
រឿងនិទានដាស់តឿនចិត្ត
ដោយSheridan Voysey
October 9, 2025
សាស្តា ៥:១៣-២០
មានការអាក្រក់យ៉ាងធ្ងន់១មុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន។ សាស្តា ៥:១៣
ក្នុងខ្សែភាពយន្តចាស់មួយ មានចំណងជើងថា ពលរដ្ឋខេន លោកឆាល ហ្វូស្ទ័រ ខេន(Charles Foster Kane) បានបង្គរទ្រព្យសម្បត្តិទុក និងស្វែងរកអំណាច តាមរយៈការបង្កើតក្រុមហ៊ុនកាសែតធំមួយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំបទគម្ពីរសាស្តា ២:៤-១១ ត្រង់ចំណុចដែលថា លោកខេន បានធ្វើឲ្យខ្លួនសប្បាយអស់ដៃ ដោយសាងសង់វិមានដ៏ធំស្កឹមស្កៃ មានសួរច្បារធំៗ ដែលមានពេញដោយស្នាដៃសិល្បៈដែលមានតម្លៃ។
អ្វីដែលលោកខេន ពិតជាចង់បាននោះគឺការសរសើរ គឺមិនខុសពីមហាសេដ្ឋីដទៃទៀតទេ។ គាត់បានចំណាយទ្រព្យសម្បត្តិជាច្រើន ដើម្បីភាពជោគជ័យក្នុងអាជីពនយោបាយរបស់គាត់ នៅពេលដែលគាត់បរាជ័យក្នុងការបោះឆ្នោត គាត់ក៏បានដោះសារដើម្បីការពារខ្លួនឯងថា គាត់បរាជ័យដោយសារគេក្លែងបន្លំក្នុងការបោះឆ្នោត។ គាត់បានសាងសង់សាលមហោស្រពអូប៉េរ៉ាសម្រាប់ប្រពន្ធគាត់ ហើយបានបង្ខំនាងឲ្យធ្វើជាអ្នកចម្រៀងអាជីព ដើម្បីឲ្យគេសរសើរគាត់ ទោះវាមិនសក្ដិសមនឹងអំណោយទានរបស់នាងក៏ដោយ។ រឿងរបស់លោកខេនក៏បានធ្វើឲ្យខ្ញុំនឹកចាំកណ្ឌគម្ពីរសាស្តា ដែលបានចែងថា ទ្រព្យសម្បត្តិបំផ្លាញមនុស្សដែលខំដេញតាម និងបង្គរវាទុក ដោយចិត្តលោភ(៩:១០-១៥) ដោយធ្វើឲ្យពួកគេ “ត្រូវរោយរៀវទៅក្នុងសេចក្ដីងងឹត” និង “ក្រហល់ក្រហាយចិត្តផង”(៥:១៧)។ នៅចុងបញ្ចប់នៃរឿងនេះ លោកឆាលី ខេន ក៏បានធ្លាក់ខ្លួនរស់នៅម្នាក់ឯង ក្នុងប្រាសាទនោះ ដោយភាពឯកោ និងចិត្តក្រហល់ក្រហាយ។
រឿងពលរដ្ឋខេន បានបញ្ចប់ដោយការបង្ហាញឲ្យយើងដឹងថា លោកខេនបានខិតខំដេញតាមទ្រព្យសម្បត្តិ ដើម្បីបំពេញចន្លោះប្រហោងក្នុងចិត្តគាត់ ដែលកើតឡើងពីការបាត់បង់សេចក្តីស្រឡាញ់របស់ឪពុកម្តាយគាត់ តាំងពីក្មេងមក។ អ្នកនិពន្ធកណ្ឌគម្ពីរសាស្តាក៏បានបកស្រាយផងដែរថា ព្រះវរបិតានៃយើងបាន “ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ”(៣:១១) ហើយទាល់តែមានព្រះអង្គ ទើបជីវិតយើងមានអំណរ(២:២៥)។ រឿងនិទានរបស់លោកខេន បានដាស់តឿនយើងរាល់គ្នា មិនឲ្យស្វែងរកភាពស្កប់ស្កល់ តាមរយៈទ្រព្យសម្បត្តិ និងអំណាចឡើយ តែតាមរយៈព្រះមួយអង្គ ដែលបានចាក់បង្ហូរសេចក្តីស្រឡាញ់ចូលទៅក្នុងចិត្តយើង(រ៉ូម ៥:៥)។—Sheridan Voysey
តើអ្នកមើលឃើញជីវិតអ្នកបានត្រាប់តាមលោកឆាលី ខេន ដូចម្តេចខ្លះ?
តើអ្នកមានតម្រូវការខាងវិញ្ញាណអ្វីខ្លះ ដែលព្រះអង្គត្រូវបំពេញឲ្យអ្នកនៅថ្ងៃនេះ?
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលចង់ឲ្យខ្លួនឯងសំខាន់
តាមរយៈការទិញអ្វីៗ ឬស្វែងរកការសរសើរ។ មានតែព្រះអង្គទេដែលអាចបំពេញតម្រូវការខាងវិញ្ញាណរបស់ទូលបង្គំបាន!
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣២-៣៣ និង កូល៉ុស ១