នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ជីវិត​ដែល​ខុសពី​លោកីយ៍ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ជីវិត​ដែល​ខុសពី​លោកីយ៍ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 7, 2025

«រួច​មក​ដានីយ៉ែល​បាន​ត្រឡប់​ជា​កំពូល​លើ​ពួក​អធិបតី នឹង​ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន ដ្បិត​លោក​មាន​វិញ្ញាណ​យ៉ាង​ស្រួច​ស្រាល់ ហើយ​ស្ដេច​ទ្រង់​គិត​នឹង​តាំង​លោក ឲ្យ​ត្រួត​លើ​នគរ​ទាំង​មូល។ ដូច្នេះ ពួក​អធិបតី នឹង​ពួក​ចៅហ្វាយ​ក៏​ស្វែងរក​ហេតុ​ពី​ដំណើរ​រាជការ​ផែនដី ឲ្យ​ទាស់​នឹង​ដានីយ៉ែល តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លោះធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពីព្រោះ​លោក​ជា​មនុស្ស​ស្មោះ​ត្រង់» (ដានីយ៉ែល ៦:៣-៤)។
បន្ទាប់​ពី​លោក ដានីយ៉ែល ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ទីក្រុង​បាប៊ីឡូន ធ្វើ​ជា​ចំណាប់​ខ្មាំង គាត់​ក៏​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​យុវជន​អ៊ីស្រាអែល​ដែល​មាន​ភាព​លេច​ធ្លោ ហើយ​ត្រូវ​ស្ដេច នេប៊ូក្នេសា ជ្រើស​រើស​ចូល​ធ្វើ​ការ​ក្នុង​ព្រះ​រាជ​វាំង។ ទោះ​គាត់​ត្រូវ​គេ​និរទេស​ពី​ស្រុក​កំណើត និង​ត្រូវ​គេ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ ហើយ​រស់​នៅ​ឆ្ងាយ​ពី​គ្រួសារ និង​អ្វី​ដែល​គាត់​ធ្លាប់​ស្គាល់ ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ​ក៏​ដោយ ក៏​គាត់​បាន​តាំង​ចិត្ត​ថា គាត់​នឹង​មិន​ធ្វើ​ឲ្យ​ខ្លួន​គាត់​ស្មោក​គ្រោក ដោយ​អាហារ និង​ភេសជ្ជៈ​របស់​ស្ដេច​ទេ (ដានីយ៉ែល ១:១២-១៦)។ គាត់​មាន​ភាព​លេច​ធ្លោ ក្នុង​នាម​ជា​បុរស​ស្អាត​ស្អំ ក្នុង​សម័យ​ដែល​មាន​ភាព​ពុក​រលួយ​ខាង​សីលធម៌។ 
លោក ដានីយ៉ែល បាន​ក្លាយ​ជា​អ្នក​កំពូល​លើ​ពួក​អធិបតី​ក្នុង​រចនា​សម្ព័ន្ធ​របស់​រាជការ​ដែល​គាត់​ធ្វើ​ការ​បម្រើ ដោយ​សារ​ទី​បន្ទាល់​នៃ​ការ​រស់​នៅ​​របស់​គាត់។ ជា​ច្រើន​ឆ្នាំ​មក​នេះ គាត់​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់ យ៉ាង​ច្បាស់។ គាត់​ជា​មនុស្ស​ដែល​ប្រកាន់​គោល​ជំហរ​ដោយ​មិន​រេរា គឺ​ដូច​ដែល​គាត់​បង្ហាញ នៅ​ពេល​ដែល​ចក្រភព​បាប៊ីឡូន​បាន​ផ្លាស់​ប្ដូរ​អ្នក​ដឹក​នាំ​ថ្មី។ គាត់​មាន​សមត្ថភាព​ដ៏​អស្ចារ្យ ក្នុង​ការ​ប្រឈម​មុខ​ដាក់ និង​ជម្នះ​ទុក្ខ​លំបាក ក៏​ដូច​ជា​មាន​ប្រាជ្ញា​មក​ពី​ព្រះ ដែល​ជួយ​គាត់​ឲ្យ​អាច​ផ្តល់​ការ​ប្រឹក្សា ដែល​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ។ 
