
ភស្តុតាងនៃជំនឿពិតប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 28, 2025
«ហេតុអ្វីបានជាហៅខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តែមិនធ្វើតាមពាក្យខ្ញុំវិញដូច្នេះ? ឯអស់អ្នកដែលមកស្តាប់ពាក្យខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះធៀបដូចជាអ្វី គឺធៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ដាក់ជើងសសរនៅលើថ្ម» (លូកា ៦:៤៦-៤៨)។
ព្រះយេស៊ូវសព្វព្រះទ័យឲ្យការនិយាយស្តីរបស់យើង មានភាពសមស្របនឹងការរស់នៅរបស់យើង។ ហេតុនេះហើយ ព្រះអង្គបានបញ្ចប់ការអធិប្បាយរបស់ព្រះអង្គដោយសួរគេថា «ហេតុអ្វីបានជាហៅខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តែមិនធ្វើតាមពាក្យខ្ញុំវិញដូច្នេះ?» ត្រង់ចំណុចនេះ ព្រះអង្គមើលឃើញមនុស្សមិនប្រព្រឹត្តឲ្យដូចអ្វីដែលពួកគេនិយាយ ហើយព្រះអង្គសព្វព្រះទ័យនឹងឲ្យពួកគេធ្វើការពិនិត្យមើលវិញ្ញាណខ្លួនឯង។ ព្រះអង្គមិនសព្វព្រះទ័យឲ្យពួកគេក៏ដូចជាយើងរាល់គ្នាប្រកាសថា ខ្លួនឯងជាអ្នកជឿព្រះអង្គតែបបូរមាត់នោះទេ តែត្រូវគួបផ្សំនឹងការស្តាប់បង្គាប់ព្រះអង្គផងដែរ។
ព្រះយេស៊ូវមិនបានបង្រៀនថា យើងចូលនគរព្រះ តាមរយៈការប្រព្រឹត្ត ដែលជាការស្តាប់បង្គាប់នោះទេ។ យើងបានសង្គ្រោះដោយសារព្រះគុណ និងតាមរយៈសេចក្តីជំនឿតែប៉ុណ្ណោះ គឺមិនលើសពីនេះទៀតទេ (អេភេសូរ ២:៨)។ អ្វីដែលយើងអាចនាំមកថ្វាយដល់ព្រះគ្រីស្ទ គឺជាបាបដែលត្រូវការការអត់ទោសរបស់ព្រះអង្គ។ ដូចនេះ តើព្រះអង្គបានបង្រៀនដូចម្តេច? និយាយឲ្យស្រួលស្តាប់ ព្រះអង្គបានបង្រៀនថា មានតែអ្នកដែលស្តាប់បង្គាប់ព្រះអង្គទេ គឺអ្នកដែលបង្ហាញចេញសេចក្តីជំនឿតាមរយៈការប្រព្រឹត្ត ដែលពិតជាបានឮដំណឹងល្អ ហើយបានផ្លាស់ប្រែ។ គឺដូចដែលអ្នកកំណែទម្រង់ជាច្រើនបានពន្យល់ថា ជំនឿតែមួយមុខប៉ុណ្ណោះដែលនាំឲ្យបានសង្គ្រោះ តែជំនឿដែលនាំឲ្យបានសង្គ្រោះ មិនមែនជឿតែមាត់នោះទេ។ សាវ័ក យ៉ូហាន ក៏បានបង្រៀនតាមព្រះបន្ទូលព្រះយេស៊ូវ ក្នុងសំបុត្រទីមួយរបស់គាត់ផងដែរថា «បើសិនជាយើងរាល់គ្នាថា យើងមានសេចក្តីប្រកបនឹងទ្រង់ តែដើរក្នុងសេចក្តីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្តីពិតទេ» (១យ៉ូហាន ១:៦)។ ព្រះគម្ពីរបានចែងច្បាស់ថា របៀបដែលយើងបានឮ និងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះយេស៊ូវមានសារៈសំខាន់អស់កល្បជានិច្ច ព្រោះបានបង្ហាញធាតុពិត និងសណ្ឋាននៃជំនឿរបស់យើង។
គ្មានការបូកសរុបនៃការប្រព្រឹត្តតាមបែបសាសនាណា ឬការចែកចាយសេចក្តីជំនឿណា ដែលអាចលាក់បាំងអាកប្បកិរិយារបស់យើង មិនឲ្យព្រះអង្គទតឃើញនោះឡើយ។ សាវ័ក ប៉ុល បាននិយាយសង្កត់ធ្ងន់ថា ការថយចេញពីសេចក្តីទុច្ចរិត គឺជាខ្នាតរង្វាស់ពិតប្រាកដ សម្រាប់អ្នកដែលប្រកាសថា ខ្លួនជាអ្នកជឿព្រះអម្ចាស់ (២ធីម៉ូថេ ២:១៩)។ នេះជាភស្តុតាង បង្ហាញអំពីជំនឿពិតប្រាកដ។
គ្មាននរណារស់នៅបានល្អឥតខ្ចោះទេ តែព្រះទ្រង់បានត្រាស់ហៅយើងឲ្យរស់នៅក្នុងជីវិតដែលផ្លាស់ប្រែ។ យើងរស់នៅក្រោមការដឹកនាំរបស់ព្រះគ្រីស្ទ ដោយព្រះវិញ្ញាណព្រះអង្គគង់សណ្ឋិតក្នុងយើង។ តើយើងនឹងមានជោគជ័យទាំងស្រុងទេ? ទេ!។ ប៉ុន្តែ យើងនឹងខុសប្លែកពីមុន ហើយជីវិតរបស់យើងនឹងបានបង្ហាញថា យើងបាន «បែរចេញពីរូបព្រះ មកឯព្រះដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះ ដ៏មានព្រះជន្មរស់នៅនោះវិញ» (១ថែស្សាឡូនីច ១:៩)។ ដូចនេះ ដូចពិចារណាអំពីជីវិតរបស់អ្នកចុះ។ តើអ្នកបានហៅព្រះយេស៊ូវថា ព្រះអម្ចាស់ទេ? បើបានហៅ គឺល្អហើយ! ប៉ុន្តែ ដែលសំខាន់នោះ ការអ្វីដែលអ្នកធ្វើ ឬមិនធ្វើ ក្នុងការជម្នះការល្បួង និងគុណធម៌ដែលអ្នកសង្វាតឲ្យបាន ហើយក្នុងការអត់ទោសដែលអ្នកបានទូលសូម ដោយការប្រែចិត្ត ក្នុងការទាំងអស់នេះ តើអ្នកបានបង្ហាញឲ្យគេដឹងថា ព្រះអង្គគឺជាព្រះអម្ចាស់របស់អ្នកដែរឬទេ?
ខគម្ពីរសញ្ជឹងគិត៖ យ៉ាកុប ២:១៤-២៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ២០-២១ និង យ៉ូហាន ១២:២៧-៥០