ។ ការ​និយាយ​ប្រាប់​អ្នក​ដទៃ​អំពី​ស្ថានភាព​គួរ​ឲ្យ​ភ័យ​ខ្លាច មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ប្រឈម​មុខ​ដាក់​បញ្ហា​របស់​ខ្លួនឯង។
បើ​យើង​ពិត​ជា​ចង់​ជួយ​អ្នក​ដទៃ​មែន យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ប្រឈម​មុខ​ដាក់​ភាព​គួរ​ឲ្យ​ភ័យ​ខ្លាច​នៅ​ក្នុង​ចិត្ត​របស់​យើង ដើម្បី​ទទួល​ស្គាល់​ថា «គ្រាប់​ពូជ​ទាំង​អស់​នៃ​អំពើ​បាប​របស់​ខ្ញុំ គឺ​បាន​ដុះ​ចេញ​ពី​ក្នុង​ចិត្ត​ខ្ញុំ​មក»។1 ពេល​យើង​យល់ និង​ជឿ​ដូច​នេះ​ហើយ យើង​អាច​ចូល​ទៅ​រក​អ្នក​ដទៃ ដោយ​ឈរ​នៅ​កន្លែង​ទាប ដែល​ជា​សេចក្តី​ស្រឡាញ់ និង​ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ ជា​ជាង​ឈរ​នៅ​លើ​កន្លែង​ខ្ពស់ ដែល​ជា​ការ​តាំង​ខ្លួន​ជា​អ្នក​ត្រឹម​ត្រូវ។ ផ្នត់​គំនិត​ទាំង​ពីរ​នេះ គឺ​ពិត​ជា​ខុស​គ្នា​ខ្លាំង​ណាស់។ 


ខគម្ពីរ​សញ្ជឹង​គិត៖ ពួក​ចៅហ្វាយ ២០-២៥
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសេគាល ១៦-១៧ និង​យ៉ូហាន ១១:២៨-៥៧

ប្រភេទ