មុខ​តំណែង​រាជការ​ដែល​លោក ដានីយ៉ែល គ្រប់​គ្រង​ងាយ​នឹង​មាន​អំពើ​ពុក​រលួយ ប៉ុន្តែ​គាត់​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ដោយ​គាត់​បាន​បដិសេធ​ភាព​មិន​ស្មោះ​ត្រង់​គ្រប់​ប្រភេទ។ គាត់​មិន​បាន​ធ្វេស​ប្រហែស និង​មិន​ខុស​សីលធម៌ ហើយ​ក៏​គ្មាន​ចន្លោះ​ប្រហោង​រវាង​ការងារ​សាធារណៈ និង​ជីវិត​ឯកជន​របស់​គាត់​ឡើយ។ គាត់​ល្អ​រក​កន្លែង​បន្ទោស​មិន​បាន​នៅ​ចំពោះ​មុខ​មនុស្ស។ សូម្បី​តែ​អ្នក​ធ្វើ​ការ​ជា​មួយ​គាត់​ដែល​ច្រណែន និង​ស្អប់​គាត់ ដោយ​សារ​គាត់​មាន​ភាព​លេច​ធ្លោ ក៏​មិន​អាច​រក​ឃើញ​កំហុស​គាត់​ដែរ។ 
ដោយ​ការ​ច្រណែន​ឈ្នានីស ពួក​មន្ត្រី​ទាំង​អស់​នោះ ក៏​បាន​នាំ​គ្នា​រៀប​គម្រោង​កំចាត់​គាត់។ ពួក​គេ​មិន​សប្បាយ​ចិត្ត​ឡើយ ពេល​ដែល​គាត់​ប្ដេជ្ញា​ចិត្ត​ចំពោះ​ព្រះ​របស់​គាត់​ដោយ​មិន​ងាករេ ឬ​មាន​មុខ​នាទី​ខ្ពស់​ជាង​គេ។ ពួក​គេ​មិន​អាច​អត់​ទ្រាំ ចំពោះ​របៀប​ដែល​គាត់​បង្ហាញ​ចេញ​ជំនឿ​ដ៏​រឹងមាំ​ចំពោះ​អំណាច និង​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​តាម​រយៈ​ការ​រស់​នៅ។ ការ​រស់នៅ​ដោយ​បរិសុទ្ធ ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម។ គេ​ក៏​បាន​រៀប​គម្រោង​ធ្វើបាប​លោក ដានីយ៉ែល មិន​មែន​ដោយ​សារ​គាត់​ជា​មនុស្ស​អាក្រក់ ប៉ុន្តែ​ដោយ​សារ​គាត់​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត។ គាត់​ស្រឡាញ់​អ្វី​ដែល​ព្រះ​ទ្រង់​ស្រឡាញ់ ហើយ​ក៏​បង្ហាញ​ចេញ​សេចក្តី​ស្រឡាញ់​នោះ ក្នុង​ការ​រស់​នៅ។
តើ​ការ​រស់​នៅ​របស់​អ្នក​មាន​ការ​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ជំនឿ​ស្រដៀង​នេះ​ទេ?  តើ​ការ​ប្រព្រឹត្ត​របស់​អ្នក​បាន​ប្រកាស​សេចក្តី​ពិត​អំពី​ព្រះ​របស់​អ្នក​ទេ?  តើ​អ្នក​បាន​ត្រៀម​ខ្លួន​ប្ដេជ្ញា​ចិត្ត​រក្សា​ភាព​ស្អាត​ស្អំ​យ៉ាង​ឆេះឆួល​ទេ? តើ​អ្នក​ខ្វល់​អំពី​ការ​ស្តាប់​បង្គាប់​ព្រះ ឬ​ខ្វល់​អំពី​ការ​គិត​ដែល​អ្នក​ដទៃ​មាន​ចំពោះ​អ្នក​ទេ?  ព្រះ​យេស៊ូវ​បាន​ដាស់​តឿន​អ្នក​ដើរ​តាម​ព្រះ​អង្គ​ថា ពួក​គេ​នឹង​ត្រូវ​គេ​ស្អប់ និង​ទទួល​រង​ការ​បៀតបៀន ដោយ​សារ​ពួក​គេ​ជឿ​ព្រះ​អង្គ (ម៉ាថាយ ៥:‌១១)  សូម្បី​នៅ​ពេល​​ដែល​ពួក​គេ​រស់​នៅ តាម​របៀប​ដែល​បើក​បង្ហាញ និង​សរសើរ​តម្កើង​ព្រះវរបិតា​ក៏​ដោយ (ខ.១៤-១៦)។ ចូរ​យើង​រស់​នៅ​ដោយ​ចិត្ត​ប្ដូរ​ផ្តាច់ ដូច​ហោរា​ដានីយ៉ែល​ផង​ដែរ ដោយ​ការ​ប្ដេជ្ញា​ចិត្ត​មិន​ងាករេ ក្នុង​ការ​ស្រឡាញ់​អ្វី​ដែល​ព្រះ​ស្រឡាញ់ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​តាម​ការ​រស់​នៅ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ១ពេត្រុស ២:៩-១៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសេគាល ៤២-៤៤ និង​យ៉ូហាន ១៩:១-២២

ប្រភេទ