
ព្រះទ្រង់មិនដែលចាកចោលយើង
ដោយAmy Boucher Pye
September 27, 2025
យ៉ូស្វេ ១:១-៣,៥-៩
អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ។ យ៉ូស្វេ ១:៥
ក្នុងប្រទេសអ៊ីស្រាអែលដែលគេបានហៅថា ទឹកដីបរិសុទ្ធ ខ្ញុំចូលចិត្តដើរនៅកន្លែងណា ដែលព្រះយេស៊ូវធ្លាប់បានដើរ នៅសតវត្សរ៍ទី១។ ឥឡូវនេះ ខ្ញុំកាន់តែមានភាពងាយស្រួល ក្នុងការស្រមៃឃើញរូបភាព និងសម្លេងនៃការរស់នៅរបស់ព្រះអង្គ នៅលើផែនដី ដូចមានចែងក្នុងព្រះគម្ពីរប៊ីប។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានឡើងចុះនៅលើថ្មរដិបរដុបក្នុងសំណង់ព្រះវិហារគ្រីស្ទបរិស័ទបុរាណ និងតំបន់ជនបទ បានបន្សល់ទុកនូវអនុស្សាវរីយ៍ខ្លះៗ ដោយបានធ្វើឲ្យខ្ញុំឈឺក្បាលជង្គង់នៅពេលត្រឡប់មកផ្ទះវិញ។ ប៉ុន្តែ ការឈឺចាប់របស់ខ្ញុំមិនធំដុំអ្វីទេ បើធៀបនឹងមនុស្សជាច្រើនដែលបានធ្វើដំណើរដោយថ្មើរជើង នៅប៉ុន្មានសតវត្សរ៍មុន ដែលមិនគ្រាន់តែមានការឈឺសន្លាក់ខ្លះៗ តែក៏បានរងទុក្ខយ៉ាងខ្លាំងដោយសារជំនឿ រហូតដល់បាត់បង់ជីវិត។ ប៉ុន្តែ ព្រះទ្រង់គង់នៅជាមួយពួកគេ។
ព្រះទ្រង់ត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យដើរតាមព្រះអង្គ ហើយអញ្ជើញពួកគេឲ្យរស់នៅ ក្នុងទឹកដីសម្បូរសប្បាយ “ដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ”(និក្ខមនំ ៣:៨)។ ព្រះអង្គជ្រាបថា នៅពេលដែលពួកគេចូលទឹកដីសន្យា ពួកគេនឹងជួបប្រទះគ្រោះថ្នាក់ ដោយសារកងទ័ពសត្រូវ និងឧបសគ្គជាច្រើន ដែលមានដូចជាទីក្រុងដែលមានកំផែងការពារជុំវិញ។ ព្រះទ្រង់គង់នៅជាមួយពួកគេអស់រយៈពេល៤០ឆ្នាំ ក្នុងពេលដែលពួកគេរស់នៅវិលវល់ក្នុងវាលរហោស្ថាន ហើយមិនដែលបោះបង់ពួកគេចោលឡើយ។ ព្រះអង្គបានសន្យាលោកយ៉ូស្វេ ជាអ្នកដឹកនាំថ្មីថា ព្រះអង្គនឹងគង់នៅជាមួយពួកគេ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ”(យ៉ូស្វេ ១:៥)។ លោកយ៉ូស្វេនឹងជួបបញ្ហាប្រឈម និងទុក្ខលំបាកជាច្រើន បានជាគាត់ត្រូវការភាពរឹងមាំ និងសេចក្តីក្លាហាន តែព្រះអម្ចាស់ក៏បានជួយគាត់។
យើងដែលជាអ្នកជឿព្រះយេស៊ូវ ទោះព្រះអង្គត្រាស់ហៅយើងឲ្យនៅកន្លែងណាមួយ ឬចេញទៅកន្លែងផ្សេងទៀតក្តី យើងនឹងជួបគ្រោះថ្នាក់ បញ្ហាប្រឈម និងទុក្ខវេទនាក្នុងជីវិតនេះ។ ប៉ុន្តែ យើងអាចប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យារបស់ព្រះ ដែលនឹងមិនចាកចោលយើង។ ដោយសារជំនួយមកពីព្រះអង្គ នោះយើងក៏អាចមានភាពរឹងមាំ និងមានចិត្តក្លាហានផងដែរ។—AMY BOUCHER PYE
នៅពេលណាអ្នកប្រឈមមុខដាក់ទុក្ខលំបាក តើអ្នកបានដកពិសោធន៍ជាមួយនឹងព្រះវត្តមានរបស់ព្រះ
ដូចម្តេចខ្លះ? តើអ្នកអាចងាកទៅរកព្រះអង្គ ដើម្បីសូមជំនួយ សេចក្តីស្រឡាញ់ និងការផ្គត់ផ្គង់ដូចម្តេចខ្លះ?
ឱព្រះដ៏ជួយសង្គ្រោះ ពេលណាព្រះអង្គដឹកនាំទូលបង្គំឆ្លងកាត់វាលរហោស្ថាន
ហើយទូលបង្គំមានការភ័យខ្លាច សូមព្រះអង្គជួយទូលបង្គំឲ្យនឹកចាំថា ព្រះអង្គតែងតែគង់នៅក្បែរទូលបង្គំជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣-៤ និង កាឡាទី ៦